បាតុភូតចម្លែក! ក្រុមតារាវិទូអះអាងថា «ផ្កាយមួយចំនួនវិលជុំវិញខ្លួនឯងលឿនពេក នាំឲ្យជះភ្លើងពាសពេញ»
(អាមេរិក)៖ តារានានានៅលើមេឃ ដែលយើងមើលឃើញនាវាពេលរាត្រីរាល់ថ្ងៃនេះ ប្រៀបបានទៅនឹងដុំពន្លឺតូចៗ ដែលបញ្ចេញរស្មីព្រិចៗដ៏គួរឲ្យគន់នាពេលរាត្រី ប៉ុន្តែបើតាមរយៈព្រះអាទិត្យរបស់យើងថា យើងពិតជាអាចស្មានដឹងថា នៅក្នុងតារាទាំងនោះកំពុងមានអ្វីកើតឡើងខ្លះ។ នេះបើតាមការចេញផ្សាយដោយ វែបសាយ Space នាល្ងាចថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

ការស្រាវជ្រាវថ្មីត្រូវបានបង្ហាញតាមរយៈរូបភាព ដែលទើបតែលេចឡើងនេះ គឺតារាមួយចំនួនដែលស្ថិតនៅឆ្ងាយពីព្រះអាទិត្យរបស់យើង ហាក់កំពុងតែវិលជុំវិញខ្លួនឯង នៅក្នុងស្ថានភាពចម្លែក។ នៅក្នុងតារាទាំងនោះ តំបន់អេក្វាទ័ររបស់វាមានសកម្មភាពយ៉ាងខ្លាំងក្លា ដែលបង្កឲ្យរូបធាតុនានាជះចេញយ៉ាងខ្លាំង នៅតំបន់នោះច្រើនជាងនៅតំបន់ប៉ូលខាងជើង និងខាងត្បូងរបស់តារាទាំងនោះទៅទៀត។

សាកស្រមៃមើលបើសិនជាភពផែនដី មានវង្វិលខ្ញាល់ជុំវិញខ្លួនឯងដោយប្រែប្រួលទៅតាមតំបន់នោះ តំបន់ដែលស្ថិតនៅជុំវិញខ្សែអេក្វាទ័រ នៅក្នុងរយៈពេល ២៤ម៉ោង នឹងព្រះអាទិត្យរះពីរដង និងលិចពីរដងជាក់ជាមិនខាន។ ព្រះអាទិត្យយើងក៏មានរង្វិលជុំវិញខ្លួនឯងខ្លាំងក្លា និងប្រែប្រួលទៅតាមតំបន់ដែរ ប៉ុន្តែវាមិនបង្កឲ្យតំបន់ណាមួយកញ្ជ្រោលឡើង ឧទាហរណ៍ដូចជាពពួកតារាចម្លែកៗខាងលើ ដែលក្រុមតារាវិទូបានអង្កេតឃើញនោះឡើយ។

ជុំវិញបញ្ហាខាងលើនេះ តារាវិទូឈ្មោះ Maria Weber នៃសាកលវិទ្យាល័យ Chicago និង the Adler Planetarium សហរដ្ឋអាមេរិកបានអះអាងថា «វាពិតជាសំខាន់ខ្លាំងណាស់ និងជារឿងមានប្រយោជន៍ផងដែរ នៅពេលដែលយើងអង្កេតមើលទៅលើវា ជាពិសេសគឺនៅពេលដែលសកម្មភាពចម្លែកមួយ ត្រូវបានអង្កេតឃើញ ដែលវាខុសប្លែកខ្លាំងពីអ្វីដែលកំពុងកើតមាន នៅលើព្រះអាទិត្យរបស់យើង»។

បន្ថែមពីខាងលើនេះ ព្រះអាទិត្យរបស់យើងមានបាតុភូតមួយកើតឡើង ដែលហៅថា «រង្វិលខ្ញាល់ប្រែប្រួលទៅតាមតំបន់» ហើយវាមានន័យថា តំបន់ជិតប៉ូលទាំងពីរ, តំបន់អេក្វាទ័រ, និងតំបន់ជុំវិញអេក្វាទ័រ គឺមានវង្វិលខ្ញាល់ក្នុងល្បឿនខុសគ្នា (ភពព្រហស្បតិ៍ក៏មានស្ថានភាពបែបនេះដែរ ដែលអាចនិយាយបានថា វាបណ្តាលមកពីទំហំធំពេក និងជាវត្ថុអវកាសដែលគ្របដណ្តប់ ដោយឧស្ម័នក៏ពុះកញ្ជ្រោល)។

ក្រុមតារាវិទូអះអាងថា តំបន់អេក្វាទ័ររបស់ព្រះអាទិត្យ គឺមានរង្វិលខ្ញាល់ជុំវិញខ្លួនឯងលឿនជាងរង្វិលខ្ញាល់នៃ តំបន់ចន្លោះប៉ូល-អេក្វាទ័រ រហូតដល់ទៅ ១១%។ ប៉ុន្តែបើធៀបនឹងតំបន់ជុំវិញប៉ូលវិញ តំបន់អេក្វាទ័រនៃព្រះអាទិត្យមានរង្វិលលឿនជាងខ្លាំងរហូតដល់ទៅ ៣០%ឯណោះ ដែលវាពិតជាភាពខុសគ្នាឆ្ងាយមែនទែន។

គួរបញ្ជាក់តាមតារាវិទូថា រង្វិលជុំនៃផ្កាយមិនត្រឹមតែជាបាតុភូតមួយនោះទេ តែវាក៏បង្ហាញអំពីបុគ្គលិកលក្ខណៈ នៃផ្កាយទាំងនោះផងដែរ។ តារាវិលកាន់តែលឿន នៃកម្លាំងម៉ាញេទិចរបស់វាក៏រឹតតែខ្លាំងផងដែរ ប៉ុន្តែបើសិនជាតារាទាំងនោះមានតំបន់រង្វិលជុំខុសប្លែកគ្នាខ្លាំងពេក នោះបុគ្គលិកលក្ខណៈវានឹងកាន់តែស្មុគស្មាញ។ ហេតុដូច្នេះទើបក្រុមតារាវិទ្យុ បង្កើតបេសកកម្មសិក្សាតារាចម្លែកៗខាងលើ៕

