ស្វែងយល់៖ ហេតុអ្វីបានជាគេកំណត់ថា ផែនដីមានអាយុកាល ៤.៦ពាន់លានឆ្នាំ?
(ភ្នំពេញ)៖ នេះជាសំនួរដែល Cambo Space តែងតែជួបប្រទះប៉ុន្មានឆ្នាំមកហើយ អំពីការកំណត់អាយុកាល នៃភពផែនដីរបស់យើង ដែលបច្ចុប្បន្ននេះគឺ ៤.៦ពាន់លានឆ្នាំ គឺជាតួលេខចុងក្រោយបំផុតពីក្រុមអ្នកបុរាណវិទ្យា និងវិទ្យាសាស្ត្របានឯកភាពគ្នាយកជាផ្លូវការ ខណៈដែលរាប់រយឆ្នាំមុន ក៏ធ្លាប់មានអ្នកប្រាជ្ញមួយចំនួន បានលើកឡើងពីអាយុកាលនៃភពផែនដី ប្លែកៗពីគ្នាផងដែរ។

តើហេតុអ្វីបានជាគេកំណត់យករយៈពេល ៤.៦ពាន់លានឆ្នាំ ជាអាយុកាលនៃភពផែនដី? ជាក់ស្តែងបេសកកម្មកំណត់អាយុ នៃភពផែនដីរបស់យើងត្រូវបានចាប់ផ្តើមឡើងជាង ៤០០ឆ្នាំមកហើយ ប៉ុន្តែការកំណត់នោះ គឺមិនមែនទើបតែមាននោះឡើយ ដោយអ្នកប្រាជ្ញខ្លះអះអាងថា ផែនដីមានអាយុកាល ៥០លានឆ្នាំ និងខ្លះទៀតបានលើកឡើងថា ផែនដីតាមពិតទៅមានអាយុកាល ៥០០លានឆ្នាំទៅវិញទេ។

ទោះបីជាបច្ចុប្បន្នផែនដីត្រូវបានគេកំណត់ថា មានអាយុកាល ៤.៦ពាន់លានឆ្នាំ (ជាផ្លូវការច្បាស់លាស់គឺ ៤.៥៤៣ពាន់លានឆ្នាំ) គឺជាអាយុកាលផ្លូវការដែលត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សាទូទាំងពិភពលោកមែន តើនរណាអាចស្មានបានទៅថា នៅទសវត្សរ៍ ឬក៏សតវត្សរ៍ថ្មីទៀត ក្រុមអ្នកវិទ្យាសាស្ត្រអាចរកឃើញភស្តុតាងថ្មីបញ្ជាក់ថា ផែនដីមានអាយុកាលវែងជាងនេះនោះ?

កុំទាន់អាលគិតច្រើនអី ចូរគិតតែពីបច្ចុប្បន្នកាលនេះសិនទៅ។ ការកំណត់ថា ផែនដីមានអាយុកាល ៤.៦ពាន់លានឆ្នាំនោះ គឺអ្នកបុរាណវិទូ និងវិទ្យាសាស្ត្រជ្រើសរើសយកការកំណត់អាយុកាល នៃរូបធាតុដែលមានវ័យចំណាស់បំផុត ទាំងនៅលើផែនដី និងឋានព្រះច័ន្ទ ដែលជាផ្កាយរណបធម្មជាតិរបស់យើង មកធ្វើការវិភាគរវាងគ្នារួចទើបកើតចេញជាលទ្ធផលរួមមួយតែម្តង។

អ្នកវិទ្យាសាស្ត្របានជ្រើសរើសយកដុំថ្មស្រទាប់លើទាំងអស់ នៃភពផែនដីមកធ្វើការវិភាគ និងកំណត់អាយុកាល ហើយនៅទីបំផុតគេបានរកឃើញថា ដុំថ្មនៅតំបន់មួយដែលមានឈ្មោះ Acasta Gneiss ស្ថិតនៅភាគខាងជើងនៃឆ្នេរ Hudson’s Bay ទីក្រុងកេប៊ិច នៃប្រទេសកាណាដា ជាបណ្តុំថ្មដែលមានវ័យចំណាស់ជាងគេបំផុតនៅលើភពផែនដី គឺ ៤.២៨ពាន់លានឆ្នាំឯណោះ។

បន្ទាប់មកទៀតក្រុមអ្នកវិទ្យាសាស្ត្រ និងបុរាណវិទ្យា នៅសម័យកុំព្យូទ័រនេះបានគណនាទៀតថា ដុំថ្មទាំងផ្ទាំងៗនេះ គឺត្រូវបានកកើតឡើងនៅរយៈពេល ៣០០ឆ្នាំ បន្ទាប់ពីការកើតនៃភពផែនដីយើង ហេតុដូច្នេះហើយទើបយើងអាចកំណត់អាយុកាលចុងក្រោយនៃភពផែនដី ទៅតាមរូបធាតុចំណាស់បំផុត ដែលត្រូវបានរកឃើញនេះបូកផ្សំជាមួយនឹងដុំថ្មមកពីឋានព្រះច័ន្ទ ដែលបានបង្ហាញលទ្ធផលនៃអាយុកាលមិនសូវខុសគ្នាប៉ុន្មាននោះឡើយ ពីដុំថ្មចំណាស់នៅលើភពផែនដី។

សរុបសេចក្តីមក ទម្រាំបានដឹងពីអាយុកាលនៃភពផែនដីនេះ គឺមិនមែនជាការងាយ ឬជាការអង្គុយស្មាននោះឡើយ ដោយវាបានឆ្លងកាត់ការស្រាវជ្រាវ សិក្សា តស៊ូមតិ និងឯកភាពគ្នាជារួម ទើបសម្រេចយកលទ្ធផលជាផ្លូវការ ដើម្បីឲ្យមនុស្សម្នាលើភពផែនដីបានដឹងពីអាយុកាលនៃទឹកដីភ្លើងខ្យល់ ដែលបានផ្តល់កំណត់ និងការពារយើងប្រកបដោយក្តីសុខរាប់លានឆ្នាំមកនេះ។ ចុះបងប្អូនវិញ មានគំនិតបែបណាដែរ ចំពោះការកំណត់អាយុកាល នៃភពផែនដីនេះ?

ប្រភព៖ វែបសាយ Space
