ទម្លាយការពិតថ្មីមួយទៀតអំពីអាចម៍ផ្កាយ Oumuamua! មិនដឹងត្រូវជឿមួយណាទេ…
(វ៉ាស៊ីនតោន)៖ តារាវិទូអន្តរជាតិមួយក្រុម បានរកឃើញថា អូម័រម័រ (Oumuamua) ដែលជាវត្ថុធ្វើដំណើរឆ្លងកាត់ប្រព័ន្ធផ្កាយ ចូលមកក្នុងប្រព័ន្ធព្រះអាទិត្យ គឺកំពុងធ្វើចលនាលឿនខុសពីធម្មតា ដែលប្រការនេះបានធ្វើឲ្យក្រុមអ្នកវិទ្យសាស្រ្តសន្និដ្ឋានថា វាទំនងជាដុំអាចម៍ផ្កាយដុះកន្ទុយ ជាជាងបំណែកអាចម៍ផ្កាយធម្មតា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

ការរកឃើញខាងលើដែលចេញផ្សាយ នៅលើទស្សនាវដ្តីវិទ្យាសាស្រ្ត Nature បានលាតត្រដាងឲ្យដឹងថា កំណើននៃល្បឿនខាងលើ គឺមានកម្រិតតិចតួចប៉ុណ្ណោះ ហើយ Oumuamua ដែលត្រូវបានប្រទះឃើញជាលើកដំបូង កាលពីខែធ្នូ ឆ្នាំ២០១៧ បាននិងកំពុងតែថមថយល្បឿនដដែលនោះ ដោយសារតែទំនាញពីព្រះអាទិត្យ។

បើតាមក្រុមអ្នកស្រាវជ្រាវខាងលើ មូលហេតុដែលសមហេតុសមផលជាងគេ សម្រាប់បាតុភូតខាងលើ គឺថា Oumuamua កំពុងបង្ហុយសារធាតុផ្សេងៗចេញពីផ្ទៃរបស់វា ដោយសារតែកម្តៅរបស់ព្រះអាទិត្យ ដែលគេហៅថា Outgassing គឺវាហាក់ដូចទៅនឹងសកម្មភាពទូទៅរបស់ពពួកផ្កាយដុះកន្ទុយ ហើយផ្ទុយពីការចាត់ថ្នាក់កាលពីមុនរបស់ Oumuamua ដែលថា វាគឺជាអាចម៍ផ្កាយធម្មតាមកពីប្រព័ន្ធព្រះអាទិត្យផ្សេង។

ដោយសារតែរូបធាតុដែលត្រូវបានបំភាយចេញនេះហើយ ទើបវាបានផ្តល់ល្បឿនរុញច្រានក្នុងកម្រិតទាបប៉ុន្តែថេរ ដែលបញ្ជូន Oumuamua ហោះចេញពីប្រព័ន្ធផ្កាយរបស់យើង ហួសពីការរំពឹងទុក។ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ល្បឿនធ្វើដំណើររបស់វត្ថុអវកាសនេះ គឺប្រហែលជា ១១៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ យ៉ាងណាមិញ ក្រុមតារាវិទូខាងលើ ពុំបានប្រទះឃើញភស្តុតាងជារូបភាពជាក់ស្តែងណាមួយ អំពីបាតុភូត Outgassing នេះឡើយ។

គួរជម្រាបថា ភាពខុសគ្នាចម្បងរវាងបំណែកអាចម៍ផ្កាយធម្មតា (Asteroid) និងផ្កាយដុះកន្ទុយ (Comet) គឺត្រង់សមាសធាតុផ្សំរបស់ពួកវា។ Asteroid រួមផ្សំឡើងពីសារធាតុដូចជាថ្ម និងលោហៈ ខណៈ Comet ផ្សំឡើងពីដុំទឹកកក ធូលី ថ្ម ហើយថ្មអវកាសទាំងនេះ បានកកើតឡើងជាយូរណាស់មកហើយដូចគ្នា កាលពីប្រមាណជា ៤.៥ពាន់លានឆ្នាំមុន។ សម្រាប់វត្ថុពោពេញដោយអាថ៌កំបាំង Oumuamua នេះ នាពេលកន្លងទៅក៏ធ្លាប់មានការសង្ស័យថា វាជាយានអវកាសរបស់ពួកអេលៀនផងដែរ ប៉ុន្តែក្រោយមកគំនិតនេះត្រូវបានបោះបង់ចោល ដោយសារតែសញ្ញាគ្រប់គ្រាន់បញ្ជាក់ថា វាគ្រាន់តែជាអាចម៍ផ្កាយ រាងដូចបារីមួយដើមប៉ុណ្ណោះ៕

