ដូចជាមិនយូរទេ! «នៅឆ្នាំ២០២០ អង្គការ NASA នឹងបញ្ជូនយានមួយ ទៅចុះចតលើព្រះច័ន្ទទឹកកកនៃភពព្រហស្បតិ៍!»
(អាមេរិក)៖ ទីភ្នាក់ងារអវកាសណាសា (NASA) យល់ថា សិរីរាង្គមានជីវិតក្រៅភពប្រហែលជាកំពុងលាក់ខ្លួននៅលើព្រះច័ន្ទដ៏សែនត្រជាក់ដូចទឹកកក យូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ ហើយ NASA កំពុងរៀបចំគំរោងបញ្ជូនយានអវកាសមួយគ្រឿងដើម្បីឲ្យទៅស្វែងរកពួកវា នៅអំឡុងទសវត្សរ៍ឆ្នាំ២០២០ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន World Net Daily នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
នាពេលថ្មីៗកន្លងទៅនេះអង្គការ NASA បានធ្វើប្រកាសសេចក្តីប្រកាសអំពីគោលដៅសំខាន់ៗចំនួនបី សម្រាប់បេសកកម្មរុករកថ្មីខិតជិតចូលមកដល់របស់ខ្លួននៅលើព្រះច័ន្ទយូរ៉ូប៉ារួមមាន ការវាយតម្លៃទៅលើលទ្ធភាពដែលអាចទ្រទ្រង់ភាវៈជីវិតរបស់យូរ៉ូប៉ា តាមរយៈការវិភាគផ្ទាល់លើរូបធាតុផ្សេងៗនៃផ្ទៃរបស់ព្រះច័ន្ទទឹកកកមួយនេះ និងដើម្បីកំណត់បុគ្គលិកលក្ខណៈនៃផ្ទៃខាងលើ និងផ្ទៃស្រទាប់ខាងក្រោមផ្សេងទៀតរបស់វា ក្នុងគោលបំណងផ្តល់ការគាំទ្រដល់បេសកកម្មរុករកដោយប្រើប្រាស់គ្រឿងយន្តនាពេលអនាគតនៅលើព្រះច័ន្ទយូរ៉ូប៉ារួមទាំងមហាសមុទ្ររបស់វា។ ប៉ុន្តែសម្រាប់គោលដៅចម្បងរបស់បេសកម្មថ្មីនេះវិញនោះ គឺទៅស្វែងរុករកភស្តុតាងនៃភាវៈមានជីវិតនៅលើព្រះច័ន្ទយូរ៉ួប៉ា។
គួរបញ្ជាក់ថាយោងតាមទីភ្នាក់ងារអវកាស NASA ព្រះច័ន្ទយូរ៉ូប៉ា ស្ថិតក្នុងចំណោមគោលដៅចម្បងៗនៃការស្វែងរកជីវិតក្រៅភពនាពេលបច្ចុប្បន្នក្រៅពីភពផែនដី នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ ជាទីតាំងមួយដែលមានទឹក ដូច្នេះការបង្ហាញវត្តមាននៃភាវៈមានជីវិតក្នុងទម្រង់ណាមួយនោះ ប្រាកដជាបង្កការភ្ញាក់ផ្អើលមិនតិចនោះឡើយសម្រាប់មនុស្សនៅថ្ងៃអនាគត៕