ពិសេសមែន! អង្គការ NASA «បាញ់រ៉ុក្កែតបីគ្រាប់ នៅតំបន់ប៉ូលខាងជើងផែនដី ដើម្បីសិក្សាបន្ថែមពីពន្លឺអូរ៉ូរ៉ា!»

336

(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស​ណាសា (NASA) បានបាញ់បង្ហោះ​រ៉ុក្កែតចំនួន​បីគ្រាប់ទៅកាន់​លំហអាកាស​នៅអឌ្ឍគោល​ខាងជើង ដើម្បី​ធ្វើ​ការ​​សិក្សាស្វែង​យល់បន្ថែមថា​តើមានអ្វីកើត​ឡើងឲ្យ​ប្រាកដ ចំពោះបរិយាកាស​នៃប៉ូលខាងជើង​នៅពេលដែល​វាទង្គិចគ្នាជាមួយព្យុះព្រះអាទិត្យ (Solar Winds) ឬមួយក៏ធាតុ​ដ៏មានឥទ្ធិពល​ដែលមកពី​ព្រះអាទិត្យ ទើប​បង្កើត​បាន​ជា​​ពន្លឺ​រស្មី​​០៧​ពណ៌អូរ៉ូរ៉ា (Aurora or Northern Lights) ដ៏ស្អាតអស្ចារ្យ​បែបនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​គេហទំព័រវិទ្យាសាស្រ្ត Space នារសៀលថ្ងៃអង្ការ ទី០៧ ខែមីនា ឆ្នាំ២០១៧។

គ្រាប់រ៉ុក្កែត​ទាំងបីខាងលើនេះ​គឺជាក្រុមចុងក្រោយ​ នៅក្នុង​ចំណោម​គ្រាប់រ៉ុក្កែត Black Brant IX សរុបចំនួន​ប្រាំគ្រាប់​ដែលត្រូវបានបញ្ជូន​ទៅកាន់​​លំហអាកាស​ នៃអឌ្ឍគោល​ខាងជើង ចាប់តាំងពី​ខែមករា​កន្លង​ទៅមក ហើយបេសកកម្ម​ទាំងប្រាំនេះ​បាននាំយកឧបករណ៍​ជាច្រើនប្រភេទ​​ខុសៗ​គ្នា សម្រាប់​ការ​​សិក្សារទៅលើ​ផ្នែកផ្សេងៗ​នៃពន្លឺអូរ៉ូរ៉ា ដែលអាច​ផ្ទុកនូវតំរុយ​អំពីដែនម៉ាញេទិច​របស់ផែនដី​។

ដោយឡែក​មក​ទល់​ពេល​នេះ​ក្រុមការងារ​នៃបេសកម្ម​នេះបានរាយការណ៍​ឲ្យដឹងថា​ ឧបករណ៍​របស់ពួកគេ​បាន​ប្រមូល ​និង​បញ្ជូន​ទិន្នន័យ​​ដោយ​ជោគជ័យ​​តាម​ការ​​គ្រោង​ទុក ហើយពួកគេ​កំពុងរៀបចំ​ធ្វើការដើម្បី​ពិនិត្យមើល​ទៅលើទិន្នន័យ​ទាំងនោះ ជាមួយគោលដៅ​ដើម្បីលាតត្រដាង​ពីអាថ៌កំបាំង​មួយចំនួន​របស់បាតុភូត​ដ៏ស្រស់ស្អាតនេះ​នៅផ្ទៃមេឃ​នៃភាគខាងជើង​នៃភព​របស់យើង។

គួរបញ្ជាក់ដែរ​ពន្លឺរស្មី០៧ពណ៌អូរ៉ូរ៉ា​មិនមែនមានតែ​នៅប៉ូលខាងជើង​ប៉ុណ្ណោះទេ វាក៏មានវត្តមាន​នៅប៉ូលខាងត្បូង​ដែលគេហៅថា Southern Lights ផងដែរ៕

480×240 Banner