កក្រើកពិភពវិទ្យាសាស្ត្រ! ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម «ប្រកាសគំរោងកសាងទីក្រុងលើភពព្រះអង្គារ នៅឆ្នាំ២១១៧!» (រង់ចាំមិនបានទេយើង)
(អាប៊ូ ដាប៊ី)៖ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បានប្រកាសថាខ្លួនគ្រោងកសាងទីក្រុងនៅលើភពព្រះអង្គារដែលស្ថិតនៅចម្ងាយរាប់រយលានគីឡូម៉ែត្រពីភពផែនដី ឲ្យបាននៅឆ្នាំ២១១៧ ដែលគិតទៅគឺនឹងមានរយៈពេល ១០០ឆ្នាំទៀតឯណោះ។ នេះបើតាមការដកស្រង់ពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
គំរោងដ៏ធំមហិមាខាងលើនេះមានឈ្មោះថា «Mars 2117» ដែលទីក្រុងនេះនឹងរួមសហការបង្កើតជាមួយបណ្តាប្រទេសមានសក្តានុពលមួយចំនួនទៀតរបស់អន្តរជាតិ។ នេះបើតាមការថ្លែងរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី អេមីរ៉ាត់ អារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid Al-Maktoum នៅក្នុងកិច្ចប្រជុំកំពូលនៃរដ្ឋាភិបាលពិភពលោកលើកទី៥ ដែលធ្វើឡើងនៅទីក្រុង ឌូបៃ ដ៏ធំបំផុតរបស់ប្រទេសអារ៉ាប់មួយនេះ ដែលជាបណ្តុំកំពូលមហាសេដ្ឋី និងមានហេដ្ឋារចនាសម្ព័ន្ធអស្ចារ្យជាងគេលើលោក។
ប្រទេសអារ៉ាប់ដ៏មានទ្រព្យសម្បត្តិស្តុកស្តម្ភមួយនេះរំពឹងថា នឹងយកយុវជនដែលស្រឡាញ់ការស្រាវជ្រាវរបស់ខ្លួនទៅបំពេញបេសកកម្មលើភពព្រះអង្គារ និងបង្កើតទីក្រុងបែបស្រាវជ្រាវនៅលើនោះឲ្យបាននៅឆ្នាំ២១១៧។ សម្រាប់ដៃគូប្រកបដោយឥទ្ធិពលនោះ គឺអាចជាអង្គការ NASA របស់អាមេរិក, អង្គការ ESA របស់អឺរ៉ុប, ទីភ្នាក់អវកាសរុស្ស៊ី, ទីភ្នាក់ងារអវកាសចិន, និងទីភ្នាក់ងារអវកាសឥណ្ឌាជាដើម។
គួរបញ្ជាក់អង្គការ NASA ក៏គ្រោងនាំមនុស្សដំបូងទៅកាន់ភពអង្គារផងដែរនៅឆ្នាំ២០៣០ ដោយមានការសហការធំជាងគេជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប ESA។ ភពអង្គារមិនមែនជាកម្មសិទ្ធិរបស់នរណាផ្តាច់មុខឡើយដូច្នេះអ្នកដែលមានគោលដៅសិក្សាស្រាវជ្រាវ ក្នុងន័យល្អដើម្បីផលប្រយោជន៍មនុស្សជាតិ នោះនឹងត្រូវអនុញ្ញាតដោយស្មើភាពដើម្បីទៅកាន់ទីនោះ៕