អាសន្នធំសម្រាប់អង្គការ NASA! សភាអាមេរិក «គ្រោងកាត់លុយលើគំរោងសិក្សាភពផែនដី» និងបញ្ហាប្រែប្រួលធាតុអាកាស!
(វ៉ាស៊ីនតោន)៖ បច្ចុប្បន្នសមាជិកសភាជាតិអាមេរិកកំពុងរៀបចំធ្វើកំណែទម្រង់ ទៅលើទីភ្នាក់ងារអវកាសណាសា ដើម្បីបន្តរក្សាផ្នែកមួយចំនួននៃកម្មវិធីវិទ្យាសាស្រ្តភពផែនដី និងផ្លាស់ប្តូរការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានវិទ្យាសាស្រ្ត American Scientifice នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
វានៅមិនទាន់ច្បាស់នៅឡើយទេថាតើអ្នករៀបរៀងច្បាប់ទាំងអស់នោះ គ្រោងនឹងធ្វើការកែប្រែបេសកកម្មរបស់អង្គការ NASA ដោយរបៀបណា ក៏ប៉ុន្តែក្រុមអ្នកសាធារណរដ្ឋនិងមន្រ្តីរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថាពួកគេមានបំណងចង់ឲ្យ NASA ធ្វើការផ្តោតសំខាន់ទៅលើបេសកកម្មរុករកទីអវកាសជាជាង ការសិក្សាស្រាវជ្រាវស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលជាផ្នែកមួយនៃអង្គភាពវិទ្យាសាស្រ្តភពផែន (Earth Sciences Division) របស់ទីភ្នាក់ងារមួយនេះ។ ប្រការនេះបានបង្កើតជាមន្ទិលសង្ស័យអំពីជោគវាសនានៃ Earth Sciences Division មានទទួលបន្ទុកថវិកាប្រមាណជាពីរពាន់លានដុល្លារ ក្នុងចំណោមថវិកាចំនួនសរុប២០ពាន់លានដុល្លាររបស់អង្គការ NASA។
ប្រធានគណៈកម្មការវិទ្យាសាស្រ្ត អវកាស និងបច្ចេកវិទ្យានៃសភាជាតិអាមេរិកលោក Lamar Smith ដែលជាអ្នកតំណាងរាស្រ្តមកពីបក្សសាធារណរដ្ឋប្រចាំរដ្ឋតិចសាស់បានឲ្យដឹងថា រូបលោកចង់ឲ្យមានការថ្លឹងថ្លែងសាជាថ្មីចំពោះបេសកកម្មរបស់ NASA ដោយលោក Smith មានបំណងចង់ឲ្យទីភ្នាក់ងារអវកាសមួយនេះគិតគូរឡើងវិញអំពីបេសកកម្មរបស់ខ្លួន ដោយសារតែរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានកាត់បន្ថយថវិកាឧបត្ថម្ភចំពោះបេសកកម្មរុករកនៅទីអវកាស។
ជាពិសេសវាអាចមានន័យថារាល់កិច្ចការរបស់អង្គការ NASA ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ នឹងត្រូវធ្លាក់ទៅលើបន្ទុករបស់ទីភ្នាក់ងារដទៃទៀត ជាមួយថវិកាឧបត្ថម្ភឬមួយក៏អត់ហើយជាងនេះទៅទៀតវាអាចនឹងត្រូវបានកាត់ចោលតែម្តងក៏ថាបានដែរ។ លោក Smith រួមនិងអ្នកសាធារណរដ្ឋដទៃផ្សេងទៀតបានជៀសវាងរៀបរាប់គំរោងលម្អិតអំពីបញ្ហានេះ ប៉ុន្តែបានទទួលស្គាល់ថាផ្នែកវិទ្យាសាស្រ្តនៃភពផែនដីនៅ ទីភ្នាក់ងារអវកាស NASA ទំនងជានឹងត្រូវប្រឈមមុខជាមួយការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ខ្លះៗនាពេលអនាគត។
លោក Smith បាននិយាយដូច្នេះទៀតថា «ដោយសារការធ្វើឲ្យមានតុល្យភាពឡើងវិញខ្ញុំសូមស្នើឲ្យមានការឧបត្ថម្ភថវិកាបន្ថែមកាន់តែច្រើន ទៅក្នុងការធ្វើបេសកកម្មរុករកទីអវកាស ហើយយើងនឹងមិនគ្រោងលុបបំបាត់ ឬមួយក៏បំភ្លេចផ្នែកវិទ្យាសាស្រ្តផែនដីចោលទាំងស្រុងឡើយ។ ប៉ុន្តែខ្ញុំចង់ឲ្យពួកយើងចងចាំអំពីអាទិភាពចម្បងរបស់យើងគឺជាអ្វី ហើយវាទីភ្នាក់ងារដទៃមួយចំនួនទៀតដែលធ្វើការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្រ្តភពផែនដី និងបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយពួកគេនៅតែអាចបន្តធ្វើដូច្នោះបានដូចដើមដដែល ខណៈយើងមានទីភ្នាក់ងារតែមួយគត់ដែលចូលរួមក្នុងបេសកកម្មរុករកទីអវកាសគឺ NASA ហើយពួកគេត្រូវការថវិកាឧបត្ថម្ភច្រើនបំផុតតាមតែអាចធ្វើទៅបានសម្រាប់ការរុករកក្នុងលំហអាកាស»។
គួរបញ្ជាក់ថាយោងតាមអតីតប្រធានក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការ NASA ទីភ្នាក់ងារដទៃទៀតដូចជារដ្ឋបាលសមុទ្រ និងបរិយាកាសជាតិជាដើមដែលសមាជិកសភាបក្សសាធារណរដ្ឋចង់ឲ្យធ្វើជាអ្នកគ្រប់គ្រងកិច្ចការសិក្សាស្រាវជ្រាវបញ្ហាបម្រែបម្រួលអាកាសធាតុនោះ ពុំមានសមត្ថភាពដូចទៅនឹង NASA ក្នុងការអភិវឌ្ឍផ្កាយរណបដែលតាមដានក៏ដូចជាឃ្លាំមើលភពផែនដីឡើយ។ លោកស្រី Ellen Stofan បានបញ្ជាក់ដូច្នេះថា «កម្មវិធីវិទ្យាសាស្រ្តផែនដីរបស់អង្គការ NASA មានសារៈសំខាន់ខ្លាំងបំផុត ហើយខ្ញុំសូមក្រើនរំលឹកដល់មនុស្សគ្រប់គ្នាថាបច្ចេកវិទ្យាទាំងឡាយ ដែលទទួលបានពីសមិទ្ធផលនៃការវិនិយោគទៅលើកម្មវិធីវិទ្យាសាស្រ្តផែនដី គឺជាមូលដ្ឋានគ្រឹះនៃវិស័យឧស្សាហកម្មថ្មីៗ ហើយវាក៏ផ្តល់ផលចំណេញទៅកាន់យើងរាល់គ្នាជារៀងរាល់ថ្ងៃផងដែរ»៕