ទីបំផុត អឺរ៉ុបបាញ់បង្ហោះផ្កាយរណបថ្មី Aeolus ឡើងទីអវកាស ដើម្បីវាស់វែងនិងគណនាខ្យល់នៅលើផែនដី
(ប៉ារីស)៖ ក្រុមហ៊ុនអឺរ៉ុប Arianespace បានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបធាតុអាកាសថ្មីមួយ ដែលនឹងធ្វើការវាស់វែងនិងការគណនាផ្សេងៗទៅលើខ្យល់ជុំវិញភពផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

ក្រោយពីមានការពន្យាពេលបន្តិចបន្តួចដោយសារខ្យល់បោកបក់ខ្លាំង ផ្កាយរណបឈ្មោះ Aeolus ត្រូវបានបាញ់បង្ហោះឡើងជាមួយគ្រាប់រ៉ុក្កែត Vega របស់ក្រុមហ៊ុន Arianespace ចេញពីមជ្ឈមណ្ឌលអវកាស Guiana ដែលស្ថិតក្នុងទឹកដីនៃប្រទេសបារាំង នៅតំបន់អាមេរិកខាងត្បូង។

គួរជម្រាបថា Aeolus ដែលត្រូវគេដាក់ឈ្មោះតាម ព្រះជាម្ចាស់នៃខ្យល់នៅក្នុងទេវកថាក្រិចនោះ នឹងត្រូវស្ថិតនៅរយៈកម្ពស់៣២០គីឡូម៉ែត្រពីលើផ្ទៃផែនដី៕

