ដឹងអត់? តាមពិតអ្នកវិទ្យាសាស្ត្រ «អាចផលិតអ្វីៗគ្រប់យ៉ាងទាំងអស់» ប៉ុន្តែសំខាន់គឺអត់មានរបស់ទាំងនេះ…

192

(អវកាស)៖ រឿងស្រាវជ្រាវ​នៅទីអវកាសគឺមិនមែនងាយស្រួលនោះឡើយ ដោយគំរោងនីមួយៗត្រូវការពេល​រាប់ទស្សន៍ឬរហូតដល់រាប់សតវត្សរ៍ផងដើម្បីសម្រេចបាន ប៉ុន្តែវាមិនមែនបានន័យថាមនុស្សគ្មានសមត្ថភាព​គ្រប់គ្រាន់នោះឡើយ។ បើនិយាយអំពីខួរក្បាល និងការបង្កើតគំរោងគឺមនុស្សអាច​អភិវឌ្ឍន៍ទៅបាន​ដោយ​គ្មានដែនកំណត់ ហើយនិងគួរឲ្យភ្ញាក់ផ្អើលបំផុតថែមទៀត ប៉ុន្តែថាតើគំរោង​របស់ពួកគេទាំងនោះ​អាចសម្រេច​​ទៅបានឬទេ​បើគ្មានរបស់ពីរនេះ គឺហិរញ្ញវត្ថុ និងការសហការគ្នា។

១. ហិរញ្ញវត្ថុ៖ គំរោងសិក្សា​នីនានារួមទាំង​ការបង្កើតយាន​អវកាស​សិក្សាលើអ្វី​មួយ ទាំងនៅ​លើផែនដី និងនៅក្នុង​ប្រព័ន្ធព្រះអាទិត្យ វាប្រាកដ​ជាត្រូវការយ៉ាង​ហោចណាស់ខ្ទង់​រាប់លានដុល្លារឡើងទៅ​ ហើយគេ​ពុំ​អាចរកផលចំណេញ​អ្វីមកវិញក្រៅតែពីការដឹងព័ត៌មាន និងរបកគំហើញនៃវិទ្យាសាស្ត្រនោះឡើយ។ បើវាអាចសម្រេចលទ្ធផលតាមផែនដី​​នោះគឺមិនជាអ្វីទេ ប៉ុន្តែបើបរាជ័យវិញវាប្រៀបដូចជា​​យានអវកាស​​អឺរ៉ុប​​តម្លៃជាង ១ពាន់លានដុល្លារ​​អាមេរិក​​ដែលបាន​ធ្លាក់ឆេះខ្ទេច​​ពេលព្យាយាម​ចុះចតលើ​​ផ្ទៃភពអង្គារ កាលពីប៉ុន្មាន​ខែមុន​ដូច្នោះឯង។

បន្ថែមពីនេះ​ថវិកា​ដែលចាត់ទុកថា​ជាវិភាគទាន​របស់រដ្ឋាភិបាល​នេះ គឺមានដែនកំណត់​ណាស់​​សម្រាប់​គំរោង​នីមួយៗ ដោយសារតែ​រដ្ឋាភិបាល​ជាច្រើន​លើលោក រួមទាំង​អាមេរិកចាប់ផ្តើម​សន្សំសំចៃ និងគិតថា​ការ​ស្រាវជ្រាវ​ក្លាយជា​រឿងលែង​សូវចាំបាច់។

អ្នកវិភាគ និងអ្នកវិទ្យាសាស្ត្រ​ជាច្រើន​ធ្លាប់បានលើក​ឡើងថា ពួកគេអាច​ធ្វើអ្វីៗ​ក៏បាន និងរហ័ស​ទៀតផង​ប្រសិនបើ​មានថវិកា​គ្រប់គ្រាន់ ដូចជា​គំរោងបញ្ជូនយានទៅប្រព័ន្ធ​ផ្កាយផ្សេង, ការបង្កើត​នាវាអវកាស​ដែលអស្ចារ្យ​ជាងស្ថានីយ៍​អវកាស, ការបង្កើត​ទីក្រុងលើ​ព្រះច័ន្ទ ឬលើភពព្រះអង្គារ​ឲ្យឆាប់ជាង​គំរោង, ឬការផលិត​ផលិតផល​អស្ចារ្យ​ផ្សេងៗ​ទៀតជាដើម។

២. កិច្ចសហការ៖ អង្គការ​អវកាសនានា​លើលោក នឹងធ្វើការ​សហការ​គ្នាដើម្បីផលប្រយោជន៍​រួមដែលជា​ទិសដៅ​ដូចគ្នា​ប៉ុណ្ណោះ ប៉ុន្តែប្រសិន​បើគោលដៅ​ខុសគ្នា​នោះភាគីនីមួយៗ​​ពិបាកនឹងត្រដាប​​ត្រដួស​​ធ្វើអ្វីតែ​ឯកឯង​​ណាស់ ហើយគំរោង​ដែលធ្វើបាននឹង​សម្រេចដោយ​ល្បឿនយឺត និងពិបាក​ទទួលជោគជ័យ​ដូចការ​ងាកមក​សហការគ្នា ឧទាហរណ៍​បើអឺរ៉ុបរួម​សហការជា​មួយអង្គការ NASA យ៉ាងល្អិតល្មួត នោះគំរោងទៅ​កាន់ភពអង្គារ នឹងកាន់តែលឿន​ជាង​ឆ្នាំ២០៣០។

សរុបសេចក្តី​មកនាពេល​បច្ចុប្បន្ន និងទៅថ្ងៃ​អនាគត​ការស្រាវជ្រាវ​នៅទីអវកាស​កាន់តែមានភាព​ស្តួចស្តើង​សម្រាប់បណ្តា​ប្រទេសដែល​នឹងទទួលរង​វិបត្តិនៃឱនភាព​សេដ្ឋកិច្ច ហើយជំនួស​មកវិញនូវ​បណ្តា​ប្រទេស​សេដ្ឋកិច្ចរីក​ចំរើនថ្មីៗ​ដូចជាឥណ្ឌា ចិន និងបណ្តាប្រទេស​អ្នកមាន​នៅអារ៉ាប់​មួយចំនួន ហើយវា​ក៏អាច​ជាការ​បើកទំព័រថ្មី​នៃការសិក្សាស្រាវជ្រាវ​ទីអវកាស ដែលខុសប្លែក​ពីបណ្តាទសវត្សរ៍​មុនៗ ដែលគ្រប់គ្នាមានតែ​អង្គុយរង់ចាំ​មើលពីលទ្ធផល​ប៉ុណ្ណោះ៕

 

 

 

480×240 Banner