មិនយូរទេ! «នៅឆ្នាំ២០២០ ចិននឹងបញ្ជូន​យានរុករក ទៅចុះចតលើ​ភពព្រះអង្គារ!» និងមានគំរោងទៅ​ព្រះច័ន្ទនានា​របស់​ភពព្រហស្បតិ៍!

602

(ប៉េកាំង)៖ ក្រុងអ្នកវិទ្យាសាស្រ្ត​របស់ចិន​កំពុងតែបំពេញការងារប្រកបដោយ​ឆន្ទៈខ្ពស់​ក្នុងការប្រកួត​ប្រជែង​ផ្នែកវិទ្យាសាស្រ្ត​ និងអវកាសនៅក្នុង​ទសវត្សរ៍ខាងមុខនេះ ដោយពួកគេ​មានគោលបំណង​បញ្ចូនយាន ទៅកាន់ផ្នែក​ងងឹតនៃព្រះច័ន្ទ​នៅក្នុង​ឆ្នាំ២០១៨ បន្ទាប់មក​នឹងធ្វើដំណើរ​ទៅកាន់ភពអង្គារ​ឲ្យបានមុន​ចុង​ទសវត្សរ៍ឆ្នាំ២០២០។ នេះបើយោង​តាមប្រភព​ព័ត៌មាន​អាមេរិក CNN ចេញផ្សាយ​នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៧។

កាលពីប៉ុន្មាន​ថ្ងៃថ្មីៗនេះទីភ្នាក់ងារអវកាស​របស់ចិន បានធ្វើសន្និសីទកាសែតដ៏ធំមួយ ដើម្បី​ផ្សព្វផ្សាយ​នូវគោលការណ៍​ដ៏សំខាន់ៗ ព្រមទាំង​មហច្ឆិតាដ៏មហិមា​របស់រាជរដ្ឋាភិបាល​ក្នុងការសិក្សា​ស្រាវជ្រាវ​អំពីលំហអាកាស​ឲ្យកាន់តែស៊ីជម្រៅ​បន្ថែមទៀត។ លោក Wu Yanhua នាយរង​រដ្ឋបាល​អវកាសជាតិ បាននិយាយ​ថា ចិនមាន​គោលបំណង​បង្ហោះយាន​អង្កេត​ភពអង្គារ​ដំបូងគេបង្អស់​របស់ពួកគេ​នៅក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ២០២០ ដើម្បីធ្វើការ​សិក្សា​ស្រាវជ្រាវ ព្រមទាំង​ប្រមូលភស្តុតាង​ផ្សេងៗ​ដែលមាននៅលើ​ភពក្រហម​នេះ សម្រាប់ក្រុម​អ្នកវិទ្យាសាស្រ្ត ធ្វើការ​ពិនិត្យ និងវិនិច្ឆ័យ។

ម្យ៉ាងវិញទៀត​លោក Wu Yanhua បានបន្តទៀតថា​ក្រៅពី​ទៅសិក្សាស្រាវជ្រាវ​អំពីភពអង្គារ ចិននឹង​បញ្ចូនយាន​ទៅរុករក និងធ្វើការ​អង្កេតអំពី​ភពផ្សេងៗ​ទៀត ដែលនៅក្នុង​នោះរួមមាន​ភពព្រហស្បតិ៍ និងព្រះច័ន្ទ​របស់វាជាដើម។

ជាមួយគ្នា​នេះដែរ លោក Wu Yanhua បានបញ្ជាក់ថា «ឆន្ទៈដ៏ធំបំផុត​នៅក្នុងបេសកកម្ម​ខាងមុខនេះ គឺ ដើម្បីឲ្យ​ចិនក្លាយជា​ភ្នាក់ងារអវកាស​សំខាន់​ និងប្រកបដោយសក្តានុពល​មួយ​នៃពិភពលោក។»

គួរបញ្ជាក់ថាប្រទេស​ដែលមានយានចុះចត និងផ្កាយរណបស្រាវជ្រាវច្រើន​ជាងគេនៅភពអង្គារ នោះគឺ​សហរដ្ឋអាមេរិក ហើយសហគមន៍​អឺរ៉ុបក៏ទើបតែ​បានហែកប្រាក់ ១ពាន់លានដុល្លារចោល ដោយសារតែ​ការផ្ទុះឆេះយានរុករកមួយ​កាលពីឆ្នាំមុននៅលើ​ភពអង្គារផងដែរ។ ក្រៅពីនេះ​ប្រទេសឥណ្ឌា​បានសម្រេច​ជោគជ័យរួចទៅហើយ​ក្នុងការបញ្ជូនផ្កាយរណប​ទៅថតរូបភាព និងបកស្រាយ​អាថ៌កំបាំង​នៅភពអង្គារ ខណៈប្រទេស អេមីរ៉ាត់ អារ៉ាប់រួម មានគំរោង​យក្សនៅ១០០ឆ្នាំទៀត គឺកសាងទីក្រុង​លើភពក្រហមនោះ៕

480×240 Banner