ពិតមែនឬ? អ្នកវិទ្យាសាស្ត្រអះអាងថា «បើចង់រកសញ្ញានៃជីវិតលើ Europa អ្នកមិនចាំបាច់ជីកជ្រៅពេកនោះឡើយ…»
(អាមេរិក)៖ របាយការណ៍សិក្សាថ្មីមួយបានបង្ហាញឲ្យឃើញថា ប្រសិនបើសញ្ញានៃជីវិត ពិតជាមាននៅលើព្រះច័ន្ទទឹកកក Europa របស់ភពព្រហស្បតិ៍ (Jupiter) មែននោះ ពួកវាប្រហែលជាមិនលំបាកខ្លាំងក្នុងការរុករក ដូចទៅនឹងអ្វីដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានគិតនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

ព្រះច័ន្ទ Europa ដែលមានមុខកាត់ ៣,១០០គីឡូម៉ែត្រ កំពុងផ្ទុកនូវសមុទ្រដ៏ធំមហាសាលមួយ លាក់ពួនពីខាងក្រោមនៃស្រទាប់ទឹកកកផ្នែកខាងលើរបស់វា។ អ្វីដែលពិសេសនោះ គឺអ្នកវិទ្យាសាស្រ្តយល់ថា ផ្ទៃទឹកនេះ ស្ថិតនៅជាប់ទៅនឹងស្នូលផ្សំឡើងពីថ្មរបស់ Europa តែម្តង ដែលជាហេតុអាចធ្វើឲ្យមានប្រតិកម្មគីមីគួរឲ្យចាប់អារម្មណ៍ និងស្មុគស្មាញយ៉ាងសំបូរបែប។

ដូច្នេះហើយអ្នកវិទ្យាសាស្រ្តបានចាត់ទុក ព្រះច័ន្ទ Europa គឺជាជម្រើសដ៏ប្រសើរបំផុត នៅក្នុងប្រព័ន្ធអាទិត្យ ដែលអាចមានលទ្ធភាពជាទីជម្រកនៃទម្រង់ជីវិតក្រៅភពផែនដី ហើយវាក៏ពិភពអំណោយផល សម្រាប់ការប្រមូលយកគំរូតាងសំខាន់ៗនានាផងដែរ។

បច្ចុប្បន្ននេះ NASA កំពុងដាក់គោលដៅ ដើម្បីប្រមូលគំរូតាងពីទីនោះនាពេលឆាប់ៗខាងមុខ ដោយទីភ្នាក់ងារអវកាសអាមេរិកមួយនេះ កំពុងអភិវឌ្ឍន៍បេសកកម្មបញ្ជូនយានស្រាវជ្រាវ ពីលើផ្ទៃអាកាសមួយឈ្មោះថា Europa Clipper ដែលត្រូវបានកំណត់ថា នឹងចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ២០២០។ ជាមួយគ្នានេះ NASA ក៏កំពុងធ្វើកិច្ចការទៅលើបេសកកម្ម ដើម្បីបញ្ជូនយានសម្រាប់ចុះចតមួយគ្រឿងផ្សេងទៀតផងដែរ ដើម្បីរុករកភស្តុតាងនៃទម្រង់ជីវិត នៅក្បែរឬនៅលើផ្ទៃរបស់ Europa។

យ៉ាងណាមិញវាមិនច្បាស់ឡើយថា យានចុះចត Europa នោះនឹងត្រូវជីកដីជ្រៅដល់កម្រិតណា ដើម្បីអាចមានឱកាសរកឃើញសញ្ញានៃជីវិតណាមួយ។ ដោយឡែកការសិក្សាថ្មីៗនេះបានឲ្យដឹងថា នៅកន្លែងដែលអំណោយផលបំផុត យានចុះចតត្រូវគេជឿជាក់ថា នឹងត្រូវជីកដីត្រឹមតែ ០១សង់ទីម៉ែត្រប៉ុណ្ណោះ ខណៈកន្លែងមិនសូវអំណោយផល គឺចន្លោះពី ១០ ទៅ ២០សង់ទីម៉ែត្រ៕

