ការរកឃើញថ្មី! ដុំថ្មពីភពព្រះអង្គារបង្ហាញថា «ធ្លាប់មានភ្នំភ្លើងផ្ទុះនៅលើភពនេះ» កាលពី២ពាន់លានឆ្នាំមុន!

150

(អវកាស)៖ ការសិក្សាស្រាវ​យ៉ាងដិតដល់ថ្មី​មួយ​ទៅលើដុំថ្ម​នៃភពអង្គារ ដែលត្រូវ​បានរកឃើញ​កាលពី​ឆ្នាំ២០១២ បានបង្ហាញឲ្យ​ដឹង​ថា ប្រមាណជាពីរពាន់លានឆ្នាំមុន មានសកម្មភាព​ភ្នំភ្លើងនៅលើ​ភពក្រហម​មួយនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅមុននេះបន្តិច​នារសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ពេលខ្លះរបកគំហើញ​ផ្នែកវិទ្យាសាស្រ្ត​កើតឡើង​មកពី​គោលដៅ​ ដែលមិននឹកស្មានមិនដល់។ ចូរនាំគ្នាគិត​មើលថា​អ្វីម្យ៉ាងដែលនៅក្នុងករណី​នេះ​​ជាថ្ម​ដ៏ធំមហិមា​មួយ បានទៅបុក​នឹងភពអង្គារ៍ នៅក្នុងការប៉ះទង្គិចគ្នា​យ៉ាងខ្លាំងក្លាបំផុតមួយ​រហូតទាល់តែ បំណែកផ្ទៃដី​របស់ភពនេះ​​បាន​ហោះ​ខ្ទាត​ចាក​ចេញឆ្ងាយក្នុង​ល្បឿនដ៏លឿន ដែលគ្រប់គ្រាន់​ក្នុងការគេចផុតពី​ទំនាញរបស់ភពអង្គារ។

ក្រោយមកគំនរ​នៃកម្ទេចកម្ទី​​ទាំង​អស់​​នោះ​បានធ្វើ​ដំណើរ​ឆ្លងកាត់គន្លងគោចរ​របស់ផែនដី ហើយខ្លះបាន​ឈានចូលក្នុងបរិយាកាស​នៃភពរបស់យើង ហើយជា​សំណាងល្អ​​ថែម​ទៀត​​​នោះ​បាន​​​ធ្លាក់​ទៅ​លើ​ផ្ទៃ​ដី​​មួយកន្លែង​នៅទ្វីបអាហ្រ្វិកជាជាង​ទៅក្នុងសមុទ្រ​ដែលគ្របដណ្តប់​ជាង​៧០ភាគរយ​ នៃផែនដីទាំងមូល។

មកដល់ឆ្នាំ២០១២ គឺប្រហែលជា​មួយលានឆ្នាំក្រោយ​ពេលចាកចេញពី​ភពកំណើត​របស់ពួកវា ថ្មទាំងនេះ​ក៏ត្រូវបានរកឃើញ​ដោយក្រុមអ្នក​វិទ្យាសាស្រ្ត និងមួយដុំត្រូវ​បានដាក់ឈ្មោះ​ឲ្យថា «Northwest Africa 7635» ហើយនាពេលនេះ​បំណែកថ្ម​ដែលបានធ្វើដំណើរ​យ៉ាងវែង​ឆ្ងាយ​​មក​ពីភពអង្គារ​អាចប្រាប់យើង​អំពីភព​កំណើតរបស់​ពួកវាបាន​ហើយ។

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវ​របស់អ្នកវិទ្យាសាស្រ្ត​មួយក្រុម​ដឹកនាំ​ដោយ​ លោក Tom Lapen នៃសាកលវិទ្យាល័យ Houston រដ្ឋតិចសាស ដុំថ្ម Northwest Africa 7635 ស្ថិតនៅក្នុង​ចំណោមអាចម៍​ផ្កាយ​នៃភពអង្គារ​ទាំង១១​ដុំ ដែលត្រូវបាន​រកឃើញនៅ​លើផែនដី ហើយមាន​លក្ខណៈដូចគ្នា ទើបត្រូវបាគេសន្និដ្ឋាន​ថា​ដុំថ្មទាំងអស់​នេះ​ មកពីកន្លែងតែមួយនៃភពអង្គារ។
ប៉ុន្តែពួកវាបានកកើតឡើង​នៅក្នុងពេលខុសៗ​​គ្នា​​ និងមានផ្ទុកសារធាតុរ៉ែភ្នំភ្លើង «Shergottite» ហើយ Northwest Africa 7635 មានវ័យកាល​ចំណាស់ជាងគេបង្អស់ ពោល​គឺ​វា​បាន​ក​កើត​ឡើង​​តាំង​ពី​ប្រមាណ​ជា២.៤ពាន់លានឆ្នាំមុន ដែលប្រការ​នេះ​​បាន​ធ្វើ​ឲ្យ​​ភ្នំ​មួយ​ចំនួននៅ​លើ​​ភព​អង្គារ ​ក្លាយ​ជាភ្នំភ្លើង​​ដែល​មាន​អាយុ​វែង​ជាង​គេ​បំផុត​​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ។ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែបន្តការសិក្សាបន្ថែមទៀត​ជុំវិញដុំថ្ម ដែលត្រូវបានគេអះអាងថា មកពីភពអង្គារនោះ៕

480×240 Banner