តើនៅក្នុងខ្លួនភពឧស្ម័នយក្សមួយនេះ មានផ្ទុកអាថ៌កំបាំងធំៗអ្វីខ្លះ?
(បរទេស)៖ នរណាក៏ដឹងដែរថា ភពព្រហស្បតិ៍ជាភពធំជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលអាចផ្ទុកវត្ថុប៉ុនភពផែនដីប្រមាណជាង ១,៣០០ (ពិតជាធំធេងណាស់) ហើយគ្រាន់តែមុខកាត់របស់វា គឺអាចតម្រៀបផែនដីបានចំនួន ១១ ត្រង់ជាជួរ។ ភពនេះមិនធម្មតាទេ ដោយវាមានលាក់អាថ៌កំបាំងជាច្រើន នៅក្នុងខ្លួនរបស់វា ហើយមានយានតែ ១គត់ ដែលអាចស៊ូទ្រាំរស់នៅ និងគោចរជុំវិញវាបាន នោះគឺ Juno ដែលបានទៅដល់ទីនោះ កាលពីពាក់កណ្តាលឆ្នាំ២០១៦។

តាមរយៈរូបភាព និងវីដេអូ យើងអាចមើលឃើញត្រឹមតែផ្ទៃស្រទាប់លើ នៃបណ្តុំពពកឧស្ម័នដ៏កញ្ជ្រោលរបស់ភពយក្សស្ថិតនៅលេខរៀងទី ៥ បន្ទាប់ពីព្រះអាទិត្យនេះប៉ុណ្ណោះ ដោយមានការផ្សំឡើងភាគច្រើនបំផុតដោយ អេល្យូម និងអ៊ីស្រូសែន ព្រមទាំងសារធាតុបន្ទាប់បន្សំមួយចំនួនទៀតដូចជា មេតាន អាម៉ូញាក់ អ៊ីដ្រូសែនស៊ុលភីដ និងទឹក ឬទឹកកកផងដែរ។

បន្ថែមពីនេះទៀត មូលហេតុដែលនាំឲ្យភពព្រហស្បតិ៍ មានស្រទាប់ពពក និងឧស្ម័នពោពេញដោយពណ៌ចំរុះលើសពីគេនោះ ក៏ព្រោះតែការធ្វើប្រតិកម្មរវាងសារធាតុគីមីជាច្រើនជាមួយនឹងពន្លឺព្រះអាទិត្យ។ បើគិតពីពណ៌របស់ភពព្រហស្បតិ៍វិញនោះ គឺមានចំរុះគ្នាដូចជា ស ក្រហម ទឹកក្រូច ត្នោត និងលឿង ដែលពណ៌ខ្លះមិនដិតខ្លាំងនោះឡើយ ដោយត្រឹមតែបង្ហាញស្រាលៗប៉ុណ្ណោះ។

ផ្ទៃខាងលើដែលឲ្យយើងឃើញ និងសម្គាល់ដឹងថា នេះជាភពព្រហស្បតិ៍ គឺមានសភាពកញ្ជ្រោលខ្លាំងបែបនេះទៅហើយ ចុះតើនៅក្នុងខ្លួនភពព្រហស្បតិ៍មានអ្វីខ្លះទៅ? យើងចាប់ផ្តើមពីស្នូលរបស់ភពព្រហស្បតិ៍វិញ ប៉ុន្តែសូមបញ្ជាក់ថា សូម្បីតែអ្នកវិទ្យាសាស្ត្រដែលខំស្រាវជ្រាវរាប់ទសវត្សរ៍មកនេះ ក៏មិនទាន់ច្បាស់នោះដែរថា តើស្នូលរបស់យក្សឧស្ម័នមួយនេះ ត្រូវបានផ្សំឡើងពីអ្វីខ្លះ ប៉ុន្តែគេអាចសន្និដ្ឋានបានត្រួសៗថា វាអាចត្រូវបានផ្សំឡើងដោយសារធាតុរឹង និងមានកំហាប់ខ្លាំងអស្ចារ្យ។

បន្ទាប់ពីស្នូលរបស់វា ដែលអាចមានទំហំប៉ុនភពផែនដីគុណនឹង ១០ ឬក៏ ២០ នោះ ស្រទាប់ដែលស្រោបជុំវិញស្នូលនោះ (ស្រទាប់ក្នុង) គឺជាសារធាតុអ៊ីដ្រូសែន និងអេល្យ៉ូមរាវ។ បន្ទាប់ពីស្រទាប់ក្នុងនោះ គឺជាស្រទាប់ក្រៅរបស់ភពព្រហស្បតិ៍ ដែលសុទ្ធសឹងជាបណ្តុំ នៃម៉ូលេគុលអ៊ីដ្រូសែនភាគច្រើន រួមទាំងកម្ទេចទឹកកកតិចៗ។

ដូច្នេះលោកអ្នកបានដឹងហើយអំពីសារធាតុផ្សំ នៃភពព្រហស្បតិ៍ដ៏ធំអស្ចារ្យ ប៉ុន្តែសម្រាប់ព័ត៌មានទាំងអស់អំពីភពព្រហស្បតិ៍ មានមួយចំនួនគឺស្ថិតនៅក្នុងការសន្និដ្ឋានប៉ុណ្ណោះ ហើយយានអវកាស Juno កំពុងតែព្យាយាមប្រមូលយកទិន្នន័យបន្ថែមជាច្រើន ដើម្បីឲ្យអ្នកវិទ្យាសាស្ត្រធ្វើការសិក្សា និងចងក្រងជាឯកសារនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។ ហេតុផលតែមួយគត់ នោះគឺភពព្រហស្បតិ៍ជាភពដែលខ្លាំងអស្ចារ្យ ដែលគ្មានយានអវកាសក្រៅពី Juno អាចទៅជិតភពនេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវនោះឡើយ៕

