ដំណឹងល្អ! «រដ្ឋបាលអាមេរិក ព្រមបើកភ្លើងខៀវឲ្យអង្គការ NASA បញ្ជូនមនុស្សទៅភពអង្គារ នៅឆ្នាំ២០៣៣!»

416

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលា​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន) បានចុះហត្ថ​លេខា​លើសេចក្តីព្រាង​មួយ ដែលកំណត់​គោលដៅ​សម្រាប់​ទីភ្នាក់ងារ​អវកាស NASA នៃប្រទេស​មហាអំណាច​ពិភពលោក​មួយនេះ ធ្វើ​​យ៉ាងណា​​បញ្ជូន​ក្រុមអវកាសយានិក​ទៅកាន់ភពអង្គារ​ ឲ្យបាននៅក្នុង​ឆ្នាំ២០៣៣។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។

យោងតាម​សេចក្តីរាយការណ៍​របស់ក្រុមអ្នកកាសែត​ប្រចាំនៅ​សេតវិមាន លោក ដូណាល់ ត្រាំ បានថ្លែងថា «សេចក្តីព្រាង​នេះបានធានា ​និងបញ្ជាក់​កាន់តែ​ច្បាស់អំពី​ការប្តេជ្ញា​ដ៏មុតមាំ​នៃជាតិ​យើង​ ចំពោះបេសកកម្ម​ស្នូលដ៏សំខាន់​របស់​អង្គការ NASA។ វាគាំទ្រ​ដល់បេសកកម្ម​​រុករក​ទីអវកាស​របស់ NASA រួមមាន​ការអភិវឌ្ឍ​គ្រាប់រ៉ុក្កែត​ និងបេសកកម្ម Orion ជាដើម… វាធ្វើឲ្យ​វិស័យវិទ្យាសាស្រ្ត​ទីអវកាស​​តាមរយៈ​ការរក្សា​តុល្យភាព​នៃបេសកកម្ម​ និងសកម្មភាព​មួយចំនួនក្នុងការរុករក​ ព្រមទាំងស្រាវជ្រាវប្រព័ន្ធព្រះអាទិត្យ​ក៏ដូចជា​ចក្រវាឡ​ទាំងមូល»។

នៅក្រោមសេចក្តី​ព្រាង​ខាងលើនេះ ទីភ្នាក់ងារ​អវកាស NASA ត្រូវបានបង្គាប់​ឲ្យធើ្វការអភិវឌ្ឍ​បន្ថែមកាន់​ខ្លាំងទៀត​ទៅលើ​ការស្រាវជ្រាវ​ក្នុងទីអវកាស​ដោយប្រើប្រាស់​មនុស្ស រួមមាន​ទាំងការ​តាំងទីលំនោះ​របស់មនុស្ស​លោក​យើងនៅលើ​ភពដទៃ​ទៀត និងការបង្កើន​សេដ្ឋកិច្ច​តាមរយៈវិស័យ​លំហអាកាស​នៅក្នុងសតវត្សរ៍ទី២១នេះ។ ម៉្យាងវិញទៀត​វាក៏តម្រូវឲ្យ NASA អភិវឌ្ឍន៍​គំរោងគោលដៅ​វែងឆ្ងាយ​មួយ​​​ស្តីពីការបញ្ជូនក្រុមអវកាសយានិកទៅក្បែរ ឬទៅជាន់ផ្ទៃ​របស់ភពអង្គារ​នៅអំឡុង​ឆ្នាំ២០៣០​ ទៅ២០៣៩ផងដែរ ហើយវា​បានទាមទារ​ឲ្យ​​ទីភ្នាក់ងារ​អវកាស​នេះ ឲ្យធ្វើយ៉ាងណា​ចេញបេសកកម្ម​នេះឲ្យបាន​នៅក្នុង​ឆ្នាំ២០៣៣។

គួរបញ្ជាក់ថា​សេចក្តីព្រាងដែល​មានឈ្មោះថា NASA Transition Authorization Act នឹងផ្តល់កញ្ចប់​ថវិកាចំនួន​១៩.៥ពាន់លានដុល្លារ​​​សម្រាប់ការ​ចំណាយរបស់​អង្គការ NASA នៅក្នុងឆ្នាំ២០១៧៕

480×240 Banner