ទីបំផុតអ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី «រកឈ្មោះ​ដាក់ឲ្យអំបូរសត្វ​ដាយណូស័រ​ប្រភេទថ្មីបាន​ហើយ» តែ​ពិបាកអាន​បន្តិច…

209

 

​(ស៊ីដនី)៖ អំបូរសត្វដាយ​ណូស័រប្រភេទថ្មីមួយ ត្រូវបានឃើញរក និងដាក់ឈ្មោះ​ដោយក្រុមអ្នកសា្រវជ្រាវ​អូស្ត្រាលី បន្ទាប់ពីការរកឃើញសំណល់​ហ្វូស៊ីលរបស់វា​ អស់រយៈពេលជាមួយ​ទសវត្សរ៍មក​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។

ជុំវិញរបក​គំហើញនេះដែរ អ្នកស្រាវជ្រាវ​នៃសាកលវិទ្យាល័យ James Cook University ក្នុងប្រទេសអូស្ត្រាលី​លោក Jelle Wiersma បានបញ្ជាក់ថា ដាយណូស័រខាងលើ​គឺមានឈ្មោះ អាខៃណាសេផាឡឺស ចនសូនី (Akainacephalus johnsoni) និងជាអម្បូរ​ដាយណូស័រ​ស៊ីរុក្ខជាតិ​ជាអាហារ។

ដាយណូស័រនេះ​មានប្រវែង​បណ្ដោយ ០៥ម៉ែត្រ និងមានជើងបួន ព្រមទាំងមាន​បន្លាពេញខ្លួនពី​លើក្បាលរហូតដល់កន្ទុយ ដែលជាប្រភេទ​អំបូរគ្រួសារ
ដាយណូស័រ Ankylosaurid មានជីវិតរស់​នៅលើផែនដីច្រើន​ជាង ៧៥លានឆ្នាំមុន។ វាពិតជា​មានប្រយោជន៍​សម្រាប់ក្រុមអ្នក​វិទ្យាសាស្ត្រ ធ្វើការវិភាគ​បន្ថែមអំពីស្ថានភាពជីវិត​នាសម័យកាលណោះ និងប្រៀបធៀប​ជាមួយបច្ចុប្បន្ន​ រួមទាំងផ្នែក​បរិស្ថាន​។

គួរបញ្ជាក់ថា សំណល់ហ្វូសស៊ីល Akainacephalus johnsoni ត្រូវបាន​គេរកឃើញ​នៅក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក​កាលពីជាង ១០ឆ្នាំមុន។ សម្រាប់ឈ្មោះ​របស់វា​ពេលនេះ គឺយកតាមអត្ថន័យរបស់ភាសាក្រិក ដែលចង់សំដៅ​ទៅលើភាពមានកុយ ឬបន្លានៅលើក្បាល​ ដូចជាលក្ខណៈរបស់ Akainacephalus johnsoni នោះឯង៕

480×240 Banner