តោះមកទស្សនារូបភាពថ្មីបំផុត ដែលកែវយឺតអវកាសឆ្លុះភពអេលៀន TESS ទើបតែថតបាន និងរបៀបប្រមាញ់ភព (រូបភាពខាងក្នុង)
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពដ៏ថ្មីសន្លាងមួយផ្សេងទៀត ដែលទើបត្រូវបានបាញ់បញ្ជូនមកពីផ្កាយរណបនៃកែវយឺតអវកាសឆ្លុះរកភព «TESS» បន្ទាប់ពីវាបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ CNET នៅយប់ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ទោះបីជារូបភាពខាងលើត្រូវគេដាក់ឈ្មោះឲ្យថា «First Light» (ពាក្យក្នុងវិស័យតារាសាស្រ្ត ប្រើដើម្បីរៀបរាប់ពីលើកដំបូងដែលតេឡេស្កូបផ្តិតយករូបភាព) ក៏ដោយ វាពុំមែនជារូបទីមួយដែល TESS បានបាញ់បញ្ជូនមកកាន់ផែនដីនោះឡើយ។ ដោយនៅដំណាក់កាលធ្វើតេស្តនាពេលកន្លងទៅ NASA ក៏បានបញ្ចេញរូបភាពមួយសន្លឹកថតបានដោយ TESS ដែលមានផ្ទុកនូវផ្កាយជាង ២០០,០០០ដួងផងដែរ។

របៀបចាប់យករូបភាព នៃកែវយឺតអវកាស TESS គឺបានតាមរយៈផ្កាយរណបបំពាក់កាមេរ៉ាទាំង ៤ ដែលស្ថិតនៅលើវា ដែលអាចចាប់យករូបភាពរហូតដល់ទៅ ១៦ ផ្ទាំងក្នុងពេលតែមួយ រួចផ្គុំចេញជារូបភាពតែ ១ ដូចពេលនេះ។ កញ្ចុំនៃតារា និងកាឡាក់ស៊ី ក្នុងនោះរួមទាំងបណ្តុំនៃពពកធូលីពន្លឺចំរុះទាំងតូច និងធំនោះ គឺស្ថិតនៅក្នុងការចាប់សញ្ញា-រូបភាព នៃកាមេរ៉ារបស់ TESS បានផងដែរ។

ដោយឡែកចំពោះការចាប់យករូបភាពធ្វើឡើងដោយ TESS ពេលនេះ គឺអាចឲ្យក្រុមតារាវិទូស្វែងយល់អំពីរយៈពេល នៃភពធ្វើការគោចរជុំវិញផ្កាយមេរបស់ពួកវា។ នៅពេលដែលទិន្នន័យត្រូវបានវិភាគរួចនោះ អ្នកវិទ្យាសាស្ត្រនឹងអាចរកឃើញនូវរយៈពេលដែលពន្លឺត្រូវបាត់បង់ ពេលវាចោលស្រមោលមកលើកែវយឺត ដែលជាសញ្ញាបញ្ជាក់ថា ពិតជាមានភពឆ្លងកាត់ផ្កាយមួយនោះមែន។

បន្ថែមពីនេះដើម្បីស្វែងរកភពផែនដីយក្ស ឬ Exoplanets ថ្មីៗទៀតនោះ កែវយឺតអវកាស TESS ត្រូវតែធ្វើការថតរូបទីអវកាស ក្នុងជ្រុងណាមួយនៅរយៈពេល ២៧ថ្ងៃជាប់ៗគ្នា ដោយផ្តោតសំខាន់លើផ្ទៃមេឃភាគខាងត្បូងផែនដី នៅអំឡុងឆ្នាំដំបូងនៃការបំពេញបេសកកម្មរបស់វា។ ដោយឡែកនៅឆ្នាំទី ២ នៃបេសកកម្មដែលអាចចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៩ វានឹងរេទៅថតផ្ទៃមេឃភាគខាងជើងវិញ។

គួរជម្រាបថា តាមរយៈការថតយករូបភាពផ្កាយទាំងនេះ កែវយឺតអវកាស TESS នឹងមានឱកាសស្វែងរកសញ្ញានៃភពអេលៀន ដែលអាចមានវត្តមាននៅជុំវិញពួកវា។ TESS គឺជាកែវយឺតអវកាសប្រមាញ់រកភពជំនាន់ថ្មី បន្ទាប់ពីកែវយឺតអវកាស Kepler ដែលកំពុងបន្តសង្កេតមើលពពួកផ្កាយ ដែលនៅចម្ងាយចន្លោះពី ៣០០ ទៅ ៣,០០០ឆ្នាំពន្លឺពីផែនដី ខណៈ TESS ផ្តោតទៅលើក្រុមដែលនៅចន្លោះពី ៣០ ទៅ ៣០០ឆ្នាំពន្លឺប៉ុណ្ណោះ៕

