ទីអវកាសមិនមែនជាកន្លែងសុវត្ថិភាពទៀតទេ ដូច្នេះទើបអាមេរិកបង្កើតកងទ័ពអវកាស ហើយ NASA គាំទ្ររឿងនេះ…
(អាមេរិក)៖ ប្រធានអង្គការ NASA ទើបឡើងកាន់តំណែងថ្មីៗ លោក ជិម ប្រាយដិនស្តាញ (Jim Bridenstine) ដែលត្រូវបានជ្រើសរើសផ្ទាល់ដៃដោយលោក ដូណាល់ ត្រាំ ដើម្បីឲ្យធ្វើការដឹកនាំស្ថាប័នអវកាសឈានមុខគេមួយនេះនោះ បានចេញមុខបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងបង្កើតទ័ពអវកាសរបស់លោកប្រធានាធិបតីអាមេរិក បើទោះបីជាពិភពលោកមានការព្រួយបារម្ភក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ CNET នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

លោក Bridenstine បានធ្វើការបកស្រាយថា ហេតុអ្វីបានជាការធ្វើយោធានីយកម្ម (Militarization) នៃទីអវកាសមានសារៈសំខាន់។ ប្រធានទីភ្នាក់ងារអវកាស NASA រូបនេះបាននិយាយដូច្នេះថា «នៅពេលអ្នកគិតអំពីប្រវត្តិសាស្រ្តនៃរឿងនេះ មនុស្សភាគច្រើនតែងតែមានការជឿជាក់ថា អវកាសគឺជាទីជម្រកដ៏មានសុវត្ថិភាពមួយ ប៉ុន្តែវាមិនដូច្នោះឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ ទីអវកាសកាន់តែមានការប្រកួតប្រជែងខ្លាំងឡើងៗ មិនដូចពេលមុនៗនោះទេ ហេតុនេះហើយដើម្បីថែរក្សាការពារទីអវកាស យើងត្រូវតែមានឆន្ទៈការពារវា»។

លោក Bridenstine បានបន្ថែមថា ភាពងាយនឹងរងគ្រោះនៅទីអវកាស អាចបង្កការគំរាមកំហែងជាខ្លាំងដល់សន្តិសុខជាតិអាមេរិក ដោយផ្អែកទៅលើរបាយការណ៍ជាច្រើនដែលថា ចិន និងរុស្ស៊ី កំពុងអភិវឌ្ឍន៍សមត្ថភាព ដើម្បីវាយប្រហារមកលើផ្កាយរណបអាមេរិក ហើយវាពុំមែនគ្រាន់តែជាការបាញ់កម្ទេចផ្កាយរណបប៉ុណ្ណោះទេ វាគឺជាសមត្ថភាពប្រឆាំងផ្កាយរណបទ្រង់ទ្រាយធំតែម្តង រួមមានការរំខានប្រព័ន្ធទាក់ទង ការចូលលុកលុយផ្នែកព័ត៌មានវិទ្យា (Hack) និងបញ្ហាជាច្រើនទៀត ដោយភាពគំរាមកំហែងទាំងនេះ កំពុងរីករាលដាលក្នុងកម្រិតមួយ ដែលយើងមិនធ្លាប់ឃើញពីមុនមកឡើយ ហើយចិនកំពុងចាត់ទុកទីអវកាស ជាចំណុចខ្សោយរបស់អាមេរិកថែមទៀត។

គួរជម្រាបថា NASA គឺជាទីភ្នាក់ងារស៊ីវិលផ្នែកអវកាសរបស់អាមេរិក ដែលផ្តោតទៅលើការសិក្សាស្រាវជ្រាវបែបវិទ្យសាស្រ្ត និងការុករកនៅទីអវកាស។ ការបង្ហាញគោលជំហរគាំទ្របែបនេះរបស់មេដឹកនាំ NASA ចំពោះការបង្កើតវត្តមានយោធាអាមេរិក នៅលើទីអវកាសអាចជាសញ្ញាមួយបង្ហាញពីគោលនយោបាយ នាពេលអនាគតរបស់ស្ថាប័ននេះ។

បច្ចុប្បន្ននេះកងទ័ពអាកាសអាមេរិក (U.S. Air Force) គឺជាអ្នកគ្រប់គ្រងការបញ្ជាទៅលើកិច្ចការពារទីអវកាសអាមេរិកជាបឋម ដែលមានដូចជា ទីបញ្ជាការទ័ពអវកាសដែលមានតួនាទីធ្វើការអង្កេត និងតាមដានលើប្រព័ន្ធផ្កាយរណប និងការបាញ់មីស៊ីលលើផែនដី, អង្កេតការណ៍សម្ងាត់, ដំណើរការប្រព័ន្ធ GPS និងធ្វើទំនាក់ទំនងជាមួយ យន្តហោះចម្បាំងអាមេរិកនានានៅលើផែនដី។

សរុបសេចក្តីមក កងទ័ពអវកាស និងទីបញ្ជាការអវកាសពិតជាសំខាន់ ហើយអាមេរិកមានវាជាយូរណាស់មកហើយ គ្រាន់តែវាស្ថិតនៅក្នុងអាជ្ញាធររបស់កងទ័ពអាកាសប៉ុណ្ណោះ។ ដូច្នេះលោក ដូណាល់ ត្រាំ ចង់ឲ្យកងទ័ពអាកាសនេះ ក្លាយជាកងអង្គភាពទី ៦ (ថែមលើទីកងអង្គភាព ដែលមានស្រាប់ទាំងអស់ ៥) ដើម្បីឲ្យថវិកាជាតិត្រូវបានយកមកប្រើប្រាស់ ក្នុងការអភិវឌ្ឍវាឲ្យកាន់ខ្លាំងក្លា ហើយគោលដៅធំក្នុងរឿងនេះ គ្មានអ្វីក្រៅតែពីការបង្កើនឥទ្ធិពលយោធាអាមេរិក នៅក្នុងការគ្រប់គ្រងថែមមួយជាន់ទៀត មកលើភពផែនដីនោះឡើយ៕
