រឿងចម្លែក! តើហេតុអ្វីខ្យល់នៅឥណ្ឌាមានពណ៌ប្លែក ខុសពីខ្យល់នៅប្រទេសផ្សេងទៀត?
(ឥណ្ឌា)៖ បើតាមឧបករណ៍សង្កេតពីអវកាស វាមានភាពខុសប្លែកម៉្យាង អំពីខ្យល់នៅលើផ្ទៃប្រទេសឥណ្ឌា ព្រមទាំងប្រទេសជិតខាងឯទៀតៗ ដែលនៅតំបន់អាស៊ីខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅយប់ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
រឿងចម្លែកនោះគឺដោយសារតែវត្តមានរបស់ Formaldehyde ជាឧស្ម័នគ្មានពណ៌មួយប្រភេទ ដែលបញ្ចេញដោយឯកឯងពីរុក្ខជាតិ ប៉ុន្តែវាក៏កកើតឡើងចេញពីសកម្មភាព បំពុលបរិយាកាសមួយចំនួនធំផងដែរ។ ការកើនឡើងនៃវត្តមានឧស្ម័ននេះ បានស្ថិតក្រោមការសង្កេតរបស់ផ្កាយរណបស៊េរីថ្មីរបស់អឺរ៉ុប Sentinel-5P ដែលត្រូវបានបាញ់បង្ហោះកាលពីខែតុលាឆ្នាំទៅ ដើម្បីតាមដានគុណភាពខ្យល់ នៅទូទាំងពិភពលោក។
ឧស្ម័ន Formaldehyde រួមផ្សំឡើងពីសមាសធាតុសរីរាង្គ ងាយបង្កហេតុជាច្រើនប្រភេទ ហើយប្រភពរបស់វាអាចចេញមកពីរុក្ខជាតិ ពោលគឺមានប្រភពពីធម្មជាតិ ប៉ុន្តែក៏អាចមកពីភ្លើង ឬការបំពុលផងដែរ។ និយាយរួម វាអាស្រ័យទៅលើតំបន់ ប៉ុន្តែ ៥០ ទៅ ៨០ភាគរយ នៃវត្តមានរបស់ឧស្ម័ន Formaldehyde គឺមកពីប្រភពសរីរាង្គពីធម្មជាតិ។
យ៉ាងណាមិញ ដូចដែលបានលើកឡើងខាងលើ វាក៏មានការចូលរួមពីសកម្មភាពបំពុល និងភ្លើងឆេះផងដែរ ហើយភ្លើងអាចកើតមកពីការដុតបញ្ឆេះធ្យូង និងភ្លើងឆេះព្រៃជាដើម។ នៅឥណ្ឌា និងប្រទេសក្បែរខាង ប្រជាជនតែងដុតចម្ការរបស់ពួកគេ ដើម្បីត្រៀមសម្រាប់ការដាំដុះបន្តបន្ទាប់ទៀត។ ប្រជាជាតិទាំងនេះ ក៏ប្រើប្រាស់ឈើ-អុសក្នុងចំនួនយ៉ាងច្រើន ដើម្បីបម្រើដល់ការចម្អិនអាហារ និងផ្តល់កម្តៅនៅក្នុងផ្ទះសម្បែងផងដែរ។
គួរជម្រាបថា ផ្កាយរណប Sentinel-5P បានបាញ់បង្ហោះដោយទីភ្នាក់ងារអវកាសអឺរ៉ុប ESA សម្រាប់កម្មវិធីតាមដានស្ថានភាពផែនដីរបស់សហភាពអឺរ៉ុប។ ការតាមដាននេះ គឺជាផ្នែកមួយនៃកិច្ចការពារបរិស្ថាន និងអង្កេតមើលតំបន់មួយចំនួននៅលើផែនដី ដែលមានការបំពុលខ្យល់ខ្លាំងជាងគេផងដែរ៕