ទីបំផុតយានអវកាស Solar Parker ហោះឆ្វែលភពសុក្រ ដើម្បីត្រៀមឆ្ពោះទៅព្រះអាទិត្យ!
(អាមេរិក)៖ យានអវកាសដែលត្រូវទៅសិក្សាពីព្រះអាទិត្យនោះ នាពេលនេះ បានធ្វើដំណើរឆ្វែលភពសុក្រ (Venus) ហើយកំពុងត្រៀមខ្លួននៅលើផ្លូវឆ្ពោះទៅក្បែរព្រះអាទិត្យជាលើកដំបូង។ នេះបើតាមការដកស្រង់ការផ្សាយចេញវែបសាយ Space នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។

ទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថា យាន Parker Solar Probe ទីបំផុតបានធ្វើការហោះឆ្វែលភពសុក្រ ជាលើកដំបូងនៅចម្ងាយ ២,៤០០គីឡូម៉ែត្រ តាមការគ្រោងទុក។ ការហោះឆ្វែលភពសុក្របែបនេះ នឹងត្រូវប្រព្រឹត្តទៅ ០៦លើកទៀត ក្នុងអំឡុងពេលជិត ០៧ឆ្នាំ ដើម្បីបង្រួញគន្លងធ្វើដំណើររាងពងក្រពើសរុបចំនួន ២៤ជុំ របស់យាន Parker Solar Probe នៅជុំវិញព្រះអាទិត្យឲ្យកាន់តែតូចទៅៗ។ សម្រាប់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តវិញ នឹងប្រព្រឹត្តទៅនាអំឡុងពេលប៉ុន្មានឆ្នាំនោះ ដោយផ្តោតសំខាន់លើរយៈពេលដែលយានអវកាសនេះ នៅកៀកនឹងព្រះអាទិត្យបំផុត។

គួរជម្រាបថា បន្ទាប់ពីវាត្រូវបានបាញ់បង្ហោះចេញពីផែនដីកាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ ការជួបមុខគ្នាលើកដំបូងរវាងព្រះអាទិត្យ និងយាន Parker Solar Probe នឹងកើតមានឡើងយៈពេល ១២ថ្ងៃ ចាប់ថ្ងៃទី៣១ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកាក្នុងរយៈចម្ងាយ ៤៣លានគីឡូម៉ែត្រពីគ្នា ដែលជាការបំបែកកំណត់ត្រាចាស់របស់យាន Helios 2 កាលពីឆ្នាំ១៩៧៦ ដែលជាកិច្ចប្រឹងប្រែងរួមរវាងអាមេរិកនិងអាល្លឺម៉ង់។ ចំណែកការជួបមុខគ្នាចុងក្រោយ នៅឆ្នាំ២០១៥ វិញនោះ យាន Parker Solar Probe នៅទៅក្រឡឹងផ្កាយរបស់ផែនដី ក្នុងចម្ងាយត្រឹម៦.៦១លានគីឡូម៉ែត្រប៉ុណ្ណោះពីផ្ទៃដុំបាល់ភ្លើងយក្សនោះ។

ការបញ្ជូនយានទៅកៀកព្រះអាទិត្យបំផុតមិនធ្លាប់មាន (ក្នុងគម្លាតជាង ៦លានគីឡូម៉ែត្រ) គឺជាលើកដំបូងបំផុត និងគួរឲ្យរំភើបនឹកស្មានមិនដល់ផងដែរ ប៉ុន្តែបេសកកម្មដ៏ធំរបស់អង្គការ NASA មួយនេះ ពិតជាមានភាពវិសេស និងអស្ចារ្យ លើសពីរូបភាពដែលបានបង្ហាញកន្លងមកនោះទៅទៀត។

ក្រុមការងារគ្រប់គ្រងបេសកកម្មនៃយាន Solar Parker Probe បានឲ្យដឹងថា យានដែលអាចតស៊ូកម្តៅរាប់ពាន់រាប់ម៉ឺនអង្សាពីព្រះអាទិត្យនេះ គឺនឹងធ្វើការសិក្សាអំពីស្ថានភាពទូទៅនៃព្រះអាទិត្យ ដែលជាតំរុយដ៏សំខាន់បំផុត អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រឈានទៅវិភាគដឹង អំពីវត្តមានជីវិតអេលៀន (Alien) នៅបណ្តាភពផ្សេងៗ ដែលមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យយើង។

បន្ថែមពីខាងលើនេះ លោកស្រី Evgenya Shkolnik ជាអ្នកវិទ្យាសាស្ត្រ, តារាវិទូ និងភពសាស្ត្រ ប្រចាំនៅសាកលវិទ្យាល័យរដ្ឋ Arizona ធ្លាប់បានលើកឡើងថា «យើងអាចសិក្សាអ្វីៗច្រើនណាស់ពីព្រះអាទិត្យរបស់យើង និងជាពិសេសទៅលើផ្កាយផ្សេងៗទៀត ដែលមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យរបស់យើងនេះតែម្តង។ បន្ថែមពីនេះយើងចង់សិក្សាឲ្យកាន់តែច្បាស់អំពីភាគល្អិត ថាមពលហ្វូនថុន (photons) ឬមួយភាគល្អិតនៃពន្លឺ ដែលផ្កាយនានាផលិតចេញមក។ វាពិតជាស្មុគស្មាញខ្លាំងណាស់ នៅក្នុងការស្វែងយល់វត្ថុធាតុទាំងនេះ ដែលត្រូវបានជះដោយតារាទាំងនោះ ទៅលើភពនានារបស់ពួកវា…»។

តាមពិតទៅគ្រប់គ្នាបានដឹងអំពីភាគគ្រោះថ្នាក់នៃភាគល្អិត និងថាមពលហ្វូនថុន ជះចេញពីតារានិមួយៗ ដូចជាភពអង្គារដែលបានរងគ្រោះរាប់ពាន់លានឆ្នាំមកហើយ រហូតក្លាយជាភពស្លាប់ ប៉ុន្តែដោយសារតែផែនដីមានដែនម៉ាញេទិចដ៏ខ្លាំងក្លា និងបរិយាកាសដ៏ក្រាសនោះ ទើបថាមពលអាក្រក់ៗទាំងអស់នេះមិនអាចយាយីជីវិតនានានៅលើភពបៃតងរបស់យើងបាន។

ដូច្នេះការសិក្សាដឹងអំពីភាគល្អិត និងហ្វូថុនរបស់ព្រះអាទិត្យយើង គឺមានផលប្រយោជន៍នៅក្នុងការសិក្សាដឹងអំពីថាមពលដូចគ្នានៅផ្កាយផ្សេងៗ ដែលមានជម្រកនៃភពស្ថិតក្នុងគន្លងត្រឹមត្រូវដូចផែនដី ឬមួយក៏អាចល្អៀងគ្នាបន្តិចបន្តួចក៏បានដែរ។ កន្លងមកភពអេលៀនដែលចាត់ទុកថា មានគន្លងត្រឹមត្រូវ (Habitable Zone) គឺត្រូវបានយកគំរូតាម គម្លាតនៃគន្លងគោចររវាងផែនដី និងព្រះអាទិត្យ ព្រមទាំងទំហំនៃភព និងកម្រិតនៃពន្លឺចេញពីផ្កាយមេនោះថែមទៀត។

គួរបញ្ជាក់ថា ការសិក្សាអំពីរូបធាតុខាងលើនេះ គឺនឹងពិបាកនៅពេលដែលផែនដី ឬយាននានាស្ថិតនៅឆ្ងាយពីព្រះអាទិត្យខ្លាំងពេក ដូច្នេះទើបយាន Solar Parker ត្រូវបានផលិតជាមួយខែលការពារ ដែលអាចចូលទៅកៀកព្រះអាទិត្យបំផុតនៅក្នុងរយៈចម្ងាយតែជាង ៦លានគីឡូម៉ែត្រប៉ុណ្ណោះ ដែលចម្ងាយនេះស្ទើរតែគ្មាននរណាជឿនោះឡើយថា អាចមានវត្ថុធាតុណាមួយទ្រាំទ្ររួច នឹងកម្តៅដ៏មហិមានោះណាស់។

ដូច្នេះប្រយោជន៍ធំធេងរបស់វា គឺសិក្សាដឹងអំពីថាមពលទាំងល្អ និងអាក្រក់ចេញពីព្រះអាទិត្យយើងឲ្យបានច្បាស់ជាងមុន រួចបន្ទាប់មកគេនឹងយកលទ្ធផលទាំងនេះ ដើម្បីវិភាគទៅលើតារានានាដែលគេសង្ស័យថា មានភពគោចរនៅជុំវិញតារាទាំងនោះ ដែលអាចកំពុងលាក់ជីវិតក្នុងទម្រង់ណាមួយ បន្ថែមពីលើការសិក្សាស្រាវជ្រាវ ដោយប្រើប្រាស់កែវយឺតអវកាសនានាដូចជា Kepler ឬក៏ James Webb ដែលបីឆ្នាំទៀតនឹងត្រូវបាញ់បង្ហោះនោះជាដើម៕

