រកឃើញអ្នកឈ្នះ៣ម៉ឺនដុល្លារ​ហើយ! អង្គការ NASA ដោះស្រាយបានរឿង «បន្ទោបង់នៅទីអវកាស!»

194

(អាមេរិក)៖ ពេលនេះដំណឹង​ដែលមនុស្សគ្រប់គ្នា​បានទន្ទឹងរង់ចាំ​យ៉ាងអន្ទះសារ​អស់រយៈពេល​មួយខែ​នោះ​បានមកដល់​ហើយ​ ស្របពេល​ដែល​ទីភ្នាក់ងារ​អវកាស​ណាសា (NASA) បានប្រកាស​អំពីម្ចាស់​ជ័យលាភី​នៅក្នុង​យុទ្ធនាការ «Space Poop Challenge» ដែលជា​កម្មវិធី​ប្រកួត​​ប្រជែងមួយ​មានរង្វាន់​ជាទឹកប្រាក់​ចំនួន​៣០,០០០ដុល្លារ ដែលបាន​អំពាវឲ្យមាន​ការចូលរួម​ស្វែងរក​ដំណោះស្រាយដ៏ប្រសើរ​​ និងមាន​​​ប្រសិទ្ធ​ភាព​​ជាងគេបំផុត ដើម្បីជួយ​សម្រួលបញ្ហា​ដែលអ្នកអវកាស​តែងតែជួបប្រទះ ដោយមិនអាច​ជៀសផុតបាន​នៅក្នុងលំហអាកាស​នោះ​គឺ«ការបន្ទោបង់ ឬការបញ្ចេញចោលកាកសំណល់អាក្រក់ពីក្នុងខ្លួន»។ នេះ​បើ​​តាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅមុន​នេះ​​បន្តិចនា​ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់អង្គការ NASA ម្ចាស់ជ័យលាភី​លេខមួយ​នៃការប្រកួតប្រជែង​ខាងលើ​ និងជាម្ចាស់​ប្រាក់​រង្វាន់ចំនួន​១៥,០០០​ដុល្លារ​គឺជាវរសេនីយ៍ឯក​នៃកងទព័ជើង​អាកាសអាមេរិក​លោកបណ្ឌិត Thatcher Cardon ជាអ្នកមាន​ចំណូលចិត្ត​ខាងផ្នែកបង្កើត​​វត្ថុ​ច្នៃប្រឌិត​មួយរូបផងដែរ​នោះ ដែលបាន​រចនាដំណោះស្រាយ​មួយមានឈ្មោះថា MACES Perineal Access & Toileting System ឬ M-PATS។ រីឯចំណាត់​ថ្នាក់លេខពីរ​ និងទឹកប្រាក់ចំនួន​១០,០០០ដុល្លារ​បានទៅលើក្រុម​មួយមានសមាជិក​បីនាក់ ដែល​បាន​បង្កើត​​ប្រព័ន្ធ​ដំណោះ​ស្រាយ​មានឈ្មោះថា SPUDs និងលេខបី​បានទៅលើ​បុគ្គល​ឈ្មោះ Hugo Shelly ជាមួយប្រព័ន្ធ​ដំណោះស្រាយ Spacesuit Waste Disposal​​។

គួរបញ្ជាក់ដែរថា កាលពីមុន​បញ្ហារឿងបត់ដៃបត់ជើងនេះ​មិនមែនជា​បញ្ហាធំដុំអ្វីនោះ​ឡើយនៅពេល​ដែលក្រុមអ្នកអវកាស​តម្រូវ​ឲ្យ​ស្ថិត​នៅ​ក្នុង​ឈុត​​សម្លៀក​បំពាក់អវកាស​របស់ពួកគេ​យ៉ាងយូរត្រឹមតែ​១០ម៉ោងប៉ុណ្ណោះ​ហើយបច្ចុប្បន្ននេះ​ពួកអវកាសយានិក​កំពុង​ប្រើ​ប្រាស់​មធ្យោបាយ​​ជាក្រណាត់ដូចទៅ​នឹងកន្ទបកូនក្មេង​ដើម្បីដោះស្រាយ​បញ្ហាធម្មជាតិ​របស់ពួកគេ​មួយគ្រាៗ ប៉ុន្តែនៅក្នុងបេសកម្ម​នា​ពេលអនាគត​​ប្រហែល​ជា​តម្រូវ ឲ្យមានប្រព័ន្ធ​គ្រប់គ្រងកាកសំណល់​ក្នុងខ្លួនដែលមានប្រសិទ្ធភាព​បានយូរជាងមុនសម្រាប់ត្រៀម​នៅក្នុងកាលៈទេសៈ​បន្ទាន់ណាមួយ ដែលទាមទារ​ឲ្យអវកាសយានិកត្រូវស្ថិតនៅក្នុង​ឈុតអវកាស​របស់ពួកគេ​ក្នុងរយៈពេល​ដ៏វែង។

ដូច្នេះទីភ្នាក់ងារ​អវកាស NASA បានព្យាយាមស្វែង​រកដំណោះ​ស្រាយសម្រាប់ប្រព័ន្ធ​គ្រប់គ្រង​ការបត់ជើងទាំងតូច​ទាំងធំ​រួម​និង​ការ​​មក​រដូវ​ក្នុង​លក្ខខណ្ឌ​អ្នកអវកាស​ជានារីភេទ ហើយប្រព័ន្ធ​នេះនឹងត្រូវបំពាក់​នៅក្នុងសម្លៀក​បំពាក់សម្រាប់​អវកាសយានិក​នៅ​ពេល​ធ្វើ​ដំណើរ​​ក្នុង​យាន​អវកាស​​រហូតយ៉ាងតិច​ដល់ទៅ១៤៤ម៉ោង ឬស្មើនឹង ០៦ថ្ងៃ ហើយ NASA សង្ឃឹមថា​នឹងអាចបំពាក់​ប្រព័ន្ធបញ្ចេញ​កាកសំណល់ថ្មីនេះ​​ទៅ​ក្នុង​បេសកកម្ម​នាពេលអនាគត​នៅបីទៅបួន​ឆ្នាំ​ខាងមុខ។ សម្រាប់ជ័យលាភីទាំងបី​មិនទាន់មានការបញ្ជាក់ពី ភាពលម្អិតនោះឡើយ៕

480×240 Banner