អ្នកនៅប៉ូលខាងជើងផែនដីទើបមើលឃើញ! ផ្កាយដុះកន្ទុយពណ៌បៃតង នឹងហោះកៀកយើងក្នុងចម្ងាយ ១០០លានគីឡូម៉ែត្រ!
(អាមេរិក)៖ ផ្កាយដុះកន្ទុយពណ៌បៃតង ដែលគេដាក់ឈ្មោះឲ្យថា Incredible Hulk បានធ្វើដំណើរមកឆ្លងកាត់កៀកផែនដីបំផុតនៅចម្ងាយជាង ១០០លានគីឡូម៉ែត្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។

សម្រាប់អ្នកដែលរស់នៅអឌ្ឍគោលខាងជើងនៃផែនដី អាចមើលឃើញអាចម៍ផ្កាយដុះកន្ទុយ ដែលមានរហស្សនាមថា The Incredible Hulk ដោយសាតែទំហំ និងពណ៌ដ៏ចម្លែករបស់វា ធ្វើដំណើរឆ្លងកាត់ផ្ទៃមេឃ នាពេលវេលាយប់ថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះបាន។

ដោយមានឈ្មោះផ្លូវការថា C/2017 S3 អាចម៍ផ្កាយដុះកន្ទុយនេះ ត្រូវបានប្រទះឃើញជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០១៧ ដោយតេឡេស្កូប PanSTARRS នៅកោះហាវ៉ៃ។ ម៉្យាងវិញទៀត នេះប្រហែលជាលើកទីមួយហើយ វាបានធ្វើដំណើរឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យរបស់យើង។

គួរជម្រាបថា អាចម៍ផ្កាយខាងលើត្រូវគេរំពឹងថា ទៅដល់កៀកព្រះអាទិត្យបំផុតនៅថ្ងៃទី១៥ ខែសីហា រួចហើយនឹងក្រឡឹងត្រឡប់ឆ្ពោះចេញទៅក្រៅព្រះអាទិត្យវិញ ដោយឆ្លងកាត់ផ្ទៃមេឃរបស់យើងជាថ្មីម្តងទៀត៕

