អាចទៅរួចដែរ? ស្គែនកាឡាក់ស៊ី Andronmeda ដែលនៅជិតយើងជាងគេ ដើម្បីរកជីវិតអេលៀន?
(អាមេរិក)៖ យុទ្ធនាការមានឈ្មោះថា Trillion Planet Survey ប្រកបដោយមហិច្ឆតា បានចាប់ផ្តើមធ្វើការស្គែនទៅលើកាឡាក់ស៊ីធំមួយឈ្មោះថា Andromeda នៅចម្ងាយ២.៥លានឆ្នាំពន្លឺ ព្រមទាំងកាឡាក់ស៊ី Milky Way របស់យើងផ្ទាល់ ដើម្បីស្វែងរកវត្តមាននៃកាំរស្មីពន្លឺ ដែលទំនងអាចផលិតឡើងដោយពពួកអេលៀន ដែលមានអរិយធម៌ជឿនលឿនណាមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅយប់ថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។

ការដាក់ឈ្មោះបែបនេះឲ្យគម្រោងខាងលើ គឺដោយសារតែតាមពិតទៅ កាឡាក់ស៊ី Andromeda គឺជាទីជម្រកនៃផ្កាយប្រហែល០១ពាន់លានដួង ហើយផ្កាយទាំងនោះ ត្រូវគេយល់ឃើញជាទូទៅថា មានផ្ទុកភពយ៉ាងហោចណាស់មួយ គិតជាមធ្យម។ ការសង្កេតទីអវកាសនេះ នឹងប្រព្រឹត្តទៅតាមរយៈបណ្តាញតេឡេស្កូប ដែលប្រតិបត្តិការដោយអង្គការ Las Cumbres Observatory។

គួរជម្រាបថា បើតាមប្រធានស្រាវជ្រាវនៃគម្រោងខាងលើ ដែលជានិស្សិតនៃសាកលវិទ្យាល័យ Emory ក្នុងក្រុង Atlanta នៃប្រទេសហ្សកហ្ស៉ី ជាដំបូងនោះ គឺជាពួកគេធ្វើការសន្និដ្ឋាន ក្នុងទីអវកាសពិតជាមានជីវិតឆ្លាតវៃ ដែលមានអរិយធម៌ប្រហាក់ប្រហែលនឹងយើង កំពុងព្យាយាមបាញ់បញ្ជូនសញ្ញានៃវត្តមានរបស់ពួកគេ តាមរយៈការប្រើប្រាស់កាំរស្មីពន្លឺអុបទិច។

ការសន្និដ្ឋានទីពីរ គឺប្រភេទកាំរស្មីនេះ ជាប្រភេទដែលពួកគេអាចចាប់សញ្ញាបាន ហើយការសន្និដ្ឋានចុងក្រោយ គឺពន្លឺនោះអាចផ្តល់ពេលវេលាគ្រប់គ្រាន់ ដើម្បីឲ្យចាប់សញ្ញាបានដោយពួកគេ។ ទោះបីជាគំរោងខាងលើនេះ អាចលេចចេញជាសញ្ញាណាមួយ ក៏ដោយ ក៏ចម្ងាយ ២.៥លានឆ្នាំពន្លឺ និងស្ថិតនៅកាឡាក់ស៊ីផ្សេង ពិតណាស់គ្រាន់តែជាដំណឹងប៉ុណ្ណោះ៕

