ទីបំផុតកែវយឺតអវកាស Hubble «ឆ្លុះឃើញវត្ថុភ្លឺបំផុតក្នុងចក្រវាឡ» ស្ថិតនៅចម្ងាយស្ទើរមិនគួរឲ្យជឿ…
(អាមេរិក)៖ វត្ថុដែលភ្លឺចែងចាំបំផុតនៅក្នុងចក្រវាឡ ត្រូវបានរកឃើញហើយ ដោយវាគឺជា Quasar មួយមានប្រភពមកតាំងពីពេលដែលចក្រវាឡយើង នៅមានវ័យដ៏ក្មេងខ្ចី គឺត្រឹមតែ ៧ភាគរយ នៃអាយុកាលបច្ចុប្បន្នរបស់វាប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Fox News នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។

Quasar ដែលមានឈ្មោះសម្គាល់ថា P352-15 ត្រូវបានប្រទះឃើញនៅចម្ងាយ ១៣ពាន់លានឆ្នាំពន្លឺ (មួយឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ពីភពផែនដីដោយតេឡេស្កូបប្រើរលកវិទ្យុ VLBA។ អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ពួកគេកំពុងឃើញ P352-15 ក្នុងពេលដែលចក្រវាឡមានអាយុមិនដល់ ១ពាន់លានឆ្នាំ នោះឡើយ ឬស្មើនឹង ៧ភាគរយ នៃអាយុកាលបច្ចុប្បន្នរបស់វាប៉ុណ្ណោះ។

គួរជម្រាបថា Quasar ត្រូវគេឲ្យនិយមន័យថា គឺជាផ្ចិតយក្សដ៏សកម្មមួយ ដែលបញ្ចេញពន្លឺយ៉ាងចែងចាំង ហើយវាទទួលថាមពលពីប្រហោងខ្មៅ ដែលមានទម្ងន់ធ្ងន់ជាងព្រះអាទិត្យ ដល់ទៅរាប់ពាន់លានដងឯណោះ។ Quasar បើតាមតេឡេស្កូបធម្មតាៗ ដោយសារតែពន្លឺចែងចាំរបស់វា គឺមើលទៅហាក់ដូចជាពពួកផ្កាយមួយចង្កោមដែរ ។

ការបញ្ចេញពន្លឺ និងរលកវិទ្យុសកម្ម ដែលយើងមើលឃើញពី Quasar តាមពិតគឺជាបង្កឡើងដោយសារធាតុ ដែលនៅជុំវិញប្រហោងខ្មៅផ្ទាល់តែម្តង ដែលគេហៅថា សំណុំ Accretion Disk។ សំណុំរាងដូចបន្ទះឌីសនេះ ទីបំផុតបង្កើនល្បឿនវិលកាន់តែខ្លាំងឡើង ដោយវាស្រូបទាញធូលី និងកម្ទេចកម្ទីអវកាស ព្រមទាំងឧស្ម័នអវកាសនៅជុំវិញចូលក្នុងវា ដែលធ្វើឲ្យមើលទៅដូចជាទឹកកំពុងហូរចូលបង្ហួរទឹកអ៊ីចឹងដែរ៕

