ហេតុអ្វីអាចម៍ផ្កាយ Ryugu អាចគំរាមកំហែងភពផែនដី នៅឆ្នាំ២០២៩?
(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ អ្នកតាមដានព័ត៌មានវិទ្យាសាស្ត្រ-អវកាស ហាក់មានការចាប់អារម្មណ៍ខ្លាំង ចំពោះផ្កាយរណបផ្ទុកយានខ្នាតតូចមួយចំនួនរបស់ជប៉ុន ដែលបានធ្វើដំណើរទៅដល់អាចម៍ផ្កាយ Ryugu (រីយូគុ) និងបានទម្លាក់រ៉ូបូតពីរគ្រឿងនៅលើនោះដើម្បីធ្វើការសិក្សា និងត្រៀមប្រមូលគំរូតាងមួយចំនួនមកកាន់ផែនដីវិញ ដើម្បីធ្វើការសិក្សា។ ប៉ុន្តែមានការអះអាងថា អាចម៍ផ្កាយនេះទៅថ្ងៃមុខអាចបង្កការគំរាមកំហែងដល់ភពផែនដីយើង, តើវាអាចកើតមានឡើងយ៉ាងដូចម្តេចទៅ?

មុននឹងស្វែងយល់មូលហេតុនៃការគំរាមកំហែង សូមបងប្អូនតាមដាននូវលក្ខណៈពិសេសៗមួយចំនួននៃអាចម៍ផ្កាយ 162173 Ryugu ជាមុនសិន។ អាចម៍ផ្កាយនេះ ត្រូវបានក្រុមអង្កេតលើផែនដីប្រទះឃើញជាលើកដំបូង កាលពីឆ្នាំ១៩៩៩ និងត្រូវបានចាត់ចូលជាវត្ថុអវកាសខ្នាតធំ (អាចម៍ផ្កាយខ្នាតធំ) ដែលស្ថិតនៅតំបន់កៀកភពផែនដីដែលប្រវែងខ្លួនរបស់វាគឺជិត១គីឡូម៉ែត្រ និងមុខកាត់ទទឹងគឺ ៤០០ម៉ែត្រ ព្រមទាំងការធ្វើគោចរមួយជុំព្រះអាទិត្យ ក្នុងរយៈពេល ៤៧៤ថ្ងៃនៃភពផែនដី។

ឈ្មោះ Ryugu នេះគឺជប៉ុនជាអ្នកដាក់ឲ្យ ដោយបកប្រែថា «រាជវាំងរបស់នាគ» និងជាការយកលំនាំទៅតាមរឿងព្រេងបុរាណមួយ របស់ប្រទេសនេះផងដែរ។ អាចម៍ផ្កាយនេះ ធ្វើដំណើរនៅចម្ងាយពីព្រះអាទិត្យ ១.៤១ AU (មួយ AU = ១៥០លានគីឡូម៉ែត្រ ដោយយកគម្លាតរវាងផែនដី និងព្រះអាទិត្យជារង្វាស់) ដែលវាមានន័យថា គន្លងគោចររបស់វា គឺស្ថិតនៅចម្លោះភពអង្គារ និងភពផែនដីយើងនេះតែម្តង។

សម្រាប់រូបភាពពិតប្រាកដរបស់អាចម៍ផ្កាយ Ryugu គឺត្រូវបានថតជាលើកដំបូងបំផុតដោយផ្កាយរណបជប៉ុន Haybusa-2 នៅក្នុងរយៈចម្ងាយ ៧០០គីឡូម៉ែត្រ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។ នៅថ្ងៃទី១៨ ខែមិថុនា យាន-ផ្កាយរណបរបស់ជប៉ុនខាងលើនេះ បានបន្ទាបខ្លួនទៅដល់រយៈកម្ពស់ ២៤០គីឡូម៉ែត្រពីលើ Ryugu និងបានថតរូបបន្ថែមទៀត កាន់តែជិតទៅអាចម៍ផ្កាយ ដែលប្រៀបបានដូចទៅនឹងត្បូងពេជ្រយក្សមិនទាន់ច្នៃមួយនេះ។

យានបេសកកម្ម Hayabusa-2 ដែលមានតម្លៃ ១៥០លានដុល្លារ ត្រូវបានបាញ់បង្ហោះកាលពីចុងឆ្នាំ២០១៤ ហើយបានទៅដល់ Ryugu ជាអាចម៍ផ្កាយមានមុខកាត់ជិតមួយគីឡូម៉ែត្រ ដែលស្ថិតនៅគន្លងគោចរចន្លោះផែនដី និងភពអង្គារ កាលពីខែមិថុនា ឆ្នាំ២០១៨នេះ។ យានរ៉ូបូត MINERVA-II1A និង MINERVA-II1B មានទទឹងត្រឹម ១៨សង់ទីម៉ែត្រ និងកម្ពស់ ០៧សង់ទីម៉ែត្រ រួមជាមួយទម្ងន់ ១.១គីឡូក្រាមប៉ុណ្ណោះ។

ក្រៅពីយានទាំងពីរខាងលើនេះ នៅអំឡុងដើមខែក្រោយ យានមេ Hayabusa-2 ត្រូវគេកំណត់ថា នឹងទម្លាក់យានចុះចតមួយគ្រឿងដែលធំជាងនេះ មានឈ្មោះថា MASCOT ទៅកាន់ Ryugu ខណៈយានតូចចុងក្រោយមួយទៀត ឈ្មោះ MINERVA-II2 នឹងឆ្ពោះទៅកាន់អាចម៍ផ្កាយនោះនៅឆ្នាំក្រោយ។

ម៉្យាងវិញទៀត នៅឆ្នាំ២០១៩ Hayabusa-2 ក៏នឹងបញ្ជូនម៉ាស៊ីនមួយទៅបំបុកផ្ទៃរបស់អាចម៍ផ្កាយ Ryugu ផងដែរ ដើម្បីបង្កើតជារណ្តៅសម្រាប់ឲ្យយាននេះ ចុះទៅប្រមូលគំរូតាងនៅទីនោះផ្ទាល់តែម្តង ហើយគំរូតាងទាំងអស់នោះ នឹងត្រូវនាំយកមកកាន់ផែនដីវិញ នៅខែធ្នូ ឆ្នាំ២០២០ ប្រសិនបើអ្វីប្រព្រឹត្តទៅយ៉ាងរលូន តាមការគ្រោងទុកទាំងអស់។

ងាកមកកាន់សំនួរយើងវិញថា តើអាចម៍ផ្កាយ Ryugu អាចគំរាមកំហែងផែនដីដូចម្តេចនោះ? ចម្លើយគឺដោយសារតែអាចម៍ផ្កាយនេះមានទំហំធំ និងស្ថិតនៅគន្លងគោចរនៅកៀកភពផែនដី នៅក្នុងស្ថានភាពមិននឹងនរនោះឡើយ។ ជាក់ស្តែងនៅក្នុងខែមេសា ឆ្នាំ២០២៩ ខាងមុខនេះ Ryugu ត្រូវបានក្រុមតារាវិទូព្យាករណ៍ថា នឹងគោចរមកកៀកភពផែនដីបំផុតក្នុងរយៈចម្ងាយតែជាង ៣០,០០០គីឡូម៉ែត្រប៉ុណ្ណោះ ដែលវាជិតចម្ងាយរវាងព្រះច័ន្ទ និងផែនដីរហូតដល់ទៅ ១០ដង។ ដូច្នេះវាពិតជារឿងគ្រោះថ្នាក់បំផុតមួយ ដែលយើងមិនអាចមើលរំលងនោះ៕

