រង់ចាំទស្សនាភាពយន្តវិទ្យាសាស្ត្រ Replicas ស្តីពីការជួយឲ្យមនុស្សស្លាប់ហើយឲ្យរស់ឡើងវិញ!
(អាមេរិក)៖ តើយើងទាំងអស់គ្នាមានធ្លាប់ឆ្ងល់ដែរទេថា ការវះកាត់ផ្លាស់ប្តូរស្មារតីរបស់មនុស្ស (Human Consciousness) ដូចនៅក្នុងភាពយន្តវិទ្យាសាស្រ្តបែបស្រមើស្រមៃនោះ បានចាប់ផ្តើមឡើងពីដំបូងដោយរបៀបណា ខណៈខ្សែភាពយន្តលក្ខណៈប្រឌិតបែបវិទ្យាសាស្ត្រ (Sci-Fi) មួយដែលនឹងត្រូវបញ្ចាំងក្នុងរោងភាពយន្ត នាពេលឆាប់ៗខាងមុខ នឹងផ្តោតទៅលើចម្ងល់នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

ខ្សែភាពយន្តខាងលើមានឈ្មោះថា «Replicas» ដែលមានន័យថា វត្ថុចម្លង និងជាស្មាដៃផលិតថ្មី របស់តារាភាពយន្តហូលីវូដដ៏ល្បីម្នាក់របស់អាមេរិក គឺលោក គានូ វីវែស (Keanu Reeves) ហើយបន្ទាប់ពីស្ងាត់ដំណឹងមួយរយៈ ខ្សែភាពយន្តនេះ ទើបតែបញ្ចេញឃ្លីប Trailer ថ្មីមួយទៀត។

សម្រាប់ខ្លឹមសារសង្ខេបនៃសាច់រឿងទាំងមូល គឺលោក Reeves នឹងដើរតួជាអ្នកវិទ្យាសាស្រ្តម្នាក់ ដែលព្យាយាមធ្វើពិសោធន៍ឲ្យគ្រួសាររបស់លោកមានជីវិតរស់ឡើងវិញ បន្ទាប់ពីពួកគេបានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាចម្លង (Replication Technology)។

គួរជម្រាបថា បើតាមវែបសាយព័ត៌មានភាពយន្ត IMDb ខ្សែភាពយន្ត Replicas នឹងត្រូវចាប់បញ្ចាំងនៅតាមប្រទេសមួយចំនួននៅចុងឆ្នាំនេះ ហើយអ្នកដែលចូលចិត្ត និងចង់ស្វែងយល់អំពីវិទ្យាសាស្ត្រ-វេជ្ជសាស្ត្រ ពិតជាអាចទស្សនាបាននៅពេលឆាប់ៗ ខណៈដែលមូលហេតុចម្បងនៃការទស្សនារឿងនេះ គឺតើធ្វើម្តេចទៅទើបអាចព្យាបាលឲ្យមនុស្សស្លាប់ហើយ អាចរស់ឡើងវិញបាន?

