បណ្តាំចុងក្រោយពីលោក Stephen Hawking ទៅកាន់ទីអវកាស និងសារសំឡេងទៅកាន់ Black Hole…
(អង់គ្លេស)៖ អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ និងជានិមិត្តរូបនៃអ្នកស្នេហាវិស័យស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងអវកាស ពិតជាបានបន្សល់ទុក្ខនូវស្នាដៃច្រើនរាប់មិនអស់ ដែលជាប្រយោជន៍សម្រាប់មនុស្សជាតិ និងភពផែនដីរបស់យើង ហើយក្រោយពីលោក បានទទួលមរណៈភាពកាលពីខែមីនា ឆ្នាំ២០១៨នោះ បណ្តាំចុងក្រោយរបស់លោក ក៏នឹងត្រូវបញ្ជូនទៅកាន់ទីអវកាសផងដែរ។ នេះបើតាមការចេញពីសារព័ត៌មាន BBC នៅយប់ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។

សំឡេងរបស់រូបវិទូជនជាតិអង់គ្លេសដ៏ល្បីឈ្មោះ គឺលោក ស្ទេវិន ហាឃីង (Stephen Hawking) នឹងត្រូវបាញ់បញ្ជូនទៅកាន់ទីអវកាស ក្រោមសារនៃសន្តិភាព និងក្តីសង្ឃឹម នាថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលធាតុរបស់លោក នឹងត្រូវបញ្ចុះនៅព្រះវិហារ Westminister Abbey នៃទីក្រុងឡុងដ៍ក្បែរអ្នកប្រាជ្ញល្បីៗមួយចំនួនទៀត។

អ្នកវិទ្យាសាស្រ្តមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅលើពិភពលោករូបនេះ បានទទួលមរណភាពក្នុងវ័យ ៧៦ឆ្នាំ កាលពីមីនាកន្លងទៅនេះ ក្រោយពីបានចំណាយពេលវេលារបស់លោក ស្ទើរតែពេញមួយជីវិត តស៊ូជម្នះលើជំងឺស្លាប់សាច់ដុំដ៏កាចសាហាវ តាំងតែពីលោកមានអាយុប្រមាណ ២០ឆ្នាំ ព្រមទាំងខិតខំធ្វើការសិក្សាស្រាវជ្រាវ អំពីដើមកំណើតនៃចក្រវាឡ ព្រមទាំងអាថ៌កំបាំងនៃបាតុភូតប្រហោងខ្មៅ (Black Hole) និងទម្រង់លក្ខណៈនៃពេលវេលាជាដើម ឬ Time Travel។

គួរជម្រាបថា ធាតុរបស់លោក Hawking នឹងត្រូវបញ្ចុះនៅក្បែរអ្នកប្រាជ្ញជនជាតិអង់គ្លេសដ៏ល្បីពីររូបទៀតគឺលោក អាយសាក់ ញូតុន (Issac Newton) និងលោក ឆាលីស ដាវីន (Charles Darwin) នៅព្រះវិហារ និងសារមន្ទីរ Westminister Abbey ដែលជាទីតាំងដ៏ពេញនិយម សម្រាប់ការឡើងគ្រងរាជ្យសម្បត្តិរបស់រាជរង្សអង់គ្លេស ពិធីមង្គលការ និងពិធីបុណ្យសព។

នៅក្នុងអំឡុងពិធីបញ្ចុះធាតុសំឡេងរបស់ លោក Stephen Hawking នឹងត្រូវបាញ់បញ្ជូនឡើងទៅទីអវកាស ដោយទីភ្នាក់ងារអវកាសអឺរ៉ុប ESA ខណៈគោលដៅនៃការផ្ញើសារនេះ គឺឆ្ពោះទៅកាន់ប្រហោងខ្មៅ ដែលនៅកៀកយើងបំផុតឈ្មោះ 1A 0602-00 ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយភ្លោះមួយ៕

