ភ្ញាក់ព្រឺត! «យានអវកាស​ឥណ្ឌា ទៅស្វែងរកទឹក​នៅឋានព្រះច័ន្ទ ត្រូវអង្គការ NASA រកឃើញ បន្ទាប់ពីដាច់​ទំនាក់ទំនង ០៨ឆ្នាំ!»

477

(ញូដេលី)៖ បន្ទាប់ពីបានបាត់ដំណឹង​សូន្យឈឹង​អស់រយៈពេលជា​ច្រើនឆ្នាំ យានអវកាវដំបូង​បង្អស់របស់​ឥណ្ឌា​​ឈ្មោះថា Chandrayaan-1 ដែល​បាន​​បញ្ជូន​ឲ្យទៅ​​សិក្សា​ពី​ព្រះច័ន្ទ ទីបំផុតត្រូវ​បានរកឃើញដោយ​អង្គការណាសា (NASA)។

នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារ​ព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនារសៀលថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

អង្គការស្រាវជ្រាវ​ទីអវកាស​ឥណ្ឌា (ISRO) បានដាច់​ការទាក់ទងជា​មួយយានអវកាស​ខាងលើកាលពី​ឆ្នាំ២០០៩ ពោលគឺរយៈពេល​ជិត​មួយ​ឆ្នាំ បន្ទាប់ពី​បានបាញ់បង្ហោះ​ទៅកាន់គន្លង​អវកាស ដែលវាត្រូវគេសន្មត់ថា​បានធ្លាក់ទៅបុកនឹង​ផ្ទៃព្រះច័ន្ទខ្ទេចបាត់ហើយ ដែលរបកគំហើញសំខាន់​ជាងគេរបស់​យានអវកាស Chandrayaan-1 គឺការស្វែងរកម៉ូលេគុល​ទឹកទៅលើផ្ទៃ​ស្រទាប់ខាងលើ​​របស់ព្រះចន្ទ។

ប៉ុន្តែ០៨ឆ្នាំក្រោយ​មក​ក្រុមអ្នកវិទ្យាសាស្រ្តនៅ​ឯមន្ទីរពេទ្យពិសោធន៍​របស់ទីភ្នាក់ងារ​អវកាស NASA ក្នុងរដ្ឋកាលីហ្វរញ៉ា​នៃសហរដ្ឋអាមេរិក​ បានប្រកាសថា​ពួកគេបានរកឃើញ​ទីតាំងរបស់យានអវកាស​នេះ តាមរយៈប្រើប្រាស់​បច្ចេកទេសនៃ​ប្រព័ន្ធរ៉ាដា​អន្តរភពថ្មីមួយ។ ការ​គណនា​របស់ពួកគេបានបង្ហាញថា​យាន Chandrayaan-1 នៅតែកំពុង​ធ្វើដំណើរវិលជុំវិញ​ផ្ទៃព្រះច័ន្ទក្នុងរយៈចម្ងាយប្រហែលជា​២០០គីឡូម៉ែត្រនៅឡើយទេ។

គួរបញ្ជាក់ថា​យោងតាម NASA ការស្វែងរក​ទីតាំងរបស់ Chandrayanna-1 ទាមទារឲ្យ​មានការត្រួត​ពិនិត្យ​យ៉ាងល្អិតល្មន់ ដោយសារ​តែយាន​អវកាសឥណ្ឌា​មានទំហំដ៏តូច ជាមួយនិង​ប្រវែងត្រឹម១.៥ម៉ែត្រប៉ុណ្ណោះ នៅគ្រប់ជ្រុង​ទាំងបួនរបស់វា។ ទីភ្នាក់ងារ​អវកាស NASA បានឲ្យដឹង​​ដូច្នេះថា «ទោះបីជាប្រព័ន្ធ​រ៉ាដាអន្តរភព​ត្រូវបានប្រើប្រាស់​ដើម្បីតាមដាន អាចម៍ផ្កាយតូចៗ​ដែលស្ថិតនៅចម្ងាយ​រាប់លានគីឡូម៉ែត្រ​យ៉ាង​ណាក្តី ក្រុមអ្នកស្រាវជ្រាវ​នៅតែមិនច្បាស់ថា​ វត្ថុដែលមាន​ទំហំដ៏តូចជាង ហើយចម្ងាយឆ្ងាយ​ស្មើនឹងព្រះច័ន្ទបែបនេះ អាចត្រូវបានរកឃើញ​នោះ​ឡើយ សូម្បីតែជាមួយការ​ប្រើប្រាស់ប្រព័ន្ធរ៉ាដាដ៏ខ្លាំងៗបំផុត​ផ្សេងទៀត​របស់ផែនដីក៏ដោយ។ យានអវកាស Chandrayyan-1 បាន​​ក្លាយជា​​គោលដៅ​ដ៏ល្អឥតខ្ចោះ សម្រាប់ការបង្ហាញ​ពីសមត្ថភាពរបស់​បច្ចេកទេសរ៉ាដាលើកនេះ»៕

480×240 Banner