ព្រឺក្បាលខ្ញាកៗ! រូបភាពនេះជា «ប៉ូលខាងត្បូងនៃភពព្រហស្បតិ៍» ថតដោយកាមេរ៉ានៃយាន Juno!
(អវកាស)៖ អត់បាច់និយាយអ្វីច្រើនឡើយ សម្រាប់អ្នកស្រឡាញ់ និងតាមដានព័ត៌មានអវកាសពិតជាព្រឺព្រួច ឬឆ្ងល់កាន់តែខ្លាំងអំពីរូបភាពពិតៗ នៃតំបន់ប៉ូលខាងត្បូងរបស់ភពព្រហស្បតិ៍ ដែលមើលទៅហាក់ដូចជាផ្ទាំងគំរូបប្រកបដោយភាពស្រមើស្រមៃមួយ ដែលគ្មាននរណាអាចនឹកស្មានដល់ឡើយថា នឹងកើតមានទិដ្ឋភាពបែបនេះក្នុងប្រព័ន្ធព្រះអាទិត្យ ហើយរូបភាពនោះគឺនៅលើភពយក្ស «ព្រហស្បតិ៍» នោះឯង។ នេះបើតាមការដកស្រង់ព័ត៌មានពីវែបសាយ Space នារសៀលថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបភាពដែលយានអវកាស Juno ថតបានតាំងតែពីថ្ងៃទី០២ ខែកុម្ភៈ ពីរយៈកម្ពស់ ១០២,១០០ គីឡូម៉ែត្រ (១ ភាគ៤ នៃចម្ងាយរវាងផែនដី និងព្រះច័ន្ទ) និងទើបតែត្រូវបានអង្គការ NASA កែសម្រួលជាពណ៌ធម្មជាតិនេះ បានធ្វើឲ្យមនុស្សជាច្រើនមានការស្រមើស្រមៃ និងមានចម្ងល់កាន់តែខ្លាំងអំពីធម្មជាតិនៃភពព្រហស្បតិ៍។ ទិដ្ឋភាពនៅលើប៉ូលខាងត្បូងនោះ គឺជាបណ្តុំនៃពពកឧស្ម័នដ៏ក្រាស់ក្រែល ប៉ុន្តែវាមានសភាពស្ងប់ មិនដូចនៅតំបន់អេក្វាទ័រ និងតំបន់លើឬក្រោមខ្សែអេក្វាទ័រនៃភពឡើយ ដែលមានសភាពកញ្ជ្រោលខ្លាំង ដែលបង្ហាញពីអំណាចពីធម្មជាតិ។
គួរបញ្ជាក់ថាយាន ជូណូ ត្រូវបានបាញ់ចេញពីផែនដីកាលពីខែសីហា ឆ្នាំ២០១១ និងទៅដល់ភពព្រហស្បតិ៍កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។ វាបាននិងកំពុងបំពេញបេសកកម្មនៅភពព្រហស្បតិ៍ ដែលមានរយៈពេល ២០ខែ ហើយពេលបញ្ចប់បេសកកម្ម វានឹងត្រូវទម្លាក់ខ្លួនចូលក្នុងភពព្រហស្បតិ៍តែម្តង នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ តែមួយឆ្នាំទៀតប៉ុណ្ណោះ៕