នាវាបំបែកទឹកកក-នុយក្លេអ៊ែរដ៏មហិមារបស់រុស្ស៊ី Ural នឹងដំណើរការនៅសមុទ្រទឹកកកអាក់ទិកក្នុងពេលឆាប់ៗ…
(ម៉ូស្គូ)៖ នាវបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរឈ្មោះ យូរ៉ាល់ (Ural) ត្រូវបានរុស្ស៊ីប្រកាសជាផ្លូវការហើយថា នឹងត្រូវបណ្តែតចូលទៅកាន់សមុទ្រទឹកកកអាក់ទិក នៅចុងខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។
Ural គឺជានាវាបំបែកទឹកកកថ្មីសន្លាងមួយរបស់រុស្ស៊ី ដែលស្ថិតនៅក្នុងគំរោងលេខ ២២២២០ នឹងក្លាយជានាវាបំបែកទឹកកកធំជាងគេបំផុតលើលោក ដែលដោយថាមពលនុយក្លេអ៊ែរ និងមានម៉ាស៊ីនរ៉េអាក់ទ័រ RITM-200 ដ៏មានអានុភាពចំនួនពីរគ្រឿងឯណោះដើម្បីរុញល្បឿននាវាទៅមុខ។ នាវានេះមានតួនាទីល្បាត និងស្រាវជ្រាវនៅសមុទ្រទឹកកកអាក់ទិកនៃប៉ូលខាងជើងផែនដី ដោយវាមានសមត្ថភាពក្នុងបំបែកផ្ទាំងទឹកកកធំៗបាន។
កាលពីឆ្នាំ២០១២ ក្រុមហ៊ុនផលិតនាវារុស្ស៊ីចំនួនពីរគឺ រ៉ូសាត់ថមហ្វ្លូត (Rosatomflot) និង បាល់ទិក (Baltic Shipyard) បានចាប់ផ្តើមកសាងនាវាមួយផងដែរ ដែលមានឈ្មោះថា អាកធីកា (Arktika) ដើម្បីដាក់ឲ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៩ ដូចគ្នានឹងនាវា Ural ផងដែរ។ Ural នឹងត្រូវបណ្តែតទៅក្នុងសមុទ្រនៅឆ្នាំ២០១៩ និងចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ២០២១។
មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានបញ្ជាក់បន្ថែមថា រុស្ស៊ីកំពុងតែមានគំរោងក្នុងការបង្កើនចំនួននាវាបំបែកទឹកកករបស់ខ្លួន ឲ្យដល់ចំនួន ០៥គ្រឿង នៅក្នុងសមុទ្រអាក់ទិក ដែលកំពុងស្ថិតនៅក្នុងគោលដៅនៃការពង្រីកឥទ្ធិពល ពីសំណាក់មហាអំណាចធំៗនៅលើលោក ក្នុងនោះគឺសហរដ្ឋអាមេរិក អឺរ៉ុប និងរុស្ស៊ីនេះតែម្តង។ បន្ថែមពីនាវាបំបែកទឹកកក នាវាជួយសង្គ្រោះ, នាវាដឹកប្រេង, និងនាវាមុជទឹករុស្ស៊ីជាច្រើនគ្រឿងទៀតផងដែរ។
គួរបញ្ជាក់ថា បណ្តាប្រទេសដែលមានព្រំដែនជាប់នឹងមហាសមុទ្រទឹកកកអាក់ទិកនោះមានដូចជា កាណាដា សហរដ្ឋអាមេរិក ន័រវែស ដាណឺម៉ាក និងរុស្ស៊ីជាដើម។ បច្ចុប្បន្នបណ្តាប្រទេសទាំងឡាយខាងលើ កំពុងតែផ្តោតសំខាន់ ទៅលើតំបន់ប៉ូលខាងជើងភពផែនដីនេះ សូម្បីតែប្រទេសចិន ព្រោះវាជាកន្លែងដែលសំបូរធនធានធម្មជាតិ និងដើម្បីឲ្យមានតុល្យភាពអំណាច រវាងមហាអំណាចនានាលើភពផែនដី៕