ចម្ងល់កាន់តែខ្លាំងឡើង! អង្គការ NASA ហាក់កំពុងលាក់បាំងពី «ថាសហោះ» ដែលហោះមកកៀក​នឹងស្ថានីយ៍អវកាស​អន្តរជាតិ?

155

(អង់គ្លេស)៖ ហេតុការណ៍ចុងក្រោយដែលមានជាប់ពាក់ព័ន្ធនឹង ការបង្ហាញខ្លួនរបស់ថាសហោះនៃពួក Aliens (ជីវិតភពផ្សេង) នោះហាក់តែកក្រើកខ្លាំងឡើងនៅរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដោយសារ​តែអង្គការ NASA បានផ្អាកការផ្សាយផ្ទាល់វីដេអូពីទីអវកាស ក្រោយពីបានប្រទះឃើញវត្ថុដ៏គួរឲ្យ​សង្ស័យ (UFOs) នៅក្បែរស្ថានីយ៍អវកាសអន្តរជាតិ ISS។ នេះបើតាមការដកស្រង់ពីវែបសាយ Express ផ្លូវការ​របស់ចក្រភពអង់គ្លេស នារសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

វីដេអូខាងលើនេះត្រូវបានថតកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដោយកាមេរ៉ារបស់ NASA ស្ថិតនៅ​លើស្ថានីយ៍ ISS ដែលជាការផ្សាយបន្តផ្ទាល់វីដេអូមានគុណភាពខ្ពស់បំផុត មកកាន់ភពផែនដី ប៉ុន្តែវាបែរ​ជាត្រូវបានបិទដោយសារតែរងសញ្ញារំខានទៅវិញ។ មានអ្នកតាមដានមួយចំនួនបានលើកឡើងពីភាព​ដែលអាចទៅរួចនៃការលេចឡើងរបស់ UFOs របស់មនុស្សភពផ្សេង ឬអេលៀននៅក្បែរស្ថានីយ៍អវកាស ដែលបង្ខំឲ្យអង្គការ NASA បិទការផ្សាយផ្ទាល់ និងលាក់បាំងព័ត៌មានសម្ងាត់នេះពីសាធារណជន។

វែបសាយអនឡាញមួយចំនួនបានសរសេរថា ថ្ងៃទី២០ ខែមករានោះ គឺជាលើកទីមួយហើយដែល NASA ធ្វើការផ្អាកកម្មវិធីផ្សាយផ្ទាល់របស់ខ្លួនទាំងកណ្តាលទី ក៏ព្រោះតែការរំខានពី UFOs។ ទោះបីជាបែបនេះក្តី​មតិផ្ទុយមួយចំនួនក៏បានលើកឡើងផងដែរថា អ្វីដែលគេអះអាងថា UFOs នោះវាគ្រាន់តែយាន ឬ​ឧបករណ៍យោធា ដែលអាមេរិកបានធ្វើតេស្តសាកល្បងហោះហើរប៉ុណ្ណោះ។

បន្ថែមពីលើនេះ វែបសាយអនឡាញមួយចំនួនក៏បានសរសេរផងដែរថា វាអាចគ្រាន់តែជាបច្ចេកទេសកាមេរ៉ា ដែលជាពន្លឺចំណាំងផ្លាតពីព្រះអាទិត្យមកលើលែនរបស់កាមេរ៉ា ហើយជះចេញជាពន្លឺបែបនោះ។ ទោះបីជា​បែបនេះក្តី ខាងអង្គការ NASA បានព្យាយាមបកស្រាយ និងចាត់ទុកថាវាគ្រាន់តែជាកត្តាបង្កឡើងដោយ បច្ចេកទេសប៉ុណ្ណោះ ប៉ុន្តែវែបសាយឬ ប្លុកជាច្រើនបានព្យាយាមបំប៉ោងព័ត៌មាននេះ ដើម្បីតែ​ទាក់ទាញ​ការទស្សនា អំពីរឿង​ដ៏រសើបដែល​មនុស្សរាប់​ទសវត្សរ៍មកហើយ ចង់ដឹងនេះ​ប៉ុណ្ណោះ៕

480×240 Banner