កុំប្រកែកឲ្យសោះ! មនុស្សគឺជា «អ្នកបំផ្លាញធម្មជាតិ» ធ្វើឲ្យផែនដីប្រែប្រួលខ្លាំងជាងមុន ១៧០ដង!

180

(កង់បេរ៉ា)៖ តាមការ​សិក្សាស្រាវជ្រាវរបស់​សាកលវិទ្យាល័យ​ជាតិអូស្រ្តាលី (ANU) នៃទីក្រុងកង់បេរ៉ា មនុស្សលោកយើង​កំពុងតែ​ចូលរួម​ចំណែក​បង្កឲ្យមានបម្រែបម្រួល​អាកាសធាតុ ​នៃភពដែនដី​ក្នុងកម្រិត​ដល់ទៅ​១៧០ដង លឿនជាង​ធម្មជាតិខ្លួនឯងផ្ទាល់។ នេះបើតាម​ការចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃចន្ទ​ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​សាស្រ្តាចារ្យ Will Steffen អ្នកស្រាវជ្រាវ ​និងជាអ្នកជំនាញ​ផ្នែកអាកាសធាតុ​មួយរូបរបស់​សាកលវិទ្យាល័យ ANU បានឲ្យដឹងថា​ ក្រុម​របស់លោក​បានអភិវឌ្ឍន៍​ឡើងនូវសមីការ «Anthropocene» ដែលជានីតិ​វិធីគណិតវិទ្យា​ក្នុងការតាមដាន​ឥទ្ធិពល​ ក៏ដូចជា​ផលប៉ះពាល់​នៃ​សកម្មភាព​នានារបស់​មនុស្សទៅលើ​ប្រព័ន្ធ​របស់ភពផែនដី​ ដែលយើង​ទាំងអស់​គ្នាកំពុង​រស់នៅ។

លោក Steffen បានលើកឡើង​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ កាលពី​ចុងសប្តាហ៍មុននេះ​យ៉ាងដូច្នេះ​ថា «នៅក្នុងអំឡុង​ប្រមាណ​៧,០០០ឆ្នាំ​មុន កម្លាំង​ចម្បង (ធម្មជាតិ) បាន​រុញច្រាន​ឲ្យមានការប្រែម្រួល​ធម្មតាៗ​ និងបន្តិចបន្តួច​ប៉ុណ្ណោះ ដោយអត្រា​នៃការប្រែប្រួល​ដែលបង្ក​ឡើងដោយ​ធម្មជាតិផ្ទាល់ ​គឺត្រឹម០.០‌១អង្សាសេ​ប៉ុណ្ណោះក្នុងរយៈពេល​មួយសតវត្សរ៍។

ដោយឡែក​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ដែលបង្ក​ឡើងដោយ​សកម្មភាព​មនុស្ស​នៅក្នុងរយៈពេល​៤៥ឆ្នាំចុង​ក្រោយនេះ​វិញ បានបណ្តាល​ឲ្យអត្រា​សីតុណ្ហភាព​កើនឡើង​រហូតដល់​១.៧អង្សា​សេ​​ក្នុង​មួយ​សតវត្សរ៍»។

ជាចុងក្រោយ​លោក​សាស្រ្តចារ្យ Will Steffen ក៏បានឆ្លៀតឱកាស​ដើម្បី​ធ្វើការដាស់តឿន​ផងដែរថា មនុស្ស​លោកយើង​នៅតែមិនទាន់​ហួស​ពេល​​ឡើយ​ ក្នុងការ​ទប់ស្កាត់ឥទ្ធិពល​អវិជ្ជមានជាច្រើន​នៃបម្រែបម្រួល​អាកាសធាតុ ប៉ុន្តែ​លោក Steffen បាន​ទទួល​ស្គាល់​ថា​​​ ស្រប​ពេល​​ជា​មួយ​គ្នា​ពួកយើង​ក៏ជិតអស់​ពេល​វេលាដែរ។ លោក Steffen បាន​និយាយ​ថា «សេដ្ឋកិច្ច​ពិភពលោក​អាចដើរ​ទៅមុខបាន​យ៉ាងល្អ​ជាធម្មតា ទោះបី​​ជា​គ្មានការ​បញ្ចេញ​ឧស្ម័នពុល​ដ៏ដោយ ហើយការ​សិក្សាស្រាវជ្រាវ​បង្ហាញយើង​អាចចិញ្ចឹមមនុស្ស​ចំនួន​០៩ពាន់លាននាក់​បាន ដែល​ជា​​ចំនួន​ប្រជាជន​លើពិភពលោក​នៅក្នុង​ឆ្នាំ២០៥០ និងធ្វើការ​កាត់បន្ថយ​ឧស្ម័នផ្ទះ​កញ្ចក់ក្នុង​ពេលជា​មួយគ្នា»៕

480×240 Banner