មិនអាចព្រងើយកន្តើយ! NASA នឹងស្គែនផ្ទៃមេឃជាប់ជានិច្ច ដើម្បីរកវត្តមានអាចម៍ផ្កាយគ្រោះថ្នាក់…
(អាមេរិក)៖ បេសកកម្មរបស់អង្គការ NASA ក្នុងការការពារភពផែនដីពីការគំរាមកំហែងរបស់អាចម៍ផ្កាយ បានលេចចេញជារូបរាងហើយនៅឯមូលដ្ឋានតេឡេស្កូប LSST នៅប្រទេសឈីលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយអង់គ្លេស Express នៅព្រឹកថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។
មជ្ឈមណ្ឌលតេឡេស្កូបអវកាសអន្តរជាតិខាងលើ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការសាងសង់ នៅតំបន់អាមេរិកខាងត្បូង នឹងតាមដានក៏ដូចជាផ្តិតយករូបភាពនៃផ្ទៃមេឃនាពេលរាត្រី ជារៀងរាល់ពីរទៅបីថ្ងៃម្តង។ ការស្គែនមើលមេឃជាទៀងទាត់បែបនេះ នឹងអាចជួយដល់តារាវិទូនិងបណ្តាទីភ្នាក់ងារអវកាស ដូចជា NASA ជាដើម អាចប្រទះរកឃើញការគំរាមកំហែង នៃអាចម៍ផ្កាយបានទាន់ពេលវេលា។
យោងតាមអ្នកវិទ្យាសាស្រ្ត ការគំរាមកំហែងនេះ គឺពុំមែនជារឿងដែលយើងគួរព្រងើយកន្តើយនោះឡើយ ដោយសារអាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់ PHA ប្រមាណ ២៥,០០០ដុំ កំពុងរសាត់នៅក្នុងទីអវកាស។ PHA គឺជាប្រភេទអាចម៍ផ្កាយ ដែលមានទំហំធំជាង ១៤០ម៉ែត្រ និងមានឥទ្ធិពលដើម្បីកម្ទេចតំបន់ទាំងមូលដែលវាធ្លាក់ចំបានយ៉ាងងាយ។
គួរជម្រាបថា កាមេរ៉ាទំហំ ៣,២០០ម៉េហ្គាភិចសែលរបស់ LSST នឹងផលិតរូបភាពនានា មានទំហំស្មើនឹងព្រះច័ន្ទពេញវង់ចំនួន ៤០ រួមបញ្ចូលគ្នា ដែលមានផ្ទុកនូវផ្កាយ និងកាឡាក់ស៊ី ៣៧ពាន់លាន នៅក្នុងរូបនីមួយៗ។ យ៉ាងណាក៏ដោយ គ្មានវិធីសាស្ត្រកម្ទេចអាចម៍ផ្កាយណាមួយត្រូវបានបញ្ជាក់នោះទេ ឬអាចថា ប្រសិនបើមានការគំរាមកំហែងណាមួយ អាចនឹងកើតឡើង តារាវិទូបានត្រឹមតែធ្វើការព្រមាន និងឲ្យមនុស្សលើដីគេចចេញពីតំបន់គ្រោះថ្នាក់ប៉ុណ្ណោះក៏ថាបាន៕