តោះបំបាត់ចម្ងល់! ស្វែងយល់ «ពាក្យគន្លឹះៗ និងអត្ថន័យសំខាន់ៗ» នៅក្នុងផ្នែកអវកាស និងវិទ្យាសាស្ត្រ ដើម្បីចំណេះដឹងបន្ថែម!
(ភ្នំពេញ)៖ មេរៀនផ្នែកអវកាស និងវិទ្យាសាស្ត្រទាំងឡាយអំពីភពផែនដី ប្រព័ន្ធព្រះអាទិត្យ និងកាឡាក់ស៊ីកំពុងទទួលបានការចាប់អារម្មណ៍ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែបងប្អូនយើងមួយចំនួនមិនទាន់បានដឹងច្បាស់ពីពាក្យគន្លឹះ និងអត្ថន័យសំខាន់ៗនៅក្នុងវិស័យនេះច្បាស់នៅឡើយ ទើបវាក្លាយជាឧបសគ្គរារាំងក្នុងការស្វែងយល់របស់ប្អូន និងបងៗដែលស្រលាញ់ចំណេះដឹងបែបនេះ។ ហេតុដូច្នេះ សូមស្វែងយល់អំពីអ្វីដែលលោកអ្នកគួរយល់ដឹងបន្ថែមដូចខាងក្រោម៖
១. ប្រព័ន្ធព្រះអាទិត្យ៖ ជាបណ្តុំនៃផ្កាយ ភព និងព្រះច័ន្ទ។ ឧទាហរណ៍នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងមានព្រះអាទិត្យមួយជាចំណុចកណ្តាល ហើយមានភពធំៗចំនួន០៨គោចរជុំវិញ ក្នុងនោះភពគោចរជារង្វង់ជុំវិញព្រះអាទិត្យដ៏កៀកជាងគេគឺ ភពពុធ ឯភពផែនដីវិញនៅលេខរៀងទី៣។ ប្រព័ន្ធព្រះអាទិត្យស្ថិតនៅក្នុងកាឡាក់ស៊ីមួយ ដែលជាបណ្តុំនៃផ្កាយ និងភពរាប់ពាន់លាន ហើយដែលប្រព័ន្ធព្រះអាទិត្យខ្លះអាចមានព្រះអាទិត្យពីរ ទៅបីផងដែរ ហើយក៏មានផ្កាយខ្លះទៀតមានតែឯងដោយអត់មានភពគោចរជុំវិញថែមទៀត។
២. ឆ្នាំពន្លឺ៖ ជាចម្ងាយដែលពន្លឺអាចរត់បានក្នុងរយៈពេលមួយឆ្នាំផែនដី។ ក្នុងន័យនេះគឺសំដៅទៅលើការយកពន្លឺមកធ្វើជារង្វាស់ចម្ងាយ ដែលនៅពេលរយៈចម្ងាយដ៏សែនឆ្ងាយពេក គេត្រូវប្តូរទៅប្រើជាឆ្នាំពន្លឺ ជំនួសឲ្យគីឡូម៉ែត្រ ឬម៉ៃល៍។ មួយឆ្នាំពន្លឺមានចម្ងាយស្នើនឹង ៩.៤៦១,០០០,០០០,០០០,០០០ គីឡូម៉ែត្រ។
៣. ព្រះច័ន្ទ, ភពរណប, និងភពបម្រុង៖ ព្រះច័ន្ទ ឬភពរណបអាចចាត់ចូលក្នុងចង្កោមតែមួយ ព្រោះជាផ្កាយរណបធម្មជាតិ ដែលគោចរជុំវិញភពមេរបស់វា ប៉ុន្តែការប្រើប្រាស់ពាក្យព្រះច័ន្ទគឺត្រូវជាង ហើយព្រះច័ន្ទនីមួយៗក៏មានឈ្មោះរបស់វាដែរ ដូចជាព្រះច័ន្ទផែនដីមានឈ្មោះ Lunar ជាភាសាអង់គ្លេស ឬខ្មែរហៅថាព្រះខែ ឬលោកខែជាដើម។ សម្រាប់ភពបម្រុង គឺជាកូនភព ឬភពតូចមិនគ្រប់លក្ខណៈ ថែមទាំងងាយរងគ្រោះដូចជា ស៊ីរ៉ែស វែស្តា ភ្លុយតូ អ៊ីរីស ហូមៀ អូរគូស និង សាលាស្យាជាដើម។
៤. បរិយាកាស៖ សំដៅទៅលើឧស្ម័ន ធូលី និងម៉ូលេគុលផ្សេងៗដែលស្រោបនៅជុំវិញផ្ទៃ ភព ព្រះច័ន្ទ ឬផ្កាយមួយ។ ភពមានបរិយាកាសមានន័យថា វាមានខ្យល់ និងឧស្ម័នផ្សេងៗព័ទ្ធជុំវិញដោយចលនាកញ្ជ្រោលពីតិចទៅខ្លាំង ដូចជាភពសុក្រមានពពក និងកំហាប់បរិយាកាសក្រាស់, ភពផែនដីមានបរិយាកាសក្តៅល្មមៗ និងសើបថែមទាំងមានពពកកញ្ជ្រោលពីតិចទៅមធ្យម, ព្រះច័ន្ទទីតានមានបរិយាកាសក្រាស់ និងត្រជាក់ខ្លាំង, ភពពុធអត់មានបរិយាកាសទេ, ព្រះច័ន្ទរបស់យើងអត់មានបរិយាកាសទេ, ភពសុក្រ-សៅរ៍- អ៊ុយរ៉ាណុស-ណិបទូន មានបរិយាកាសតែអត់មានស្រទាប់រឹង (ដី ថ្ម ឬទឹក) សម្រាប់ជាន់ឡើយ។
៥. រយៈពេលគោចរ៖ ផែនដីវិលជុំវិញខ្លួនឯងមួយជុំស្មើនឹង២៤ម៉ោង (មួយថ្ងៃ) ហើយគោចរជុំវិញព្រះអាទិត្យមួយជុំស្មើនឹង ៣៦៥ថ្ងៃ (មួយឆ្នាំ)។ រយៈពេលគោចរនៃភពទាំងអស់គឺខុសគ្នា ឧទាហរណ៍ភពពុធនៅជិតព្រះអាទិត្យបំផុតប្រើប្រាស់ពេលវេលាគោចរមួយជុំតែជាង ៨៨ថ្ងៃរបស់ផែនដីប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភពភ្លុយតូចដែលនៅឆ្ងាយជាងគេ គឺរហូតដល់ជាង ២៦០ឆ្នាំទើបបានមួយជុំព្រះអាទិត្យ។ សម្រាប់ការវិលជុំវិញខ្លួនឯងវិញក៏ខុសគ្នាដែរ ដូចជាភពព្រហស្បតិ៍វិលលឿន គឺមួយថ្ងៃរបស់វាមានតែ ១០ម៉ោងប៉ុណ្ណោះបើធៀបនឹងផែនដី ប៉ុន្តែភពសុក្រវិលយឺតបំផុតគឺមួយថ្ងៃរបស់វាយូរជាងមួយឆ្នាំរបស់វា។
សម្រាប់ចំណេះដឹងបន្ថែមទៀត នឹងមានការចេញផ្សាយនាសប្តាហ៍ក្រោយ៕