ស្រង់ស្ថិតិបន្តិច! ក្រុមអ្នកវិទ្យាសាស្ត្រ «ចង់បញ្ចូលភ្លុយតូ ទៅជាភពទី៩ឡើងវិញ» តើបងប្អូនគាំទ្រឬទេ?
(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុម ដែលកំពុងព្យាយាមធ្វើការប្រែក្លាយភ្លុយតូ (Pluto) ទៅជាភពពេញសិទ្ធិឡើងវិញនោះ បានចាប់ផ្តើមយុទ្ធនាការមួយនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ដើម្បីពង្រីកវិសាលភាពនៃការចាត់ថ្នាក់របស់ភព ដែលបានបណ្តាលឲ្យ Pluto ធ្លាក់ថ្នាក់ទៅជា «ភពមិនពេញលក្ខណៈ ឬកូនភព (Dwarf Planet)» កាលពីជាង១០ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
អ្នកវិទ្យាសាស្រ្តចំនួន ០៦រូបមកពីគ្រប់ស្ថាប័នទូទាំងសហរដ្ឋអាមេរិក បានលើកឡើងយ៉ាងទទូចថា ភ្លុយតូសាកសមនឹងទទួលនាមថា «ភពពេញលក្ខណៈមួយ» រួមជាមួយវត្ថុអវកាសប្រមាណ ១១០ ផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលមានទាំងព្រះច័ន្ទរបស់ភពផែនដីផងដែរ។ នៅក្នុងសំណើដែលត្រូវបានដាក់បង្ហាញក្នុងសន្និសីទ ស្តីពីវិទ្យាសាស្រ្តភពអន្តរជាតិនៅរដ្ឋតិចសាស់ ក្រុមអ្នកវិទ្យាសាស្រ្តទាំង ០៦នាក់បានបកស្រាយថា រូបសណ្ឋានភូមិសាស្រ្ត ដូចជាលក្ខណៈនៃរូបរាង និងស្រទាប់ផ្ទៃ គួរតែជាកត្តាសម្រាប់កំណត់ទៅលើភព។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០០៦ សហភាពតារាសាស្រ្តអន្តរជាតិ ដែលមានភាពលំបាកក្នុងការចាត់ថ្នាក់វត្ថុអវកាសរកឃើញថ្មីនៅទីឆ្ងាយៗ និងស្រដៀងភពភ្លុយតូនោះ ក៏បានសម្រេចបង្កើតនិយមន័យមួយសម្រាប់ភពដោយផ្អែកទៅលើលក្ខណៈចំនួនបីរួមមាន ភពត្រូវមានរាងមូល, ភពត្រូវវិលជុំវិញព្រះអាទិត្យ, ហើយភពត្រូវមានលទ្ធភាពបោសសម្អាតវត្ថុដទៃផ្សេងៗទៀត នៅជុំវិញគន្លងគោចររបស់វា។ ដោយឡែកភ្លុយតូត្រូវតែពីរលក្ខណៈដំបូងប៉ុណ្ណោះ ដូច្នេះហើយក៏ត្រូវបានប្តូរមកជា «ភពមិនពេញលក្ខណៈវិញ»៕