ទីបំផុតយានអវកាស OSIRIS-REx ជិតទៅដល់អាចម៍ផ្កាយ Bennu ហើយក្រោយប្រើពេលជិត២ឆ្នាំ
(អាមេរិក)៖ ទីបំផុតយានអវកាស OSIRIS-REx របស់អង្គការ NASA បានឈានដល់ដំណាក់កាលចុងក្រោយ នៃដំណើរដ៏វែងឆ្ងាយរបស់វា ឆ្ពោះទៅកាន់អាចម៍ផ្កាយ Bennu ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។

យ៉ាងណាមិញ ទោះបីវាបានឈានដល់ដំណាក់កាលចុងក្រោយ នៃការធ្វើដំណើរក៏ដោយ យាន OSIRIS-Rex ត្រូវធ្វើការហោះហើរចម្ងាយប្រមាណ០២លានគីឡូម៉ែត្រទៀត ទើបទៅដល់អាចម៍ផ្កាយ Bennu ហើយការជួបមុខគ្នារវាងយានអវកាសប្រមូលគំរូតាងនិងដុំថ្មអវកាសដែលមានទំហំ៥០០ម៉ែត្រនេះ នឹងមិនទាន់អាចកើតឡើងបានឡើយ រហូតទាល់តែដល់ថ្ងៃទី០៣ ខែធ្នូ ចុងឆ្នាំនេះ។

យានខាងលើ ដែលមានតម្លៃ៨០០លានដុល្លារ និងមានឈ្មោះពេញថា Origins, Spectral Interpretation, Resource Identification, Security, Regolith Exploer ដ៏វែងនោះ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ចេញពីរដ្ឋផ្លូរីដា។

គួរជម្រាបថា ប្រសិនបើអ្វីៗប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុកទាំងអស់ យានស្រាវជ្រាវនេះ នឹងធ្វើការសិក្សាទៅលើ Bennu ពីគន្លងរបស់វាសម្រាប់រយៈពេលជាង០២ឆ្នាំ តាមរយៈការប្រមូលយកទិន្នន័យជាច្រើន។ OSIRIS-REx ក៏នឹងត្រូវចុះទៅយកគំរូតាងរបស់អាចម៍ផ្កាយផងដែរ មុនពេលចាកចេញពី Bennu វិញនៅខែមីនា ឆ្នាំ២០២១ ហើយគំរូតាងនោះ នឹងត្រូវបញ្ជូនចុះមកផែនដីតាមយាន Capsule ពិសេសមួយ នៅខែកញ្ញា ឆ្នាំ២០២៣៕

