បំណែកយានរុស្ស៊ីធ្លាក់មកលើផែនដីវិញ តែសំណាងល្អមិនបង្កគ្រោះថ្នាក់!
(ម៉ូស្គូ)៖ បំណែកនៃយានដឹកទំនិញ Prgress MS-08 របស់ប្រទេសរុស្ស៊ី ទម្លាក់ខ្លួនចូលមកកាន់បរិយាកាសផែនដីវិញ នាថ្ងៃព្រហស្បតិ៍នេះ ដោយធ្លាក់ចំតំបន់ដាច់ស្រយាលមួយកន្លែង នៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការបញ្ជាក់ពីមន្រ្តីនៃមជ្ឈមណ្ឌលគ្រប់គ្រងយានអវកាសរុស្ស៊ី ដកស្រង់សម្តីដោយសារព័ត៌មាន TASS នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។

យានអវកាស Progess MS-08 បានផ្តាច់ចេញពីស្ថានីយអវកាសអន្តរជាតិ ISS កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ហើយក្នុងអំឡុងពេល ០៧ថ្ងៃ ក្រោយមក វាត្រូវបានគេប្រើប្រាស់ នៅក្នុងការធ្វើពិសោធន៍ផ្នែកវិទ្យាសាស្រ្តមួយ។ យានដឹកទំនិញនេះបាននៅស្ថិតជាប់ ISS ចាប់តាំងតែពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីបញ្ជូនស្បៀងអាហារ ប្រេងឥន្ទនៈ និងបរិក្ខាផ្គត់ផ្គង់សំខាន់ៗដទៃទៀត រួមមានអុកស៊ីសែន និងទឹកជាដើម។

គួរជម្រាបថា បច្ចុប្បន្នយានអវកាស Progress MS-09 គឺជាយានដឹកទំនិញតែមួយគត់ចុងក្រោយគេ នៃយានស៊េរី Progress MS ដែលបន្តស្ថិតនៅជាប់នឹងស្ថានីយ ISS។ ចំណែកយានដឹកទំនិញបន្ទាប់ទៀត គឺ Progress MS-10 នឹងត្រូវបញ្ជូនទៅកាន់ ISS នៅខែតុលាខាងមុខ៕

