ស្ងាត់ៗអឺរ៉ុបបាញ់យានផ្ទុកផ្កាយរណបពីរគ្រឿង ដែលនឹងហោះទៅភពពុធនៅឆ្នាំ២០២៥ (រូបភាពខាងក្នុង)
(ប៉ារីស)៖ យានអវកាស ប៊េប៊ីកូឡុំបូ (BepiColombo) ដែលជាបេសកកម្មរួមគ្នាលើកដំបូង រវាងទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារជប៉ុន JAXA ដើម្បីឆ្ពោះទៅកាន់ភពពុធ (Mercury) នោះ ទីបំផុតត្រូវបានបញ្ជូនឡើងទៅកាន់ទីអវកាសដោយជោគជ័យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។

យានអវកាសខាងលើនេះ ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានរបស់អឺរ៉ុប ក្នុងសហគមន៍ គួរួ (Kourou) នៅតំបន់រដ្ឋបាលបារាំង (French Guiana) ដែលស្ថិតនៅខាងភាគជើងនៃទ្វីបអាមេរិកខាងត្បូង នាវេលាព្រឹកថ្ងៃសៅរ៍នេះ។ បេសកកម្មនេះមានផ្កាយរណប ០២គ្រឿង ដែលនឹងជួយគ្នាធ្វើការវាស់វែងទៅលើបរិស្ថានរបស់ភពពុធក្នុងពេលព្រមគ្នាតែម្តង។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រយាន BepiColombo ត្រូវគេរំពឹងថា នឹងទៅដល់ភពពុធនៅចុងឆ្នាំ២០២៥ ហើយនឹងត្រូវធ្វើប្រតិបត្តិការនៅគន្លងរបស់ Mercury សម្រាប់រយៈពេលយ៉ាងហោចណាស់ក៏ ១២ខែដែរ ខណៈដែលភពពុធមាចម្ងាយ ៥៨លានគីឡូម៉ែត្រពីព្រះអាទិត្យ និងបច្ចុប្បន្នវាមានចម្ងាយ ៧៧លានគីឡូម៉ែត្រពីផែនដី។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានបញ្ជូនយានស្រាវជ្រាវចំនួន ០២គ្រឿង ទៅកាន់ភពពុធ (Mercury)។ មួយគ្រឿងដំបូងឈ្មោះ Mariner 10 បានធ្វើការហោះឆ្វែលជាដដែលៗចំនួនប៉ុន្មានលើក កាលពីទសវត្សរ៍ទី៧០។ យានបន្ទាប់ទី០២ កាលពីប៉ុន្មានឆ្នាំមុន បានឈានដល់ទីបញ្ចប់នៃការបំពេញបេសកកម្មរបស់វា ហើយទម្លាក់ខ្លួនកម្ទេចចោល នៅលើផ្ទៃរបស់ភពពុធដូចទៅនឹងអ្វីដែលយាន Cassini នៅភពសៅរ៍ (Saturn) បានធ្វើដែរ ដោយវាមានឈ្មោះថា បេសកកម្ម MESSENGER។

យាន MESSENGER បានរកឃើញរឿងចម្លែកៗសឹងតែគ្រប់បែបយ៉ាង ស្តីអំពីភពពុធ ដោយក្នុងនោះមានតាំងពីផ្ទាំងទឹកក ដែលអាចរក្សាវត្តមាននៅលើភពនេះបាន ជាមួយនិងស៊ីតុណ្ហភាពដ៏ក្តៅបំផុត នៃផ្ទៃរបស់វា។ MESSENGER ក៏បានរកឃើញសមាសធាតុកាបូនដ៏ចម្លែក, សារធាតុកាល់ស្យូមដ៏ក្រាស់ខុសពីធម្មតា នៅផ្នែកយប់នៃភពនេះ, ព្រមទាំងដែនម៉ាញេទិចដ៏ខុសប្លែកមួយ និងរឿងជាច្រើនផ្សេងទៀតផងដែរ។

ភពពុធពុំមែនជាទីកន្លែង ដែលងាយស្រួលនឹងទៅដល់ឡើយ ដោយយាន MESSENGER ត្រូវចំណាយពេលធ្វើការហោះឆាប Flyby ដល់ទៅ ០៣លើក ដើម្បីអាចបង្អង់ល្បឿនរបស់វាបានគ្រប់គ្រាន់ ក្នុងការចូលទៅធ្វើគោចរនៅក្បែរ Mercury ហើយម៉្យាងវិញទៀត វាគឺជាបរិស្ថានក៏ដូចជាបរិយាកាសដ៏លំបាកមួយ ដោយសារតែវាហាក់ដូចជាអ្នកដុតនិងបង្កកយានអវកាសរបស់អ្នកចុះឡើងៗអីចឹង នៅទីនោះ ដែលជារឿងមិនល្អប៉ុន្មានឡើយ សម្រាប់គ្រឿងអេឡិចត្រូនិច។

ស្វែងយល់បន្ថែម៖ ភពពុធជាភពទី ១ ក្នុងប្រព័ន្ធព្រះអាទិត្យ និងមានចម្ងាយពីព្រះអាទិត្យ ៥៨លានគីឡូម៉ែត្រ ដោយប្រើពេលគោចរមួយជុំវិញតែ ៨៨ថ្ងៃប៉ុណ្ណោះ (ផែនដី ៣៦៥ថ្ងៃ)។ ភពនេះមានលក្ខណៈស្ទើរតែទាំងស្រុង ស្រដៀងនឹងព្រះច័ន្ទរបស់យើង (គ្មានបរិយាកាស គ្មានកម្លាំងទំនាញ និងផ្ទៃពណ៌សៗដូចផេះ)។ ទោះបីស្ថិតនៅជិតព្រះអាទិត្យជាងគេក្តី តែវាក៏មិនក្តៅជាងគេនោះដែរ (ភពសុក្រក្តៅជាង) ដោយកម្តៅលើផ្ទៃចំពោះមុខព្រះអាទិត្យជាង ៤០០អង្សាសេ ខណៈផ្ទៃមួយផ្នែកដែលងងឹត មានសីតុណ្ហភាពដករាប់រយអង្សាសេឯណោះ៕

