ទៀត! អង្គការ NASA អះអាងថា «នឹងនាំមនុស្សទៅជាន់ភពអង្គារ នៅឆ្នាំ២០៤០» ខណៈបញ្ហាធំមួយ នៅមិនទាន់រកច្រកចេញឃើញ…
(អាមេរិក)៖ ប្រធានក្រុមអ្នកវិទ្យាសាស្រ្ត នៃទីភ្នាក់ងារអវកាស NASA លោក ជីម ហ្គ្រីន (Jim Green) បានប្រកាសឲ្យដឹងថា NASA មានគម្រោងបញ្ជូនមនុស្សទៅកាន់ភពអង្គការនៅឆ្នាំ២០៤០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ អង់គ្លេស Express នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

លោក Green បានអះអាងថា ក្រោយពីសញ្ញានៃជីវិតជាច្រើនត្រូវបានរកឃើញនៅលើភពក្រហមនេះ ការរស់នៅលើភពអង្គារហាក់ជិតក្លាយជាការពិតមែនទែនហើយ។ លោក Green បានលើកឡើងថា «បច្ចុប្បន្ន យើងមើលឃើញថា ភពអង្គារគឺជាកន្លែងដ៏ប្រសើរ និងកាន់តែប្រសើរឡើង ដែលអាចធ្លាប់មានវត្តមានជីវិតកាលពីអតីតកាល។ បើតាមការសិក្សាស្រាវជ្រាវ ភពអង្គារ គឺជាភពដែលស្រដៀងផែនដីជាងគេ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។

ងាកទៅកាន់ក្រុមហ៊ុន SpaceX វិញកាលពីឆ្នាំមុននេះ ប្រធានក្រុមហ៊ុន គឺលោក Elon Musk បានប្តេជ្ញាថា ក្រុមហ៊ុនរបស់លោកនឹងនាំមនុស្សទៅភពអង្គារឲ្យបាន នៅអំឡុងទសវត្សរ៍ឆ្នាំ២០២០ ដែលការលើកឡើងនេះ គឺបានធ្វើឲ្យអង្គការ NASA បាក់មុខយ៉ាងខ្លាំង ខណៈអង្គការនេះធ្លាប់បានផ្លាស់ប្តូរពេលវេលា ទៅបំពេញបេសកកម្មដោយមនុស្ស នៅលើភពអង្គារនៅឆ្នាំ២០២០ ២០៣០ និងឥឡូវនេះដល់ ២០៤០ទៅហើយ។

ខណៈគម្រោងរបស់អង្គការ NASA គឺបញ្ជូននរណាម្នាក់ទៅកាន់ Mars នៅមុនឆ្នាំ២០៤០ វាត្រូវចាំមើលសិនថា តើ NASA អាចបញ្ជូនយានទម្ងន់ ១០តោន ទៅលើភពក្រហមនេះបានដែរឬអត់ ព្រោះថាបច្ចុប្បន្នទីភ្នាក់ងារអវកាសអាមេរិកមួយនេះ មានសមត្ថភាពធ្វើការចុះចតយានទម្ងន់ត្រឹម ០១តោនប៉ុណ្ណោះនៅលើភព Mars។

គួរជម្រាបថា ទីភ្នាក់ងារអវកាសអាមេរិក NASA មិនទាន់រកឃើញមធ្យោបាយ ដើម្បីហោះចាកចេញពីភពអង្គារនៅឡើយទេ ខណៈលោក Green បានបញ្ជាក់ថា ពេលណាមួយនៅទសវត្សរ៍ខាងមុខ ស្ថាប័នរបស់លោកមានគម្រោងបង្ហោះយានចេញពីផ្ទៃរបស់ Mars ហើយត្រឡប់មកផែនដីវិញ៕

