សំនួរពិបាកឆ្លើយទាំង ៥ ដែលអ្នកតែងចោទសួរ អំពីបេសកកម្មនាំមនុស្សជាន់ភពអង្គារ…
(ភ្នំពេញ)៖ អាចចាត់ទុកថា ជាសំនួរពិបាកឆ្លើយក៏បាន តែបើតាមការពិតទៅ សំនួរទាំង ០៥ នេះគឺជាសំនួរដែលមិនទាន់រកឃើញចម្លើយ ដែលអាចទទួលបាន ១០០% ឬមួយក៏គ្រាន់តែជាការឆ្លើយ តាមរយៈការសន្និដ្ឋានទុកជាមុនតែប៉ុណ្ណោះ។ មនុស្សមិនទាន់អាចទៅភពអង្គារបានទេ ប៉ុន្តែគំរោងដ៏លម្អិត និងប្រាកដនិយម គឺត្រូវបានរៀបចំរួចហើយ ដោយអង្គការ NASA នឹងនាំមនុស្សទៅកាន់ភពអង្គារឲ្យបាននៅទសវត្សរ៍ ២០៤០ (ទើបតែពន្យារពេលបន្ថែម កាលពីពេលថ្មីៗនេះ)។

ទោះបីជាពន្យារពេលម្តងហើយម្តងទៀតក្តី ប៉ុន្តែបេសកកម្មនាំមនុស្សលោកទៅជាន់ដីភពអង្គារ មិនត្រូវបានផ្អាកនោះឡើយ ដោយវានៅតែដំណើរទៅមុខដដែល ប៉ុន្តែគ្រាន់មានលក្ខណៈយឺតជាងមុនប៉ុណ្ណោះ ដោយសារតែយើងដឹងហើយថា ថវិកាជាតិសម្រាប់អង្គការនេះ គឺមិនត្រូវបានផ្តល់ ទៅតាមការស្នើសុំឲ្យបានពេញលេញនោះឡើយ។ ដូច្នេះយើងទៅស្វែងយល់ពីសំនួរ និងចម្លើយទាំង ០៥ វិញ ដែលលោកអ្នកតែងតែសួរ អំពីបេសកកម្មនាំមនុស្សទៅភពអង្គារនោះ៖

១. តើមនុស្សត្រូវជិះយានរយៈពេលយូរប៉ុណ្ណា ទើបទៅដល់ភពអង្គារ?
ចម្លើយ៖ បើតាមអង្គការ NASA យានដែលមានមនុស្សជិះ អាចធ្វើដំណើរបានយឺតជាងយានដែលនាំគ្រឿងយន្តធម្មតាទៅ។ ឧទាហរណ៍យានមានផ្ទុកគ្រឿងយន្ត Curiosity បានចំណាយពេលហោះពីផែនដីទៅភពអង្គារចំនួន ៧ខែ ប៉ុន្តែយានដឹកមនុស្សពីផែនដីទៅភពអង្គារចំនួន ០៤នាក់នោះ នឹងត្រូវប្រើពេលរហូតដល់ ៩ខែ។

២. តើបេសកកម្មនាំមនុស្សទៅភពអង្គារ មានគោលដៅចម្បងជាអ្វី?
ចម្លើយ៖ បេសកកម្មនាំមនុស្សដំបូងទៅកាន់ភពអង្គារ របស់អង្គការ NASA គឺមានឈ្មោះថា Mars One ស្ថិតនៅក្នុងគោលដៅចម្បងដើម្បីត្រួសត្រាយផ្លូវ សម្រាប់ឲ្យមនុស្សដាក់អាណានិគម ជាអចិន្ត្រៃយ៍នៅលើភពអង្គារ និងការតាំងទីលំនៅដំបូងនៅក្រៅពីភពផែនដី ដោយមិនគិតពីឋានព្រះច័ន្ទ។ បន្ថែមពីនេះ វាក៏ជាជំហានទីមួយ ដែលមនុស្សបង្ហាញអំពីសក្តានុពលធំធេង ដើម្បីឈានទៅឈរជើងនៅកន្លែងផ្សេងៗទៀត។

៣. តើយើងអាចដកដង្ហើម នៅក្នុងបរិយាកាសនៃភពអង្គារបានទេ?
ចម្លើយ៖ ពាក្យមួយម៉ាត់ តែមានន័យគ្រប់គ្រាន់នោះគឺ «ទេ»។ យើងមិនអាចដកដង្ហើមដោយផ្ទាល់ហ្នឹងបរិយាកាស ឬខ្យល់អាកាសនៅភពអង្គារបានឡើយ ព្រោះភពក្រហមនេះ ពោពេញដោយកាបូនឌីអុកស៊ី (ខ្យល់ពុលធម្មជាតិ) និងឧស្ម័នពុលជាច្រើនទៀត។ ដូច្នេះបើចង់ដកដង្ហើមលើភពអង្គារ មនុស្សត្រូវមានម៉ាស់បំពាក់អុកស៊ីសែន និងម៉ាស៊ីនចម្រាញ់យកខ្យល់អុកស៊ីសែន ចេញពីបរិយាកាសរបស់ភពអង្គារ នោះទើបបាន។

៤. តើនរណាបានទៅដល់ភពអង្គារមុនគេបង្អស់?
ចម្លើយ៖ បើនិយាយពីមនុស្ស គឺមិនទាន់មាននរណាម្នាក់បានទៅដល់ភពអង្គារ ឬក៏ត្រូវបានជ្រើសរើសឲ្យទៅជាន់ដីភពអង្គារមុនគេ ឲ្យច្បាស់លាស់នោះឡើយ ប៉ុន្តែបើតាមគំរោង អង្គការ NASA នឹងបញ្ជូនមនុស្សទៅដំបូង ០៤នាក់ ដែលពួកគេអាចជាវេជ្ជបណ្ឌិតផង អវកាសយានិកផង អ្នកវិទ្យាសាស្ត្រ និងវិស្វករផង និយាយរួមទៅ គឺជាមនុស្សដែលមានពហុជំនាញ។ ដោយឡែកបើនិយាយពីយានវិញ យានដែលបានជាន់ភពអង្គារមុនគេ គឺ Mariner 9 កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៧១ និងក្លាយជាផ្កាយរណបដំបូងគេ ដែលគោចរជុំវិញភពអង្គារ។

៥. តើបេសកកម្ម Mars One នឹងអំណាយថវិកាអស់ប៉ុន្មាន?
ចម្លើយ៖ បើតាមគំរោង រដ្ឋបាលអាមេរិកអាចផ្តល់ត្រឹម ០៦ពាន់លានដុល្លារប៉ុណ្ណោះ សម្រាប់ Mars One ដែលមនុស្សជាច្រើនបានធ្វើការរិះគន់ថា តិចហួសហេតុពេក។ ក្រុមអ្នកសិក្សាពីគំរោងនាំមនុស្សទៅភពអង្គារ និងត្រឡប់មកផែនដីវិញរបស់ NASA បានគណនាថា បេសកកម្មពេញលេញរបស់ Mars One យ៉ាងហោចណាស់ក៏ត្រូវការ ១០០ពាន់លានដុល្លារដែរ៕

