អ្នកវិទ្យាសាស្ត្រទម្លាយ៖ «ទោះក្នុងសីតុណ្ហភាពជិតដក ២០០អង្សាសេ ក៏ព្រះច័ន្ទ Titan ទំនងជាអាចកើតមានជីវិតដែរ…»
(ប៉េកាំង)៖ ការសិក្សាថ្មីមួយបានលើកឡើងថា ព្រះច័ន្ទធំបំផុតរបស់ភពសៅរ៍ (Saturn) គឺ ទីតាន (Titan) ប្រហែលជាមានលទ្ធភាពខ្ពស់ អាចបង្កបង្កើតនូវទម្រង់ជីវិតបាន ទោះបីជាក្នុងអាកាសធាតុដក ១៧៩អង្សាសេក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Geek.com នៅរសៀលថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។

អ្នកស្រាវជ្រាវមួយក្រុម តាមរយៈការប្រើប្រាស់ទិន្នន័យពីយាន Cassini របស់អង្គការ NASA បានធ្វើសិក្សាទៅលើព្រះច័ន្ទទឹកកក ដើម្បីតាមស្វែងរកវត្តមាននៃម៉ូលេគុលជីវសាស្រ្ត (Biological Molecules)។ ប្រធានក្រុមស្រាវជ្រាវបានរកឃើញថា នៅពេលប៉ះជាមួយទឹករាវ ម៉ូលេគុលសរីរាង្គ (Oragic Molecules) ដែលមាននៅលើព្រះច័ន្ទ Titan មានសមត្ថភាពបង្កបង្កើតចេញពីម៉ូលេគុលជីវសាស្រ្តជាច្រើនប្រភេទរួមមានទាំងអាស៊ីត Amino។

គួរជម្រាបថា ក្រុមអ្នកវិទ្យាសាស្រ្តខាងលើ កំពុងផ្តោតសំខាន់ទៅលើរណ្តៅអាចម៍ផ្កាយ នៅលើ Titan ជាទីដែលពួកគេមានជំនឿជឿជាក់ខ្ពស់ថា មានភាគរយខ្ពស់ក្នុងការស្វែងរក វត្តមានរបស់ម៉ូលេគុលជីវសាស្រ្ត។

ខុសពីភពព្រហស្បតិ៍ ដោយភពសៅរ៍មានព្រះច័ន្ទរហូតដល់ទៅពីរគឺ Titan និងអាន់សេឡាដឺស (Enceladus) ដែលមានលទ្ធភាពខ្ពស់សម្រាប់ជីវិតអាចកកើតឡើង ហើយក៏ជាគោលដៅស្រាវជ្រាវ សម្រាប់ថ្ងៃអនាគតទៀតរបស់អង្គការ NASA ផងដែរ ក្រោយពីបេសកកម្មរបស់ Cassini បានបញ្ចប់ទៅកាលពីខែកញ្ញា ឆ្នាំ២០១៧៕
