កាឡាក់ស៊ីយក្សដែល Hubble ទើបថតបាននេះ បញ្ចេញពន្លឺមកតាំងពីផែនដីយើង មិនទាន់កកើតម្ល៉េះ (រូបភាពខាងក្នុង)
(អាមេរិក)៖ កែវយឺតអវកាសដែលមានអាយុកាលរាប់ទសវត្សរ៍ នោះគឺ Hubble ទើបតែបានបញ្ចេញស្នាដៃ ប្រកបដោយអត្ថប្រយោជន៍ថ្មីមួយទៀត នោះគឺរូបភាពនៃកាឡាក់ស៊ី ដែលស្ថិតឆ្ងាយបំផុតនៅក្នុងចក្រវាឡរបស់យើងនេះ។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នាយប់ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

រូបភាពដែលទើបត្រូវបានថតដោយ Hubble នោះ គឺស្ថិតនៅក្នុងបេសកកម្មមួយមានឈ្មោះថា BUFFALO ដែលសំដៅថតយកកាឡាក់ស៊ី ស្ថិតនៅចម្ងាយឆ្ងាយយកតែមែនទែនតែម្តង ដែលស្ទើរតែគ្មាននរណាអាចជឿថា មានឧបករណ៍ណាមួយបង្កើតដោយមនុស្សអាចចាប់យកពន្លឺ ឬកាឡាក់ស៊ីទាំងនោះបាន។

កាឡាក់ស៊ីដ៏ធំខាងលើនេះមានឈ្មោះថា Abell 370 ត្រូវបានក្រុមការងារគ្រប់គ្រងបេសកកម្ម Hubble អះអាងថា មានរយៈចម្ងាយរហូតដល់ទៅ ៥ពាន់លានឆ្នាំពន្លឺ ពីភពផែនដីរបស់យើង ដែលវាមានន័យថា ពន្លឺរបស់វាត្រូវធ្វើដំណើររហូតដល់ទៅ ៥ពាន់លានឆ្នាំ ទើបមកដល់ផែនដី ឬក៏មានន័យថា ពន្លឺរបស់វាជះមកតាំងពីផែនដី និងប្រព័ន្ធព្រះអាទិត្យយើង មិនទាន់កកើតទៅទៀត។

តាមពិតទៅកែវយឺតអវកាស Hubble អាចរកឃើញវត្ថុដែលស្ថិតនៅឆ្ងាយមហាសែនឆ្ងាយបែបនេះ ក៏ព្រោះតែចង្កោមនៃកាឡាកស៊ីដ៏ធំ Abell 370 នេះមានលទ្ធភាពពង្រីកនូវពន្លឺរបស់ខ្លួន ដោយសារតែកម្លាំងទំនាញដ៏ខ្លាំងរបស់វា ទប់ទល់នឹងពន្លឺចេញពីកាឡាក់ស៊ីផ្សេងៗទៀត ដែលស្ថិតនៅពីក្រោយ ឬជុំវិញវាបាន។

គួរបញ្ជាក់ថា បើតាមរូបភាពថ្មី របស់ Hubble ក្រៅពីចង្កោមកាឡាក់ស៊ី Abell 370 ក៏គេអាចមើលឃើញនូវកាឡាក់ស៊ីផ្សេងទៀត ដែលស្ថិតនៅជិតនោះផងដែរនោះ គឺ The Dragon ដែលយើងអាចមើលឃើញនៅពីក្រោមចង្កោម នៃកាឡាក់ស៊ី Abell 370។ នៅក្នុងបេសកកម្ម BUFFALO ក៏នឹងធ្វើការថត ព្រមទាំងសិក្សាអំពីកាឡាក់ស៊ីយក្សចំនួន ០៦ ទៀត ដែលស្ថិតនៅជុំវិញ Abell 370 ផងដែរ៕

