មានតំបន់អាថ៌កំបាំងមួយជិតស្នូលផែនដី ដែលអ្នកវិទ្យាសាស្ត្រកំពុងការសិក្សា ដើម្បីបកស្រាយការពិត…
(អាមេរិក)៖ តំបន់ដ៏ចម្លែកមួយចំនួន នៅកប់យ៉ាងជ្រៅក្នុងស្រទាប់ផែនដី អាចជារ៉ែដែលបន្សល់ទុកដោយមហាសមុទ្រម៉ាកម៉ា (Magma) កាលពីសម័យបុរាណ ដែលបានកកើតឡើងដោយសារការប៉ះទង្គិចគ្នាដ៏កក្រើកមួយរវាងភពផែនដីក្មេង និងវត្ថុអវកាសដ៏ធំមហិមា ដែលបានផ្តល់កំណើតឲ្យព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Spaceនៅព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

តំបន់ទាំងនោះដែលគេហៅថា Ultralow Velocity Zone មានទីតាំងស្ថិតនៅជម្រៅយ៉ាងជ្រៅក្នុងស្រទាប់ផែនដី ដែលកៀកនឹងស្នូលតែម្តង។ តំបន់នោះត្រូវបានគេស្គាល់ ដោយសារនៅពេលដែលរលករំញ័រ Seismic Waves បង្កឡើងដោយបាតុភូតរញ្ជួយដី ធ្វើដំណើរឆ្លងកាត់ពួកវា រលករំញ័រទាំងមានការប្រែប្រួលគួរឲ្យកត់សម្គាល់។

ប្រការនេះបានបង្ហាញថា តំបន់ទាំងនោះហាក់ដូចមានភាពខុសប្លែកពីផ្នែកដទៃៗទៀតនៃស្រទាប់ផែនដី ប៉ុន្តែពុំមាននរណាដឹងច្បាស់លាស់នៅឡើយទេ អំពិភាពលម្អិតនៃបាតុភូត ឬសមាសធាតុផ្សំទាំងនោះ ខណៈការសិក្សាកំពុងតែបន្តឡើងទៅមុខទៀត ដើម្បីវិភាគអំពីស្រទាប់ សមាសធាតុផ្សំ បាតុភូតរំញ័រ និងចលនាដែលអាចប្រែប្រួលឥតឈប់ឈរដែលស្ថិតនៅពីក្រោមជើងរបស់យើងរាល់គ្នានេះ។

បច្ចុប្បន្នការសិក្សាស្រាវជ្រាវថ្មីបានលើកឡើងថា តំបន់ទាំងនេះអាចជារ៉ែម៉្យាងដែលគេហៅថា Magnesiowustite ប្រសិនបើបែបនេះមែននោះ វត្តមានរបស់វាប្រហែលជាអាចផ្តល់តំរុយ អំពីអតីតមហាសមុទ្រភ្លើងម៉ាក់ម៉ាមួយ ដែលទំនងជាធ្លាប់មានវត្តមានកាលពី ៤.៥ពាន់លានឆ្នាំមុន នៅពេលវត្ថុដ៏ធំសម្បើមមួយ (ទំហំប៉ុនភពអង្គារ) បានបកបុកចំផែនដី ដែលរហូតដល់បង្កើតចេញពីឋានព្រះច័ន្ទ ហើយហេតុការណ៍នោះ ប្រហែលជាបានធ្វើឲ្យរលាយផ្នែកមួយចំនួនធំនៃភពរបស់យើងថែមទៀត។

គួរជម្រាបថា ស្រទាប់ផែនដីមានកម្រាស់ប្រហែល ២,៩០០គីឡូម៉ែត្រ ហើយតំបន់ Ultralow Velocity Zone មានកម្រាស់ និងទំហំមិនដល់ ១០០គីឡូម៉ែត្រនោះឡើយ ហើយពួកវាតែងបន្ថយល្បឿនរលករំញ័រ ដែលធ្វើដំណើរឆ្លងកាត់ពួកវាពី ៣០ ទៅ ៥០ភាគរយ៕

