តោះ! ទៅមើល​ទីតាំងបីលើភព​ព្រះអង្គារដែល «អង្គការ NASA គ្រោះចុះចត​យាននៅ​ឆ្នាំ២០២០»

209

(អវកាស)៖ កាលពីពេលថ្មី​ៗនេះ ភ្នាក់ងារអវកាស NASA បានជ្រើសរើស​ទីតាំងដ៏​ល្អប្រសើរ ៣កន្លែង​ដើម្បីចុះចតយាន​នៅលើភពអង្គារ​ សម្រាប់​បេសកកម្ម​រុករកភពអង្គាររបស់ Mars rover នា ឆ្នាំ២០២០ ដែលនៅក្នុងនោះរួមមាន បឹងបុរាណ, តំបន់ភ្នំភ្លើងក្តៅ និងតំបន់ជ្រលងក្តៅ។ នេះបើ​យោងតាម​ប្រភពព័ត៌មាន​វិទ្យាសាស្រ្ត Space ចេញផ្សាយ​នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

តាមរយៈសិក្សា​ស្រាវជ្រាវ និងពិភាក្សាគ្នា​យ៉ាងល្អិតល្អន់នៅ​ក្នុងកិច្ចប្រជុំ​នាថ្ងៃទី ០៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្រុង Monrovia រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក្រុមអ្នកវិទ្យាសាស្រ្ត​បានធ្វើការជ្រើសរើស ទីតាំងសំខាន់ៗ​បីសំរាប់ធ្វើការចុះយាន និងសិក្សាស្រាវជ្រាវ​លម្អិតបន្ថែម​នៅលើភពអង្គារ​ក្នុងចំនោម​ទីតាំង ៨កន្លែង​ដែលត្រូវបានជ្រើសរើស​កាលពី​ឆ្នាំ២០១៥។

ជាក់ស្តែង​ភ្នាក់ងារអវកាស​ណាសា បានចាប់ផ្តើម​ធ្វើការច្នៃ និងសាងសង់ផ្នែក​ចុងក្រោយ​នៃយានរុករក Mars Rover ២០២០ កាលពីខែកក្កដា ឆ្នាំ២០១៦មកម៉្លេះ ដោយយានថ្មីនេះ​ត្រូវបានចាត់​ឲ្យចាប់សញ្ញា និងស្រាវជ្រាវ​អំពីជីវិត​ដែលធ្លាប់មាននៅ​លើភពអង្គារ​នាសម័យបុរាណ បន្ទាប់ពីវា​ត្រូវបានចុះចត​នៅលើផ្ទៃដី​ របស់ភពអង្គារ​ជាស្ថាពរ​នៅខែកុម្ភៈឆ្នាំ២០២១។

គួរបញ្ជាក់ដែរថាបេសកកម្ម​សិក្សាស្រាវជ្រាវ​អំពីភព​អង្គារនៃ​យានMars Rover 2020 យ៉ាងហោច​ណាស់ក៏ត្រូវ​ចំណាយពេល​អស់២ឆ្នាំដែរ ដោយយាន​នឹងត្រូវបានបង្ហោះ​ដោយគ្រាប់រ៉ុកកែត Atlas V ចេញពីស្ថានីយ៍​បង្ហោះយាន Cape Canaveral ក្នុងរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក នាខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ៕

480×240 Banner