តើទំហំកាឡាក់ស៊ី Milky Way ប្រែប្រួលឬ? ពេលនេះប្រព័ន្ធតេឡេស្កូបចិន កំពុងធ្វើការវាស់ទំហំឡើងវិញហើយ!
(ប៉េកាំង)៖ ក្រុមតារាវិទូកំពុងធ្វើការគណនាឡើងវិញ នូវទំហំរបស់កាឡាក់ស៊ី Milky Way ដោយសារតែទិន្នន័យថ្មី បានមកពីប្រព័ន្ធតេឡេស្កូបរបស់ប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។

អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ ក្រុមតារាវិទូបានកំណត់ប្រវែងនៃកាំរបស់ Milky Way ប្រមាណ ៥០,០០០ឆ្នាំពន្លឺ ដោយព្រះអាទិត្យរបស់យើងស្ថិតនៅចម្ងាយប្រហែលជា ២៥,០០០ឆ្នាំពន្លឺ ពីចំណុចកណ្តាលនៃកាឡាក់ស៊ីរាងគូទខ្យងនេះ។ និយាយរួមទៅព្រំដែន គឺត្រូវបានកំណត់ច្បាស់លាស់តែម្តង នៅឯគែមនៃសំណុំប្រព័ន្ធចង្កោមផ្កាយយក្ស ដែលមានរាងដូចបន្ទះឌីសនេះ ដោយចំនួនផ្កាយនៅផុតពីព្រំដែនរបស់ Milky Way មានការថយចុះជាខ្លាំង។

យ៉ាងណាមិញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្កាយក្មេងៗកាន់តែច្រើនឡើង ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅក្រៅព្រំដែនខាងលើ ដែលវាជាសញ្ញាបង្ហាញថា បន្ទះឌីសរបស់ Milky Way កំពុងតែរីកធំឡើង។ នេះបើតាមទិន្នន័យពីប្រព័ន្ធតេឡេស្កូប នៅស្រុក Xinglong នៃខេត្ត Hebei ភាគខាងជើងប្រទេសចិន។

អ្នកវិទ្យាសាស្រ្តចិនឈ្មោះ Liu Chao តាមរយៈការប្រើប្រាស់តេឡេស្កូប LAMOST បានរកឃើញថា ផ្កាយមានចំនួនតិចតួចមែន ប៉ុន្តែពុំឈប់នៅចម្ងាយ ៥០,០០០ឆ្នាំពន្លឺ ពីបេះដូងរបស់ Milky Way ឡើយ ពួកវាលាតសន្ធឹងរហូតដល់ចម្ងាយ ៦២,០០០ពន្លឺ ឯណោះ។ ជាមួយគ្នានេះ ក្រុមតារាវិទូឯទៀតៗដោយមានទាំងមកពីអេស៉្បាញ បានចូលរួមជាមួយកិច្ចការស្រាវជ្រាវរបស់លោក Liu ហើយពួកគេបានរកឃើញថា កាំរបស់ Milky May អាចរីករហូតដល់ ១០០,០០០ឆ្នាំពន្លឺ ឯណោះ៕

