តើលោកអ្នកគាំទ្រ «ច្បាប់ការពារការបំពុលភព-ព្រះច័ន្ទនានា» ដែរ ឬទេ? NASA កំពុងតែគិតគូររឿងនេះ…
(អាមេរិក)៖ របាយការណ៍ថ្មីមួយបានផ្តល់ជាអនុសាសន៍ថា ទីភ្នាក់ងារអវកាស NASA គួរឲ្យធ្វើបច្ចុប្បន្នភាពទៅលើគោលបាយរបស់ខ្លួន ស្តីពីការការពារភព និងព្រះច័ន្ទនានា នៅក្នុងប្រព័ន្ធព្រះអាទិត្យពីការបំពុលផ្សេងៗ នាអំឡុងការបំពេញបេសកកម្មរុករកក្នុងទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែកក្កដា ឆ្នាំ២០១៨។

បើតាមរបាយការណ៍ដដែលខាងលើ នីតិវិធីសព្វថ្ងៃនេះសម្រាប់ការអភិវឌ្ឍគោលការណ៍ការពារ ការបំពុលភព ឬព្រះច័ន្ទ គឺពុំទាន់គ្រប់គ្រាន់ឡើយ។ របាយការណ៍ចំនួន ១៧០ទំព័រ ដែលចេញផ្សាយដោយ បណ្ឌិតសភាវិទ្យាសាស្រ្តរបស់សហរដ្ឋអាមេរិក បានអំពាវនាវដល់អង្គការ NASA ឲ្យបង្កើតផែនការយុទ្ធសាស្រ្តមួយ សម្រាប់ការការពារការបំពុលភព និងវាយតម្លៃទៅលើភាពពេញលេញ នៃគោលនយោបាយនានា ព្រមទាំងចាប់ផ្តើមដាក់ចេញនូវដំណើរការមួយ ដើម្បីកំណត់ជាផ្លូវការទៅលើតម្រូវការផ្សេងៗ ដែលពុំទាន់មាន។

ទាក់ទិននឹងបញ្ហានេះ អ្វីដែលបានលើកឡើងជាពិសេស នៅក្នុងរបាយការណ៍ខាងលើ គឺបេសកកម្មនាំយកគំរូតាងពីភពអង្គារ (Mars) ព្រមទាំងយុទ្ធនាការរុករកនៅលើព្រះច័ន្ទទឹកកករបស់ភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn)។ គម្រោងទាំងនេះមួយចំនួន គឺកំពុងទៅមុខជាបណ្តើរៗហើយ រួមមានដូចជាបេសកកម្មរបស់ NASA ដែលគ្រោងបញ្ជូនយានរុករកមួយគ្រឿងនៅឆ្នាំ២០២០ ដើម្បីទៅប្រមូលយកគំរូតាង សម្រាប់ការវិលត្រឡប់មកផែនដីវិញ នាពេលអនាគត។

ក្រៅពីនេះ NASA ក៏គ្រោងនឹងចេញបេសកកម្ម បញ្ជូនយានប្រភេទជាផ្កាយរណបទៅកាន់ព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ ដែលមានភាគរយអាចទ្រទ្រង់ជីវិតបានខ្ពស់ នៅអំឡុងឆ្នាំ២០២០ ឬយូរជាងនេះផងដែរ។ ម៉្យាងវិញទៀត NASA កំពុងអភិវឌ្ឍន៍យានសម្រាប់ចុះចតនៅលើ Europa ផ្ទាល់ ដែលហ៊ុមទ័ព្ធដោយផ្ទៃសមុទ្រ ទឹកកកកម្រាស់អតិបរមា ១០គីឡូម៉ែត្រ ថែមទៀតផង។

ការគ្រោងបញ្ជូនមនុស្សនៅកាន់ Mars ក៏ជាបញ្ហាសំខាន់មួយទៀតផងដែរ។ ទោះបីជា NASA បានដាក់គោលដៅបញ្ជូនអវកាសយានិក ឡើងទៅកាន់ភពក្រហមនេះ ឲ្យបានមុនឆ្នាំ២០៤០ ក៏ដោយ ទីភ្នាក់ងារអវកាសនេះពុំមានគោលការណ៍ការពារការបំពុលភព ឬព្រះច័ន្ទច្បាស់លាស់ណាមួយនៅឡើយទេ ពាក់ព័ន្ធនឹងរឿងនេះ។ ជាមួយគ្នានេះ នីតិវិធីបច្ចុប្បន្នរបស់រដ្ឋាភិបាលអាមេរិក ក្នុងដឹកនាំចាត់ចែងទៅលើគំរូតាងដែលគ្រោងនឹងនាំយកមកពីភពអង្គារ និងកន្លែងផ្សេងៗទៀតនោះ គឺវាហួសសម័យទៅហើយ ពោលគឺតាំងពីជំនាន់បេសកកម្ម Apollo មកម្ល៉េះ។

បញ្ហាមួយផ្សេងទៀតគឺ សព្វថ្ងៃពុំមានទីភ្នាក់ងារត្រួតពិនិត្យណាមួយ នៅក្នុងជួររដ្ឋាភិបាលអាមេរិក ដែលមានតួនាទី និងអំណាច ដើម្បីគ្រប់គ្រងទៅលើការរុករកទីអវកាស ដែលធ្វើឡើងដោយស្ថាប័ន មិនមែនរដ្ឋាភិបាលនោះឡើយ។ របាយការណ៍ខាងលើ បានលើកជាយោបល់ថា ច្បាប់គួរតែត្រូវបានតាក់តែងឡើង និងអនុម័ត ដើម្បីផ្តល់អំណាចឲ្យទីភ្នាក់ងារសហព័ន្ធ ដែលសាកសមណាមួយ អាចធ្វើការត្រួតពិនិត្យ និងចាត់ចែងលើការចេញសិទ្ធិដល់សកម្មភាពនានា របស់ស្ថាប័នឯកជនផ្នែកវិស័យអវកាស។

ពាក់ព័ន្ធនឹងក្តីព្រួយបារម្ភនេះ ការបាញ់បង្ហោះជាលើកដំបូង នៃគ្រាប់រ៉ុក្កែត Falcon 9 Heavy កាលពីខែកុម្ភៈកន្លងទៅ ត្រូវបានលើកឡើងជាឧទាហរណ៍ ដោយកាលនោះរថយន្តម៉ាក Tesla មួយគ្រឿងត្រូវបានបញ្ជូនឲ្យបណ្តែតចោល ឆ្ពោះទៅកាន់គន្លងរបស់ភពអង្គារ ដោយតាមអ្នកចងក្រងរបាយការណ៍ខាងលើ គឺពុំមានការប្រឹក្សាទាក់ទិននឹងបញ្ហា នៃការការពារការបំពុលភព ត្រូវបានធ្វើឡើងនោះឡើយ៕

