បន្ថែមទៀត! «ភពទាំង ០៧ គោចរជុំវិញផ្កាយ Trappist-1 ពិតជានៅកៀកគ្នា» ដែលអាចឲ្យអ្នកមើលឃើញ​លក្ខណៈពិសេសៗនានាបាន!

235

(អាមេរិក)៖ នៅក្រោយសេចក្តី​ប្រកាសអំពី​របកគំហើញដ៏អស្ចារ្យ​​មួយនាពេលថ្មីៗ​នេះ​របស់មនុស្សជាតិ ទីភ្នាក់ងារអវកាស​អាមេរិក NASA បាន​បញ្ចេញផ្ទាំង​រូបភាព​ដ៏គួរឲ្យទាក់ទាញ​ជាច្រើនសន្លឹក​ស្តីពី «ការធ្វើ​ដំណើរ​ទេសចរណ៍​នៅទីអវកាស» ដើម្បីកត់​ចំណាំពី​ការរកឃើញ​នៃភព​ចំនួន​០៧ ដែលវិលជុំ​កូនផ្កាយតូច​មួយឈ្មោះថា TRAPPIST-1 ស្ថិតនៅចម្ងាយ​ប្រមាណជា​៣៩ឆ្នាំពន្លឺ​ពីភព​ផែនដី។ នេះបើតាម​ការចេញផ្សាយ​​ដោយសារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។​​

ផ្កាយ TRAPPIST-1 មានសីតុណ្ហភាពទាបជាងឆ្ងាយបើធៀបទៅនឹង​ព្រះអាទិត្យ​របស់យើង និង​ត្រូវបាន​គេចាត់​ទុកថាជា «កូនផ្កាយ​មានកម្តៅទាបជាងគេបំផុតមួយ» ដែលមាន​ន័យថា​គេអាចនឹងរ​កឃើញ «វត្តមាន​នៃទឹក» ​នៅក្នុងទម្រង់​ជាសារធាតុរាវ​លើភពទាំងប៉ុន្មាន​ដែលស្ថិតនៅ​កៀក​​នឹងវា​​បំផុត។ តាមពិតទៅភព​ទាំង០៧​ដែលទើប​ត្រូវបានរកឃើញ​ថ្មីនេះ ស្ថិតនៅ​ជិតផ្កាយ​របស់ពួកវា ជាជាងភពពុធ​ដែលស្ថិត​នៅក្បែរ​នឹង​​ព្រះ​​អាទិត្យជាងគេ​បង្អស់ទៅទៀត ហើយភពចំនួនបី​ក្នុងចំណោមនោះ​ស្ថិតនៅក្នុង «តំបន់ដែល​អាច​ទ្រទ្រង់​ជីវិត» បានដែល​មានលក្ខខណ្ឌ​សាក​សម​​​សម្រាប់​ឲ្យទឹកអាចបង្ហាញវត្តមាន​បាននៅទីនោះ។ អ្វីដែល​ពិសេស​ជាងនេះទៅនោះ ភពក្រៅប្រព័ន្ធ​ព្រះអាទិត្យ​ទាំង០៧នេះ​​​ស្ថិត​ក្បែរ​គ្នាខ្លាំង​រហូតដល់ថ្នាក់​អាចនរណាម្នាក់​ដែលឈរ​នៅលើ​ភពមួយ អាចមើល​ឃើញលក្ខណៈ​ភូមិសាស្រ្ត​របស់​ភពដទៃ​មួយទៀតបាន។

គួរបញ្ជាក់ថា​ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន​នាថ្ងៃពុធសប្តាហ៍​នេះ (ពេលវេលា​នៅអាមេរិក) ទីភ្នាក់ងារ​អវកាស NASA ​បាន​ប្រកាសអំពី​របកគំហើញនៃភព​ក៏ដូចជាប្រព័ន្ធ​ផ្កាយ​ថ្មី​ខាងលើនេះ ហើយវាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល​និងកក្រើក​យ៉ាង​ខ្លាំង​។​ ហើយនា​ពេលនេះ NASA បានបញ្ចេញ​ផ្ទាំងរូបភាព​ដ៏គួរឲ្យទាក់ទាញ​មួយចំនួនបង្ហាញពី​ភពផ្សេងៗ​នៅក្នុងក៏ដូចជា​នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង ព្រមទាំង​ព្រះច័ន្ទជាច្រើនផ្សេង​ទៀត​មកពីគ្រប់​ទិសទី​នៃចក្រវាឡ ដោយចាត់​ទុកពួកវាថា​ជាគោលដៅ​ទេសចរណ៍​​នាថ្ងៃឈប់​សម្រាក​នៅទីអវកាស។

សម្រាប់ព្រះអាទិត្យ TRAPPIST-1 គឺមានទំហំធំជាង​ភពព្រហស្បតិ៍របស់​យើងតែបន្តិច​ប៉ុណ្ណោះ (ធំជាងផែនដី​ជាង ១,៣០០ដង) ហើយពន្លឺ​របស់វា​ក៏ខ្សោយជាងព្រះអាទិត្យយើង ២,០០០ដង​ផងដែរ។ វាមានន័យថា​ទោះបីជា​ភពទាំង ០៧ គោចរកៀកនឹង​ផ្កាយនេះ​ជាងភពពុធ ដែលនៅជិតហ្នឹង​ព្រះអាទិត្យ​យើងជាងគេ​បំផុតនោះ ក៏ទំនងជាមិនមាន​បញ្ហាក្តៅខ្លាំងនោះដែរ៕

480×240 Banner