ដឹងទេ? តើភពណាខ្លះក្នុងប្រព័ន្ធព្រះអាទិត្យយើង ដែលនៅមានខ្សែក្រវ៉ាត់ព័ទ្ធជុំវិញ?
(ភ្នំពេញ)៖ បើនិយាយពីខ្សែក្រវ៉ាត់ ឬ Ring អ្នករាល់គ្នាប្រហែលជានឹកស្រមៃដល់ភពសៅរ៍តែមួយប៉ុណ្ណោះ តែតាមពិតទៅភពមួយចំនួនទៀត ក៏នៅមានខ្សែក្រវ៉ាត់នៅឡើយ បើទោះបីជាភពទាំងនោះត្រូវបានបង្កើតឡើងរាប់ពាន់លានឆ្នាំមកហើយក៏ដោយ។ ខាងក្រោមនេះ គឺជាភពធំៗនៅក្នុងប្រព័ន្ធព្រះអាទិត្យដែលនៅមានខ្សែក្រវ៉ាត់ដុំថ្មព័ទ្ធជុំវិញ៖

១. ភពសៅរ៍៖ ជាភពលេខរៀងទី ៦ បន្ទាប់ពីព្រះអាទិត្យ ដែលមានទំហំធំលំដាប់ទីពីរផងដែរ។ ភពនេះល្បីល្បាញខាងសម្រស់ស្អាត ដោយសារតែពណ៌សប្បុរ និងជាពិសេសបំផុតនោះ គឺខ្សែក្រវ៉ាត់ (Ring) ដ៏ធំធេងនៅព័ទ្ធជុំវិញ និងមានកម្រាស់ស្តើង (១គីឡូម៉ែត្រ) លាតសន្ធឹងចំនួន ០៤ស្រទាប់ធំៗ ដែលមានប្រវែងបញ្ចូលគ្នាជាធ្នាប់ ២៨២,០០០គីឡូម៉ែត្រ សុទ្ធសឹងតែជាដុំថ្មធំៗមានទំហំប៉ុនរថយន្តក្រុងក៏មាន។

២. ភពអ៊ុយរ៉ាណុស៖ ភពឧស្ម័នយក្សលេខរៀងទី ៧ បន្ទាប់ពីព្រះអាទិត្យនេះ ក៏មានខ្សែក្រវ៉ាត់ឲ្យយើងមើលឃើញផងដែរថា ប៉ុន្តែវាស្តើង និងតិចជាងភពសៅរ៍។ ខ្សែក្រវ៉ាត់ភពអ៊ុយរ៉ាណុស ត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា មានចំនួនពីរកងធំៗ និងនៅមានអាថ៌កំបាំងបន្ថែមទៀតពីខ្សែក្រវ៉ាត់នេះ ដែលមិនទាន់អាចបកស្រាយចេញ។ បន្ទះខ្សែក្រវ៉ាត់ទាំងមូលរបស់អ៊ុយរ៉ាណុសមានប្រវែង ១០០គីឡូម៉ែត្រ និងកម្រាស់តែ ១០០ម៉ែត្រប៉ុណ្ណោះជាមធ្យម។ 
៣. ភពព្រហស្បតិ៍៖ ជាធម្មតាអ្នកប្រហែលជាមិនអាចមើលឃើញខ្សែក្រវាត់ នៃភពឧស្ម័នយក្សលេខ ១ និងស្ថិតនៅលំដាប់លេខរៀងទី ៥ បន្ទាប់ពីព្រះអាទិត្យនេះឡើយ ប៉ុន្តែជាក់ស្តែងភពព្រហស្បតិ៍ក៏មានក្រវ៉ាត់របស់ខ្លួនដែរ។ ខ្សែក្រវ៉ាត់ភពនេះចែកចេញជាបីផ្នែកធំៗ ដោយរួមបញ្ចូលគ្នាទៅគឺមានប្រវែងសន្ធឹង ៦,៤០០គីឡូម៉ែត្រ និងកម្រាស់បន្ទះឌីសរបសស់វារហូតដល់ ៣០គីឡូម៉ែត្រឯណោះ ដោយសារតែដុំទាំងឡាយមិនតម្រៀបគ្នាឲ្យមានរបៀប ដូចជាបន្ទះឌីសរបស់ភពសៅរ៍នោះឡើយ។ 
៤. ភពណិបទូន៖ បើនិយាយពីភពឧស្ម័នយក្សទាំងអស់ គឺភពណិបទូនដែលជាភពចុងគេលេខរៀងទី ៨ នៃប្រព័ន្ធព្រះអាទិត្យមានខ្សែក្រវ៉ាត់តិច និងស្ទើរតែមើលមិនឃើញនោះឡើយ ប៉ុន្តែវាមានរហូតដល់ទៅ ៥ រង្វង់ ឬស្រទាប់ឯណោះ ព្រមទាំងមានប្រវែងសន្ធឹងរហូតដល់ ៥៧,០០០គីឡូម៉ែត្រ។ អាថ៌កំបាំងជាច្រើននៅតែមាន ចំពោះខ្សែក្រវ៉ាត់នៃភពណិបទូន ខណៈទិន្នន័យទាំងអស់បានមកពីយាន Voyager។

៥. ចុះភពផែនដី? តាមពិតទៅភពនានាទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ សុទ្ធតែធ្លាប់មានខ្សែក្រវ៉ាត់រៀងៗខ្លួន នៅក្នុងដំណើរការនៃការបង្កើតភព តាមរយៈការស្រូបទាញកម្ទេចកម្ទីរដុំថ្ម និងធូលីនានា ដើម្បីពង្រីកមាឌនៃភពទាំងនោះ ប៉ុន្តែដោយសារតែភពខ្លះមានទំហំតូច ដូច្នេះវាអាចសម្អាតកម្ទេចកម្ទីរជុំវិញខ្លួនវាយ៉ាងស្អាត។ បន្ថែមពីនេះទៀតភពយក្សខ្លះមានកម្លាំងទំនាញខ្លាំង ដោយវាបានស្រូបទាញដុំថ្មតូចធំៗ មកគោចរជុំវិញខ្លួនវា បង្កើតចេញជាខ្សែក្រវ៉ាត់តែម្តង៕

