អង្គការ NASA ទើបទម្លាយរឿងសំខាន់មួយ នោះគឺអាចម៍ផ្កាយដែលបានធ្លាក់លើភពអង្គារ…
(អាមេរិក)៖ អង្គការ NASA បានឲ្យដឹងនាពេលថ្មីៗនេះថា ដុំថ្មអវកាសតូចមួយ បានធ្លាក់ទៅបុកចំភពអង្គារ (Mars) កាលពីមួយទសវត្សរ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

នាពេលថ្មីៗនេះ NASA បានបញ្ចេញរូបភាពបង្ហាញពីរណ្តៅថ្មីមួយ ត្រូវបានប្រទះឃើញដោយផ្កាយរណបនៅភពអង្គារ MRO ដែលទំនងជាកកើតឡើងចេញពីការប៉ះទង្គិចរបស់អាចម៍ផ្កាយ នៅក្នុងអំឡុងពេល ១០ឆ្នាំមុន។ បើតាមទីភ្នាក់ងារអវកាស NASA រណ្តៅអាចម៍ផ្កាយនេះមានមុខកាត់តូចល្មមគឺត្រឹម ០៥ម៉ែត្រ ប៉ុណ្ណោះ។

គួរជម្រាបថា រណ្តៅខាងលើមានទំហំតូចមែន ប៉ុន្តែស្លាកស្នាមដ៏ទៃទៀត ដែលអាចម៍ផ្កាយនោះ បានបន្សល់ទុកគឺមានទំហំធំខ្លាំង។ នៅពេលអាចម៍ផ្កាយដែលបង្កជារណ្តៅនេះ បានទៅបុកចំផ្ទៃភពអង្គារវាបានធ្វើឲ្យទីជម្រាលដែលវាបុកបាត់បង់ស្ថិរភាព ហើយបង្កជារលកធូលី ដី និងខ្សាច់ធ្លាក់ចុះពីទីជម្រាលនោះ។ ព្រឹត្តិការណ៍បែបនេះ បានបន្សល់ទុកនូវស្នាមឆ្នូតពណ៌ខ្មៅ នៅពេញផ្ទៃរបស់ភពអង្គារ។

ចំណុចគួរចាប់អារម្មណ៍៖ ដែនម៉ាញេទិច ឬខែលការពារភពអង្គារពិតជាខ្សោយមែនទែន ដោយហេតុនេះហើយទើបអាចម៍ផ្កាយ និងរលកវិទ្យុសកម្មពីព្រះអាទិត្យ ងាយធ្លាក់ចូលទៅក្នុងផ្ទៃភពអង្គារណាស់ ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យបេសកកម្មនាំមនុស្សទៅភពអង្គារត្រូវត្រៀមខ្លួនឲ្យបានខ្លាំងក្លាមែនទែន (បង្កើតខែលការពារខ្លួន និងមូលដ្ឋានទប់ទល់ព្យុះធូលី ឬសូម្បីតែកម្ទេចកម្ទីរនៃវត្ថុអវកាស) ដែលជាគ្រោះមច្ចុរាជអាចបំផ្លាញអ្វីៗគ្រប់យ៉ាងបាន៕
