NASA ស្រង់ស្ថិតិប្រិយមិត្ត៖ «តើ​ចង់ឲ្យយានអវកាស Juno ថតរូបត្រង់​ចំណុចណា​នៃភព​ព្រហស្បតិ៍?»

507

(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស NASA បានអនុញ្ញាត​ឲ្យអ្នក​ដែលមាន​ចំណូលចិត្ត​ខាងផ្នែក​វិទ្យាសាស្រ្ត​ទាំងអស់ អាចជួយ​ផ្តល់ជា​គំនិត​យោ​បល់​នៅក្នុងការ​សម្រេចចិត្ត​ថា​ តើយាន​អវកាស Juno គួរតែផ្តិត​យករកភាព​បែបណា​នៅអំឡុង​ការហោះ​ឆ្វែលសាជាថ្មី​ម្តងទៀត​ទៅកៀក​​នឹង​ភពព្រហស្បតិ៍ (Jupiter)។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​គេហទំព័រ​វិទ្យាសាស្រ្ត Space.com នៅមុន​នេះ​​បន្តិច​នា​រសៀល​​ថ្ងៃ​ចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។


អ្វីបំពាក់នៅ​លើយានអវកាស​ជូណូ (Juno) គឺជាឧបករណ៍​មួយមានឈ្មោះថា «ជូណូឃែម (JunoCam)» ដែលនាពេល​កន្លងមកនេះ​បានថត​យករូបភាព​ដ៏ល្អប្លែក​ និងអស្ចារ្យជា​ច្រើនសន្លឹក​​នៃផ្ទៃបរិយាកាស​ដូចខ្យល់កួច​របស់ភព​ព្រហស្បតិ៍។ រូបភាពដើម​ពីកាមេរ៉ា JunoCam ​ត្រូវ​បានបង្ហោះ​ចូលទៅក្នុង​វែបសាយ​នៃគំរោង​នេះ ហើយអ្នករាល់​គ្នាអាចទាញ​យក​ និងបំលែងរូបភាព​ទាំងនោះតាមការ​ចង់បាន​របស់​ពួក​គេ​​រៀងៗ​​ខ្លួន ដោយរូបភាព​ដែលបំលែង​រួចមានតាំងពី​បែបវិទ្យាសាស្រ្ត​ដល់បែប​សិល្បៈ។

គំរោង JunoCame ជាចម្បង​ផ្តោតសំខាន់​ទៅលើការ​បើកទូលាយ ដែលសំដៅ​អនុញ្ញាត​ឲ្យសាធារណជន​ចូលរួមតាម​រយៈទិដ្ឋភាព​យ៉ាងច្រើន​នៅក្នុង​បេសកកម្ម​រុករកនាទីអវកាស​នេះ។ ម៉្យាងវិញ​ទៀត​ពួកគេ​ក៏អាចផ្តល់​ជាគំនិត​ក៏ដូចជាមតិយោបល់​អំពី ថា​តើកាមេរ៉ា JunoCam គួរ​តែ​ផ្តិត​យករូបភាព​យ៉ាងដូចម្តេច នៅអំឡុង​ការហោះឆ្វែល​ទៅកៀក​នឹងភពព្រហស្បតិ៍​នាពេល​បន្ទាប់។ ក្រោយមក​សមាជិក​ដទៃទៀត​​អាច​បោះ​ឆ្នោតទៅលើ​សំណើ​ទាំងនោះ ហើយក្រុម​ការងារ​របស់ JunoCam នឹងជ្រើសរើស​គោលដៅ​ចុងក្រោយ​ដោយយោង​តាមសំឡេង​គាំទ្រ។

គួរបញ្ជាក់ថា​បច្ចុប្បន្ននេះ​យានអវកាស Juno ដែលកំពុងវិលជុំវិញ​ភពព្រហស្បតិ៍នោះនឹងធ្វើ​ដំណើរ​​ទៅ​កៀក​​ដើម្បីហោះឆ្វែល​ភពឧស្ម័ន​​​យក្សមួយនេះ​ នៅថ្ងៃទី២៧ ខែមីនា ហើយតាំង​ពីដើម​មកពុំមាន​យានស្រាវជ្រាវ​មួយ​ណា​នៅក្នុងប្រវត្តិសាស្រ្ត​ ធ្លាប់បាន​ធ្វើដំណើរ​ទៅកៀក​នឹងភពឧស្ម័នយក្ស​មួយនេះឡើយ៕

480×240 Banner