កាន់តែអស្ចារ្យ! អង្គការ NASA «នឹងបញ្ជូនយានអវកាស ហោះទៅជិតព្រះអាទិត្យបំផុត ដើម្បីសិក្សាពីព្យុះព្រះអាទិត្យ!»
(អាមេរិក)៖ ទីភ្នាក់ងារអវកាសណាសា កំពុងរៀបចំគំរោងបេសកកម្មមួយក្នុងការបញ្ជូនយានអវកាស ដែលនឹងធ្វើដំណើរឆ្ពោះទៅយ៉ាងកៀកនឹងព្រះអាទិត្យជាជាងវត្ថុណាៗផ្សេងទៀតទាំងអស់ដែលបានបង្កើតដោយមនុស្សនៅក្នុងប្រវត្តិសាស្រ្ត ហើយវានឹងត្រូវទទួលរងកម្តៅ និងកម្លាំងវិទ្យុសកម្មដ៏ខ្លាំងក្លាមិនអាចនឹកស្រមៃដល់បាន ដើម្បីធ្វើការស្វែងយល់បន្ថែមឲ្យកាន់តែច្បាស់អំពី «ព្យុះព្រះអាទិត្យ (Solar Winds)» ដែលប្រហែលជានៅថ្ងៃណាមួយអាចបង្កការគំរាមកំហែងធ្ងន់ដល់ភពផែនដីរបស់យើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។
ព្រះអាទិត្យត្រូវបានព័ទ្ធជុំវិញដោយស្រទាប់ដ៏សែនក្តៅមានឈ្មោះ «កូរ៉ូណា (Corona)» ហើយប្លាស្មារបស់កូរ៉ូណាជាទូទៅបានបាញ់ច្រាលចេញទៅក្រៅ នៅក្នុងទម្រង់ជាថាមពលកម្តៅដ៏មានឥទ្ធិពលជាទីបំផុត ដែលត្រូវបានគេស្គាល់ថាជា Solar Winds។ Solar Winds ឬកម្លាំងខ្យល់នៃពន្លឺព្រះអាទិត្យនេះអាចបង្កភាពចលាចលនិងការគំរាមកំហែងធ្ងន់ធ្ងរដល់បណ្តាញថាមពលអគ្គិសនី បើសិនជាវាជះឥទ្ធិពលខ្លាំងមកលើផែនដី ហើយព្យុះពន្លឺព្រះអាទិត្យដ៏ធំៗជាងគេបង្អស់នៅក្នុងកំណត់ត្រានោះគឺព្រឹត្តិការណ៍ព្យុះព្រះអាទិត្យ Carrington Event កាលពីឆ្នាំ១៨៥៩ ដែលបានបណ្តាលឲ្យម៉ាស៊ីនទំនាក់ទំនង Telegram Machine កាលពីសម័យនោះនៅក្នុងទ្វីបចំនួនពីរលែងដំណើរការ។
ដោយឡែកជិត១៦០ឆ្នាំក្រោយមកនេះ មនុស្សលោកយើងបាននិងកំពុងពឹងផ្អែកខ្លាំងឆ្ងាយជាងអតីតកាលទៅលើថាមពលអគ្គិសនី។ កាលពីឆ្នាំ២០១៣ មជ្ឈមណ្ឌលបរិស្ថានបរិយាកាសបានធ្វើការព្យាករណ៍ថា ព្យុះព្រះអាទិត្យមួយ ដែលមានកម្លាំងដូចទៅនឹង Carrington Event នឹងបង្កការខូចខាតសរុបជាទឹកប្រាក់ដល់ទៅ២.៦ពាន់ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកតែឯងប៉ុណ្ណោះ ដោយមិនគិតពីផ្នែកផ្សេងៗទៀតទូទាំងពិភពលោកនោះឡើយ ហើយបណ្តាញអគ្គិសនីអាចនឹងបាត់បង់ថាមពលអស់រយៈពេលរាប់ខែ ឬមួយក៏ទៅដល់រាប់ឆ្នាំទៀតផង។
គ្រោះមហន្តរាយព្យុះព្រះអាទិត្យអាចបង្ការទប់ស្កាត់បានលុះត្រាតែ ឧបករណ៍របស់មនុស្សយើងអាចមានសមត្ថភាពព្យាករណ៍វាបានយ៉ាងប្រសើរទុកជាមុន ដូច្នេះហើយទីភ្នាក់ងារអវកាស NASA បានចាប់ផ្តើមគំរោងនៃបេសកកម្មឈ្មោះថា Solar Probe Plus ដែលត្រូវបានបង្កើតដោយមន្ទីរពិសោធន៍ផ្នែករូបវិទ្យានៃសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក។
យានអវកាស Solar Probe Plus នឹងត្រូវបាញ់បង្ហោះចេញពីផែនដីនៅក្នុងឆ្នាំ២០១៨ខាងមុខនេះ ហើយធ្វើដំណើរចម្ងាយ១៤០លានគីឡូម៉ែត្រ ដើម្បីស្ថិតនៅរយៈចម្ងាយជាង០៦លានគីឡូម៉ែត្រពីព្រះអាទិត្យ ដែលនឹងទទួលរងកម្តៅជាង១,៣៧១អង្សាសេ។ ម៉្យាងវិញទៀតនៅពេលដែលវាឈានដល់ល្បឿនអតិបរិមាគឺ ៧២៤,២០៥គីឡូម៉ែត្រក្នុងមួយម៉ោងនោះ យានអវកាស Solar Probe Plus នឹងក្លាយជាវត្ថុដែលបង្កើតឡើងដោយមនុស្សមានល្បឿនលឿនជាងគេបង្អស់ ពីព្រោះថាល្បឿននោះវាលឿនជាយានអវកាសជូណូ (Juno) របស់ NASA ដល់ទៅបីដងឯណោះ។
ដើម្បីការពារយានអវកាស Solar Probe Plus ពីកម្តៅដ៏សែនក្តៅ អង្គការ NASA បានដំឡើងខែលកាបូនការពារកម្តៅកម្រាស់១១.៥សង់ទីម៉ែត្រ រួមជាមួយបំពង់កម្តៅមួយចំនួនឈ្មោះថា Thermal Radiator ហើយបើសិនជាពួកវាដំណើរការដូចតាមការគ្រោងទុកនោះ Thermal Radiator នឹងជួយរារាំងសូម្បីតែកម្តៅដ៏មានឥទ្ធិពលខ្លាំងៗនៃផ្កាយដ៏ធំមួយនេះ មិនឲ្យប៉ះពាល់ដល់គ្រឿងឧបករណ៍ផ្សេងៗនៅផ្នែកខាងក្នុងឡើយ។
គួរបញ្ជាក់ថាក្រៅពីការបង្កើនការស្វែងយល់បន្ថែមនៃមនុស្សលោកអំពីព្យុះព្រះអាទិត្យ ទីភ្នាក់ងារអវកាស NASA ក៏សង្ឃឹមដែរថានឹងអាចដោះស្រាយអាថ៌កំបាំងដ៏អស្ចារ្យមួយនៃព្រះអាទិត្យថែមទៀតផង។ ផ្ទៃនៃព្រះអាទិត្យឆាបឆេះនៅក្នុងកម្តៅប្រមាណជា ៥,៥៣៨អង្សាសេ ប៉ុន្តែវាមិនស្មើនឹងកម្តៅនៃបរិយាកាសរបស់វានោះឡើយដែលមានដល់ទៅជិតពីរលានអង្សាសេឯណោះ។ អ្នកប្រហែលជាគិតថាបើយើងនៅកាន់តែឆ្ងាយពីប្រភពនៃកម្តៅ យើងនឹងមិនសូវមានអារម្មណ៍ថាក្តៅនោះឡើយ ដូច្នេះហេតុអ្វីបានជាបរិយាកាសនៃព្រះអាទិត្យមានកម្តៅក្តៅខ្លាំងឆ្ងាយជាងផ្ទៃស្រទាប់ខាងលើរបស់វាទៅវិញនោះគឺជាអាថ៌កំបាំងមិនទាន់ស្រាយចេញមួយ៕